ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំលុងពេលកូវីដ ១៩ រាតត្បាត ការជួញដូរមនុស្ស អាជីវកម្មផ្លូវភេទកើនឡើង

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត…

រាជធានីភ្នំពេញ ៖ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២១ នេះ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រួមសមត្ថកិច្ចពាក់ព័ន្ធ បានតាមដានស្រាវជ្រាវ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទសរុបបាន ១៩៨ ករណីលើ ៦៣ ករណី ។ ចំនួននេះបានកើនឡើងចំនួន ១៣៥ ករណី ធៀបនឹងឆ្នាំ ២០២០ នៅក្នុងនោះបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន ២៩១ នាក់ និងបានសង្រ្គោះជនរងគ្រោះចំនួន ៧២១ នាក់ ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានឲ្យដឹងពីលទ្ធផលនៃការជូញដូរមនុស្សនៅក្នុងមួយឆមាសមកនេះ បានបញ្ជាក់បន្ថែមថា នៅក្នុងចំណោមជនរងគ្រោះដែលបានជួយសង្រ្គោះមាន អាយុក្រោម ១៥ ឆ្នាំ ៨៨ នាក់ អាយុ ១៥ ទៅ ១៧ ឆ្នាំ ៦៣ នាក់ និងអាយុពី ១៨ ឆ្នាំឡើង ៥៧០ នាក់ ដោយប្រគល់ឱ្យមន្ទីរសង្គមកិច្ច ២៥ នាក់ និងប្រគល់ឱ្យគ្រួសារ ៦៩៦ នាក់។ សម្តេចឧបនាយករដ្ឋមន្រ្តីបានឲ្យដឹងបន្តថា ដោយឡែកសមត្ថកិច្ច នៃច្រកចេញចូលតែមួយ ទទួលបន្ទុកការងារអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស បានទទួលពាក្យ និងសម្ភាសពលរដ្ឋខ្មែរ និងជនបរទេស សរុបចំនួន ២១១ គូ ដែលបានដាក់ពាក្យសុំរៀបអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ ព្រមទាំងបានទំនាក់ទំនងទៅ នារីខ្មែរ ដែលទៅរស់នៅជាមួយស្វាមីនៅក្រៅប្រទេស ក្នុងនោះសាធារណរដ្ឋកូរ៉េ ១៣ នាក់ ដើម្បីតាមដានស្ថានភាព ដែលសង្ស័យថា អាចកើតមានការជួញដូរមនុស្ស តាមរយៈការរៀបអាពាហ៍ពិពាហ៍ផងដែរ ។

សម្តេចឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍តាមបណ្តាញសង្គមផ្ទាល់ខ្លួនសម្តេចបន្តថា នៅក្នុងរយៈពេលមួយឆមាសនេះ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត បានល្បាតឃ្លាំមើលគោលដៅសង្ស័យមានសកម្មភាពអាជីវកម្មផ្លូវភេទបានចំនួន ១.០៧៤ លើក លើគោលដៅ ៣១៨ ដែលមានចំនួនមនុស្សសរុបចំនួន ១.២៤៩ នាក់ក្នុងនោះមានស្រ្តី ១.០៣៦ នាក់ និងបានធ្វើសកម្មភាពបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ តាមគោលដៅបម្រើសេវាកម្សាន្ត ដែលអាចបង្កប់សេវាផ្លូវភេទ ដោយចុះធ្វើបច្ចុប្បន្នភាពទិន្នន័យស្ថិតិ និងធ្វើកិច្ចសន្យាហាមឃាត់ ការប្រព្រឹត្តបទល្មើសសញ្ចារកម្ម និងផ្សព្វផ្សាយច្បាប់ស្ដីពី ការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិកធ្វើការក្នុងហាងម៉ាស្សា និងខារ៉ាអូខេ ។ 

សម្តេចក្រឡាហោម ស ខេង បានកោតសរសើរចំពោះកិច្ចសហការរវាងពលរដ្ឋ និងសមត្ថកិច្ច ដែលនាំដល់ការបង្រ្កាបបទល្មើសទទួលបានលទ្ធផលល្អ ។ សម្តេចបានគូសបញ្ជាក់ដូច្នេះ «ខ្ញុំក៏សូមអំពាវនាវបងប្អូនជនរួមជាតិបន្តចូលរួមសហការជាមួយអាជ្ញាធរ និងមន្រ្តីពាក់ព័ន្ធទាំងអស់នៅក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះនៅតាមមូលដ្ឋានរបស់បងប្អូន តាមរយៈការមិនប្រព្រឹត្តអំពើល្មើស ការរាយការណ៍អំពីអំពើល្មើស និងការចូលរួមផ្សព្វផ្សាយ ពន្យល់ អប់រំណែនាំដល់សាច់ញាតិ បងប្អូន អ្នកភូមិផងឱ្យមានការយល់ដឹងពីគ្រោះថ្នាក់នៃអំពើជួញដូរមនុស្ស ដែលស្ដែងឡើងតាមរយៈអាពាហ៍ពិពាហ៍មិនស្របច្បាប់ទៅក្រៅប្រទេស ការធ្វើចំណាកស្រុកខុសច្បាប់ និងការប្រើឧបាយកលទុច្ចរិតអូសទាញ ឃោសនា ក្រោមរូបភាពផ្សេងទៀតរបស់ជនល្មើស» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ