រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នដោយមានបាតុភូតធម្មជាតិមានភ្លៀងធ្លាក់ខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២៨ កក្កដាដល់៣ សីហា នៅតំបន់មួយចំនួន ។
យោងតាមសេចក្តីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់៣ ខែសីហា ឆ្នាំ២០២១ របស់ក្រសួងធនធានទឹក នៅថ្ងៃទី២៧ កក្កដានេះបានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ITCZ ដែលបានកើត និងអូសបន្លាយលើភាគខាងប្រទេសថៃ ឡាវ និងវៀតណាមជាមួយ និងខ្យល់មូសុងនិរតីមានល្បឿនមធ្យម ។
ដោយឡែកព្យុះទី៦ ឈោះ្ម(IN-FA) បានឡើងចូលដល់ភាគខាងកើតប្រទេសចិន ។ ព្យុះនឹងថមថយឥទ្ធិពលជាវិសម្ពាធទាប នៅថ្ងៃទី២៨ ខែកក្កដា ។
ក្រសួងថា ស្ថានភាពបែបនេះនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាលមានសីតុណ្ហភាពអប្បបរមា មានពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាមានពី៣០-៣២ºCនឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ ខ្យល់ ខ្យល់កន្ត្រាក់ ។ លើកលែងតែបណ្តាខេត្ត ៖ កំពង់ស្ពឺ , តាកែវ, កំពត , កណ្ដាល និងរាជធានីភ្នំពេញដែលអាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅមធ្យម ដោយសារឥទ្ធិពលខ្យល់ហ្វឺនក្នុងកម្រិតបង្ហូរ ។
ចំណែកបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី២៣-២៥ ºCសីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរលាយឡំទៅដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ។
ដោយឡែកតំបន់មាត់សមុទ្រមាន សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ ºCនឹង សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ ºC- នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅខ្លាំងៗនៅលើផ្ទៃសមុទ្រខ្យល់ខ្លាំង, ភ្លៀងក៏ខ្លាំងធ្វើ មានឲ្យមានរលកកម្ពស់ខ្ពស់ ។
ដោយស្ថានភាពធាតុអាកាសដូចនេះក្រសួង សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្នចំពោះបាតុភូតធាតុអាកាសនានាដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ពិសេសនៅតំបន់មាត់សមុទ និងក្នុងលំហសមុទ ៕
ចែករំលែកព័តមាននេះ