ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ថ្ងៃអាទិត្យ ទី​១​សីហា ចាប់ផ្តើម​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កុមារ និង​យុវវ័យ អាយុពី ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ នៅ​ភ្នំពេញ កណ្តាល ព្រះសីហនុ និង​កោះកុង​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ផែនការ​លម្អិត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​កុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ដោយ​អនុវត្ត​នូវ «​យុទ្ធសាស្ត្រ​ផ្កា​រីក​»…

​ភ្នំពេញ​៖ ផែនការ​លម្អិត​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដល់​កុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ដោយ​អនុវត្ត​នូវ «​យុទ្ធសាស្ត្រ​ផ្កា​រីក​» របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចាប់​ផ្តើមចេញពី​រាជធានី​ភ្នំពេញ ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ នេះ​តទៅ​។ នេះ​បើតាម​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស​។

​សេចក្តីប្រកាស ចុះ​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០២១ លើកឡើងថា នាឱកាស​ព្រឹក​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ ខាងមុខនេះ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុងឱកាស​ប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​កុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល នៅ​វិមាន​សន្តិភាព នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​សេចក្តីប្រកាស​បន្តថា យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​កុមារ និង​យុវវ័យ អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ នឹង​បើក​យុទ្ធនាការ នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ ចេញពី​រាជធានី​ភ្នំពេញ និង​បន្តបន្ទាប់​នៅ​ខេត្តកណ្ដាល ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​។ នៅ​ភ្នំពេញ ត្រូវបាន​គណៈកម្មការ​ចំពោះ​កិច្ច​រៀបចំ​ចាត់ចែង កាលបរិច្ឆេទ ពេលវេលា និង​ទីតាំង​ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ ជា​កូនចៅ​ឥស្សរជន ដែលមាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី ឬ​មាន​ឋានៈ​ស្មើ រហូតដល់​មន្ត្រីរាជកា​រ និង​មន្ត្រី​ជាប់កិច្ចសន្យា បម្រើការ​នៅ​ថ្នាក់ជាតិ កូនចៅ​អ្នកឧកញ៉ា និង​កូនចៅ​របស់​មន្ត្រីការទូត មន្ត្រី​អង្គការសហប្រជាជាតិ តំណាង​ហិរញ្ញវត្ថុ​អន្តរជាតិ អង្គការ​អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និង​កូនចៅ​អ្នកសារព័ត៌មាន​។​

​សេចក្តីប្រកាស ក៏បាន​បង្ហាញ​លម្អិត​ពី​កាលបរិច្ឆេទ ពេលវេលា និង​ទីតាំង ចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ ជា​កូនចៅ​ឥស្សរជន ដែលមាន​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី ឬ​មាន​ឋានៈ​ស្មើ រហូតដល់​មន្ត្រីរាជកា​រ និង​មន្ត្រី​ជាប់កិច្ចសន្យា បម្រើការ​នៅ​ថ្នាក់ជាតិ ដែលមាន​អាយុ​ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ គឺ​ត្រូវបាន​បែងចែក​តាម​ក្រសួង និង​ស្ថាប័ន ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ៨​ព្រឹក​-១១​ព្រឹក និង​ពេល​រសៀល ចាប់ពី​ម៉ោង ២-៥​ល្ងាច​។

​រីឯ​ទីតាំង​ចាក់​វ៉ាក់សាំង សម្រាប់​កូនចៅ​របស់​ឥស្សរជន ឧបនាយករដ្ឋមន្ត្រី ឬ​មាន​ឋានៈ​ស្មើ រហូតដល់​មន្ត្រីរាជកា​រ និង​មន្ត្រី​ជាប់កិច្ចសន្យា បម្រើការ​នៅ​ថ្នាក់ជាតិ ធ្វើឡើង​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ នៅ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង មន្ទីរពេទ្យ​គន្ធបុប្ផា​ភ្នំពេញ (​វត្តភ្នំ​) មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ព្រមទាំង​មន្ទីរពេទ្យ​កុមារ​ជាតិ​។​

​ចំពោះ​កូនចៅ​មន្ត្រីរាជការ​ថ្នាក់ក្រោម​ជាតិ និង​កូនចៅ​របស់​ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ដែលមាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ ១៨​ឆ្នាំ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង ទាំង ៤២​ទីតាំង ក្នុង​ខណ្ឌ​ទាំង ១៤ ដែល​រៀបចំ​ចាត់ចែង​ដោយ​រដ្ឋបាល​រាជធានី​ភ្នំពេញ ហើយ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចេញ​សេចក្តីជូនដំណឹង ស្តីពី​ទីតាំង និង​កាលបរិច្ឆេទ​នៃ​ការចាក់​វ៉ាក់សាំង ទាំង​ដូ​ស​ទី​១ និង​ដូ​ស​ទី​២​។ ប៉ុន្តែ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​កុមារ និង​យុវវ័យ ដែលមាន​អាយុ​ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ ក៏​នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០២១ ផងដែរ​។​

​សេចក្តីប្រកាស លើកឡើងថា ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ជូន​កុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ត្រូវមាន​គម្លាត ២១​ថ្ងៃ​។ ដូចនេះ ចំពោះ​កុមារ និង​យុវវ័យ ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​១​រួចហើយ សូម​អញ្ជើញ​ទៅ​ចាក់​វ៉ាក់សាំង ដូ​ស​ទី​២ នៅតាម​ទីតាំង ដែល​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ កាលពី​ដូ​ស​ទី​១ នៅ​រយៈពេល ២១​ថ្ងៃ បន្ទាប់ពី​បាន​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដូ​ស​ទី​១​។​

​ចំពោះ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​កុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ដែលជា​កូនចៅ​មន្ត្រីរាជការ​ក្រោម​ឱវាទ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកណ្តាល ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង នឹងត្រូវ​រៀបចំ និង​ចាត់ចែង ដោយ​រដ្ឋបាលខេត្ត​ទាំង ៣​ខាងលើ​។ ដូចនេះ សូម​សាធារណជន ដែលមាន​កូនចៅ​រស់នៅ​ក្នុង​ខេត្ត​ទាំង ៣​នេះ សូម​រង់ចាំ​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​នូវ​ទីតាំង និង​កាលបរិច្ឆេទ នៃ​ការបើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​។​

​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង បានប្រកាស​អំពាវនាវ​ដល់​លោក​អ៊ុំ ពូ មីង ពុក ម៉ែ បងប្អូន និង​ក្មួយៗ ព្រមទាំង​កុមារ និង​យុវវ័យ មាន​អាយុ​ចាប់ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ដែល​កំពុង​រស់នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ទាំង​៣ កណ្តាល ព្រះសីហនុ និង​ខេត្តកោះកុង សូមមេត្តា​ចូលរួម ដោយ​នាំ​កូនចៅ ចៅទួត ក្មួយៗ ដែលជា​កុមារ ឬ​យុវវ័យ មាន​អាយុ​តាម​ការកំណត់​ខាងលើ មកចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ដោយ​ស្ម័គ្រចិត្ត និង​ឥតគិតថ្លៃ នៅពេល​ដល់​វេន និង​មេត្តា​អត់ធ្មត់​រង់ចាំ​នៅពេល​មិនទាន់​ដល់​វេន ដោយ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​១៩ នឹង​បន្ត​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​កូ​វីដ​១៩ ជូន​ដល់​កុមារ ដែលមាន​អាយុ​ពី ១២​ឆ្នាំ ដល់​អាយុ​ក្រោម ១៨​ឆ្នាំ ដែល​រស់នៅក្នុង​ខេត្ត​ផ្សេងៗ​ទៀត​ទាំងអស់ ក្នុងពេល​ឆាប់ៗ​នេះ​៕​