ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់​ក្របី ៥​កុងតឺន័រ នាំ​ចូល​ពី​ឥណ្ឌា កម្ពុជា​រក​ឃើញ ៣​កុងតឺន័រ មាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សមត្ថកិច្ច​គយ​កម្ពុជា រក​ឃើញ​សាច់​ក្របី បង្កក​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ចំនួន​៥ កុងតឺន័រ ក្នុង​នោះមាន ៣ កុងតឺន័រ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សមត្ថកិច្ច​គយ​កម្ពុជា រក​ឃើញ​សាច់​ក្របី បង្កក​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា ចំនួន​៥ កុងតឺន័រ ក្នុង​នោះមាន ៣ កុងតឺន័រ រកឃើញមាន​ផ្ទុក​វីរុស​កូ​វី​ដ​-១៩ ខណៈ​ដែល​សាច់​ក្របី​ទាំង​អស់នោះ នឹង​ត្រូវ​នាំ​យក​ទៅ​ដុត​បំផ្លាញ​ចោល ក្នុង​ពេល​ឆាប់​ៗ​នេះ ។

លោក គុណ ញឹ​ម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កក្កដា ២០២១ បាន​ជម្រាប​ទៅ​ប្រធាន​ក្រុមហ៊ុន​នាំ​ចូល​ថា អនុលោម​តាម​ប្រការ​លេខ​២ នៃ​ប្រកាស​របស់​គណៈកម្មការ​ចំពោះ​កិច្ច មាន​ភារកិច្ច​ចាត់វិធានការ​កម្ទេច​ចោល​សាច់​បង្កក និង​មុខទំនិញ​ផ្សេង​ទៀត ដែល​បាន​រក​ឃើញ​ថា មាន​វីរុស​កូ​វី​ដ​-១៩ ដូច្នេះ​សូម​ក្រុមហ៊ុន​ផ្ដល់​កិច្ចសហការ​ជាមួយ​គណៈកម្មការ​ចំពោះ​កិច្ច​ក្នុង​វិធានការ​នេះ ចូលរួម​កម្ទេច​សាច់​ក្របី​បង្កក ដើម្បី​ចូលរួម​ក្នុង​ការ​ទប់ស្កាត់​កូ​វី​ដ​-១៩ ទាំងអស់​គ្នា ។

បើ​តាម​តារាង​លទ្ធផល​វិភាគ​របស់​ក្រសួងសុខាភិបាល​កម្ពុជា បាន​តេស្តវិភាគឃើញថា ក្នុង​ចំណោម​សាច់​ក្របី​បង្កក ចំនួន ៥​កុងតឺន័រ មាន​៣ កុងតឺន័រ ដែល​នាំ​ចូល​ដោយ​ក្រុមហ៊ុន បូ​វី​នី​ហ្វ៊ូ​ដ ឯ​.​ក និង​ក្រុមហ៊ុន អើ​ស្កា​រី អ៊ិ​ន​វេស​ម៉ិ​ន និង​ខន​ស្ត្រា​ក់​ស៊ិ​ន​ឯ​.​ក មាន​លទ្ធផល វីរុស SARS-CoV-2 វិជ្ជមាន ដែល​នេះ​មាន​ន័យ​ថា វិជ្ជមាន​កូ​វី​ដ​-១៩ ។

ដោយឡែក​មន្ត្រី នៃ​ស្ថានទូត​ឥណ្ឌា​ប្រចាំ​ប្រទេស​កម្ពុជា ទទួល​បន្ទុក​ផ្នែក​ពាណិជ្ជកម្ម ក៏​បាន​បញ្ជាក់​ថា ពាក់ព័ន្ធ​ករណី​នេះ ក្រុមការងារ​របស់​ស្ថានទូត ក៏​កំពុង​តែ​សិក្សា​ស្វែង​យល់ និង​សហការ​ជាមួយ​អាជ្ញាធរ​កម្ពុជា ក្នុង​វិធានការ​នេះ តែ​លទ្ធផល​យ៉ាងណា​នោះ មិន​ទាន់​បញ្ជាក់​នៅឡើយ ដោយ​ក្រុមការងារ​កំពុង​មមាញឹក តែ​គ្រាន់តែ​បញ្ជាក់​ខ្លី​ថា ខាង​ស្ថានទូត​ឥណ្ឌា ក៏​សូម​ចូលរួម​ក្នុង​ការ​សហការ​លើ​ការងារ​នេះ​ផង​ដែរ ។

គួរ​បញ្ជាក់​ថា កម្ពុជា បាន​ដាក់​បម្រាម​មិន​ឲ្យ​នាំ​ចូល​សាច់​ក្របី និង​ផលិតផល​សាច់​ផ្សេង​ទៀត ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ ដោយសារ​តែ​ស្ថានភាព នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​នេះ​មាន​ភាព​ធ្ងន់ធ្ងរ ប៉ុន្តែ​ក្រោយមក កម្ពុជា​បាន​សម្រេច​លើកលែង​បម្រាម​លើ​ការ​នាំ​ចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេង​ទៀត​មក​ពី​ឥណ្ឌា វិញ ។

យោង​តាម​លិខិត​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ដែល​ណែនាំ​ដល់​នាយកដ្ឋាន​សាខា និង​ការិយាល័យ​គយ និង​រដ្ឋាករ កាលពី​ថ្ងៃ​ទី​១៩ ខែមិថុនា ឆ្នាំ​២០២១ ឲ្យ​ដឹង​ថា កម្ពុជា​បាន​សម្រេច​លើកលែង​បម្រាម​លើ​ការ​នាំ​ចូល​សាច់​បង្កក និង​មុខទំនិញ​បង្កក​ដែល​អាច​មាន​ហានិភ័យ​ផ្សេង​ទៀត​មក​ពី​ប្រទេស​ឥណ្ឌា​ចេញ​វិញ ដោយសារ​ស្ថានភាព នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩​នៅ​ឥណ្ឌា​មាន​ភាព​ធូរស្រាល ហើយ​សាច់​បង្កក​ទាំងនោះ មាន​តេស្ត អវិជ្ជមាន​កន្លង​មក ។

លិខិត​ដដែល​នោះ បាន​បញ្ជាក់​នូវ​វិធានការ​ជំនួស​បណ្តោះអាសន្ន ដែល​ត្រូវ​អនុវត្ត​បន្ថែម​លើ​ការ​នាំ​ចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ទាំងនោះ​ថា «​តម្រូវ​ឱ្យ​មាន​វិញ្ញាបនបត្រ ឬ​លិខិតបញ្ជាក់​បន្ថែម​ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ដើម​កំណើត​ទំនិញ ដែល​បញ្ជាក់​ថា គ្មាន​វីរុស​កូ​វី​ដ​-​លើ​សាច់​បង្កក ។ នៅ​ពេល​ទំនិញ​មក​ដល់ តម្រូវ​ឲ្យ​យក​សំណាក​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ​-១៩​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​មុន​អនុញ្ញាត​ឱ្យ​បំពេញបែបបទ​បញ្ចេញ​ទំនិញ​ពី​គយ​» ។

វិធានការ​នោះ​នឹង​ត្រូវ​បន្ធូរបន្ថយ​រហូត​ដល់​ការ​លុប​ចោល​ទាំងស្រុង​នៅ​ពេល​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩​ បាន​ធូរស្រាល​នៅ​ពេល​ណា​ប្រទេស​នាំ​ចេញ និង​លទ្ធផល​តេស្ត​អវិជ្ជមាន​ជា​បន្តបន្ទាប់​លើ​សាច់​បង្កក​ទាំងនោះ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ៕

«គយ​ចាប់​សាច់​ក្របី ៣​កុងតឺន័រ នាំចូល​មកពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩»

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ