ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គយ​ចាប់​សាច់​ក្របី ៣​កុងតឺន័រ នាំចូល​មកពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្តកំពង់ស្ពឺ​៖ អាជ្ញាធរ​សមត្ថកិច្ច​គ​យ​កម្ពុជា ចាប់បាន​សាច់​ក្របី​ក្លាស្សេ ចំនួន ៣​កុងតឺន័រ ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ នាំចូល​មកពី​ប្រទេស​ឥណ្ឌា​។ សាច់​ក្របី​ទាំងនោះ នឹងត្រូវ​នាំយកទៅ​ដុតបំផ្លាញ​ចោល នៅ​ស្រុក​ឱ​រ៉ា​ល់…

​ខេត្តកំពង់ស្ពឺ​៖ អាជ្ញាធរ​សមត្ថកិច្ច​គ​យ​កម្ពុជា ចាប់បាន​សាច់​ក្របី​ក្លាស្សេ ចំនួន ៣​កុងតឺន័រ ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ នាំចូល​មកពី​ប្រទេស​ឥណ្ឌា​។ សាច់​ក្របី​ទាំងនោះ នឹងត្រូវ​នាំយកទៅ​ដុតបំផ្លាញ​ចោល នៅ​ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ក្នុង​រយៈពេល ២-៣​ថ្ងៃ​ខាងមុខ​។ នេះ​បើតាម​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ​។​

​លោក​អភិបាលខេត្ត​កំពង់ស្ពឺ បាន​ណែនាំ​ទៅកាន់​អភិបាលស្រុក​ឱ​រ៉ា​ល់ នៅ​ព្រលប់​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ ឲ្យ​ត្រៀមលក្ខណៈ​សហការ​ជាមួយ​ខាង​គយ ដើម្បី​ដុតបំផ្លាញ​សាច់​ក្របី​ទាំងនោះ កុំ​ឲ្យ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ព្រោះថា បើតាម​លោក​អភិបាលខេត្ត ទោះបីជា​កប់ ក៏​អាច​មិនមាន​សុវត្ថិភាព​ឡើយ​។​

​លោក​អភិបាលខេត្ត បានប្រកាស​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ដែល​ទិញ​សាច់គោ សាច់​ក្របី ត្រូវ​ប្រុងប្រយ័ត្ន ហើយ​សួរនាំ​ឲ្យ​បានច្បាស់លាស់​ពី​ប្រភព​នៃ​សាច់​ទាំងនោះ ខ្លាច​ប៉ះ​សាច់​ក្លាស្សេ ដែល​នាំចូល​ពី​ឥណ្ឌា មាន​ផ្ទុកមេរោគ​កូ​វីដ​១៩ ដូច​អ្វីដែល​គយ ចាប់បាន​នាពេលនេះ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ក្រសួងសុខាភិបាល បានប្រកាស​ឲ្យ​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ព្រោះ​មេរោគ​កូ​វីដ​១៩ អាច​នៅរស់​នៅលើ​សាច់​កកៗ ដូច​ករណី​សាច់គោ សាច់​ក្របី ដែល​នាំចូល​ពី​ប្រទេស​ឥណ្ឌា ហើយ​គយ​ចាប់បាន​នាពេលនេះ។

​ថ្មីៗនេះ ស្ថានទូត​ឥណ្ឌា ប្រចាំ​កម្ពុជា បង្ហាញថា ឥណ្ឌា គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​នៃ​ការផ្គត់ផ្គង់​សាច់​ក្របី និង​អាហារ​នានា ហើយ​ប្រទេស​កម្ពុជា បាន​នាំចូល​សាច់​ក្របី​ពី​ប្រទេស​ឥណ្ឌា ក្នុងតម្លៃ ១៧,៧ លាន​ដុល្លារ កាលពី​ឆ្នាំ​២០២០ កើនឡើង​ពី ៦,៤ លាន​ដុល្លារ ធៀប​នឹង​ឆ្នាំ​២០១៩​។

​កាលពី​ថ្ងៃទី​១ ខែឧសភា ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​ហាមឃាត់ មិន​ឲ្យ​នាំចូល​សាច់​បង្កក និង​ទំនិញ​បង្កក​ផ្សេងទៀត ដែល​ចាត់ទុកថា ជា «​ហានិភ័យ​ខ្ពស់​» ដែលមាន​ប្រភព​មកពី​ប្រទេស​ឥណ្ឌា ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ ១៩ ដោយសារតែ​ឥណ្ឌា រងគ្រោះ​ធ្ងន់ធ្ងរ​ដោយសារ​ការឆ្លង​កូ​វីដ​១៩ ជាថ្មីទៀត​៕​