ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការវិនិយោគវិស័យសំណង់ និងអចលនទ្រព្យបង្ហាញសញ្ញាមិនសូវល្អ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ស្ថានភាពនៃការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យអស់រយៈពេលជាច្រើនខែក្នុងឆ្នំា ២០២១ កន្លមកនេះមិនបានបង្ហាញសញ្ញាជាវិជ្ជមាននោះទេ តែផ្ទុយទៅវិញបែរជាបង្ហាញសញ្ញាមិនល្អ ព្រោះគម្រោងសរុបដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដីបានធ្លាក់ចុះជាង ២៧០ គម្រោងបើប្រៀបធៀបទៅនិងឆ្នំា…

រាជធានីភ្នំពេញ ៖ ស្ថានភាពនៃការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យអស់រយៈពេលជាច្រើនខែក្នុងឆ្នំា ២០២១ កន្លមកនេះមិនបានបង្ហាញសញ្ញាជាវិជ្ជមាននោះទេ តែផ្ទុយទៅវិញបែរជាបង្ហាញសញ្ញាមិនល្អ ព្រោះគម្រោងសរុបដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដីបានធ្លាក់ចុះជាង ២៧០ គម្រោងបើប្រៀបធៀបទៅនិងឆ្នំា ២០២០ ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី វិស័យខាងលើនេះអាចនឹងងើបឡើងវិញលឿនបើសិនជាសេដ្ឋកិច្ចជាតិមានកំណើនងើបឡើងវិញ ។

បើតាមរបាយការណ៍ក្នុងរយៈពេល ៥ ខែ ឆ្នាំ ២០២១ កន្លងមកនេះ ចំនួនគម្រោងទទួលបានការសាងសង់ដែលអនុញ្ញាតដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សរុបមានចំនួន ១.៨២៩ គម្រោង បានធ្លាក់ចុះ ២៧៨ គម្រោង ក្នុងនោះប្រភេទសំណង់លំនៅដ្ឋានមាន ១. ៦០៧ គម្រោង ស្មើជិត ៨៨% នៃសំណើសុំសាងសង់សរុប បានធ្លាក់ចុះ ១៣៩ គម្រោង និងតម្លៃគម្រោងសរុបមាន ២ ៣៤៩ លានដុល្លារអាមេរិក បានធ្លាក់ចុះជាង ៣២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ។

ពាក់ព័ន្ធនិងការធ្លាក់ចុះនៅចំនួនគម្រោងសាងសង់កន្លងមកនេះ បើតាមអ្នកសេដ្ឋកិច្ចយល់ឃើញថា វិស័យសំណង់ និងអចលនទ្រព្យកម្ពុជា កំពុងជួបវិបត្តិហើយ ប៉ុន្តែវាអាចនឹងងើបឡើងវិញលឿន បើសិនសេដ្ឋកិច្ចកម្ពុជាមានកំណើនមកវិញ ។ លើសពីនេះតម្លៃអចលនទ្រព្យនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅបណ្តាប្រទេសជិតខាង ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាមានប្រសាសាន៍ថា ការធ្លាក់ចុះនូវគម្រោងសាងសង់នេះយើងដឹងថា វិបត្តិជំងឺកូវីដ ១៩ បានធ្វើឱ្យបាត់បង់ប្រាក់ចំណូលរបស់អ្នកប្រើប្រាស់ ។ ដូចនេះកាលណាចំណូលរបស់អ្នកប្រើប្រាស់មានការថមថយ ការវិនិយោគទៅលើលំនៅឋាន និងអចលនទ្រព្យក៏ជាប់គាំងដែរ ។ ដូចនេះការធ្លាក់ចុះនៃគម្រោងវិនិយោគនេះបង្ហាញថា វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងជួបវិបត្តិហើយ ។

លោកបណ្ឌិតបន្តថា «តាមការរំពឹងទុកវិស័យនេះអាចនឹងងើបឡើងវិញលឿន បើសិនជាសេដ្ឋកិច្ចកម្ពុជាមានកំណើនឡើងមកវិញ ព្រោះនៅកម្ពុជាវិស័យអចលនទ្រព្យតម្លៃនៃអចលនទ្រព្យនៅមានកម្រិតទាប បើប្រៀបធៀបទៅនិងបណ្តាប្រទេសនៅជិតខាង ។ ដូច្នេះហើយវាបន្តឡើងទៅមុខទៀត» ។

លោក លឹម សុជាតិ ប្រធានក្រុមប្រឹក្សាពិបាលនៃសមាគមទីភ្នាក់ងារវាយតម្លៃ និងអចលនវត្ថុកម្ពុជាបានលើកឡើងថា ការលក់បើមើលទៅលើផ្នែកខុនដូ នៅពេលកន្លងមក វាពឹងទៅលើភ្ញៀវបរទេសច្រើន ។ ប៉ុន្តែតំាងពីប្រទេសយើងក្តី ប្រទេសផ្សេងទៀត មានការបិទខ្ទប់យើងឃើញថា ចរន្តនៃការលក់ខុនដូមានការធ្លាក់ចុះច្រើន ។ លោកឱ្យដឹងទៀតថា ការលក់ខុនដូមានបញ្ហា ២ ៖ ទី ១. ការលក់ពឹងទៅលើភ្ញៀវមកពីបរទេស, ទី ២. ពលរដ្ឋពឹងផ្អែកទៅលើប្រាក់កម្ចីពីធនាគារសម្រាប់ទិញខុនដូ ។ ដោយឡែកការទិញលក់ដីធ្លីធំៗ ឃើញថា មានការសួរនាំច្រើន ប៉ុន្តែប្រតិបត្តិការលក់ដូរមានតិច លើកលែងតែដីធ្លីធំៗទំាងនោះលក់នៅក្រោមតម្លៃទីផ្សារ ៣០ ទៅ ៤០% ទើបមានការចាប់អារម្មណ៍ និងមានការជួញដូរ ។ សម្រាប់ការទិញផ្ទះ នៅមានចរន្តទិញលក់ បើលក្ខខណ្ឌនៃការទូទាត់មិនទាមទារលុយកក់ច្រើន បន្ធូរបន្ថយគោលការណ៍ទូទាត់ ហើយតម្លៃផ្ទះរាងធូរថ្លៃបន្តិច ។

លោកលើកឡើងថា «វិស័យអចលនទ្រព្យនៅភ្នំពេញគ្រាបន្ទាប់ អាចនឹងងើបឡើងវិញមុនគេ ដោយសារនៅភ្នំពេញជាប៉ូលសេដ្ឋកិច្ចសំខាន់មួយ តែនៅតាមបណ្តាខេត្តវាអាស្រ័យទៅលើសក្តានុពលខេត្តនីមួយៗ ។ បើនៅកំពង់សោម វាមានចរន្តនៃការអភិវឌ្ឍន៍របស់វាហូរតាមការវិនិយោគរបស់វិនិយោគិនជនជាតិចិន» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ