មិនមែនលំៗ ឃើញអត្តពលិកអូឡាំពិកកម្ពុជា នៅជប៉ុន ទើបដឹងថា ម្នាក់ៗត្រៀមខ្លួនខ្លាំង
ជប៉ុន ៖ បន្ទាប់ពីចេញកាលវិភាគជុំវិញការប្រកួតច្បាស់លាស់ គេកត់សម្គាលថា កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទាំង
ជប៉ុន ៖ បន្ទាប់ពីចេញកាលវិភាគជុំវិញការប្រកួតច្បាស់លាស់ គេកត់សម្គាលថា កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទាំង
ជប៉ុន ៖ បន្ទាប់ពីចេញកាលវិភាគជុំវិញការប្រកួតច្បាស់លាស់ គេកត់សម្គាលឃើញថា កីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ទាំង កីឡាហែលទឹក និងកីឡាអត្តពលកម្មបាននឹងកំពុងខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម តាមការកំណត់ និងពេលវេលា រៀបចំ របស់ម្ចាស់ផ្ទះ ដើម្បីត្រៀមការប្រកួតរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ទីក្រុងតូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅប្រទេសជប៉ុន ដែលនឹងត្រូវចូលសង្វៀននៅថ្ងៃទី៣០-៣១ ខែកក្កដាចុងសប្ដាហ៍នេះ។ មានការបង្ហោះវីដេអូ ពីសកម្មភាពហ្វឹកហាត់របស់កីឡាករ-កីឡាការិនីម្នាក់ៗ យ៉ាងខ្លាំងក្លា រហូតត្រូវបានហ្វេនៗនិយាយថា បើទោះជាលទ្ធផលនៅក្នុងព្រឹត្តិការណ៍នេះបែបណាក៏អស់ចិត្តដែរ នៅពេលឃើញកីឡាករម្នាក់ៗប្រឹងប្រែងយ៉ាងនេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC និងជានាយបេសកកម្ម បានមានប្រសាសន៍ពីទីក្រុងតូក្យូថា «កីឡាករ-កីឡាការិនីរបស់យើងបានបន្ដខិតខំហ្វឹកហាត់រាល់ថ្ងៃ នៅកន្លែងកំណត់ក្នុងការហ្វឹកហាត់ទាំងនៅទីលាន ទាំងអាងហែលទឹក និងទីលានអត្តពលកម្ម ហើយកីឡាករ-កីឡាការិនីរបស់យើងបានចូលរួមហ្វឹកហាត់ជាមួយកីឡាករ-កីឡាការិនីចម្រុះជាតិសាសន៍ក្នុងប៉ុន្មានថ្ងៃនេះ គឺឃើញថា កីឡាករកម្ពុជាកម្ដៅសាច់ដុំ និងមានទឹកចិត្តល្អក្នុងការហ្វឹកហាត់ ដើម្បីត្រៀមក្នុងការប្រកួតផ្លូវការ នាល្ងាចថ្ងៃទី៣០ ខែ កក្កដា ឲ្យបានល្អប្រសើរ»។
នាយបេសកកម្មបន្ដថា «នៅសល់ប៉ុន្មានថ្ងៃនេះ គ្រូបង្វឹករបស់យើងក្នុងប្រភេទកីឡាទាំង២ បានជំរុញការហ្វឹកហាត់ឲ្យកាន់តែល្អ និងត្រឹមត្រូវ ហើយឆ្លៀតមើលបទពិសោធន៍របស់កីឡា ករ-កីឡាការិនីប្រទេសផ្សេងៗ ដែលហ្វឹកហាត់ជាមួយគ្នា ដើម្បីដកស្រង់បទពិសោធន៍ពីចលនា និងបច្ចេកទេសរបស់គេ។ ក្នុងនោះក៏មើលឃើញនូវរបៀបយកចិត្ដទុកដាក់ក្នុងការហ្វឹកហាត់របស់គេធៀបនឹងរបៀបហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជាផងដែរ ។ លោកសម្ដែងការលើកទឹកចិត្តដល់កីឡាករ-កីឡាការិនី ដែលសកម្មនៅក្នុងពេលនេះ ដើម្បីត្រៀមប្រកួតកីឡាអូឡាំពិកជាប្រវត្តិសាស្ដ្រ នៅទីក្រុងតូក្យូ ក្នុងពេលខាងមុខ»។
គួរបញ្ជាក់ថា អត្តពលិកកីឡាហែលទឹកកម្ពុជា២រូប នឹងត្រូវប្រកួតនាល្ងាចថ្ងៃទី៣០ ខែកក្កដា នៅមជ្ឈមណ្ឌលកីឡាហែលទឹក Tokyo Aquatics Centre លើវិញ្ញាសាហែល ៥០ម៉ែត្រសេរីដូចគ្នា ក្នុងនោះ កីឡាករ ហែម ប៊ុច ត្រូវប្រកួតសេរីទី៤ (Heat-4) និងខ្សែបន្ទាប់ទី៦ (Lane-6) ខណៈកីឡាការិនី ឃឿន ប៊ុនពេជ្រមរកត ត្រូវប្រកួតសេរីទី៣ (Heat-3) និងខ្សែបន្ទាប់ទី៥ (Lane-5)។ រីឯកីឡាករអត្តពលកម្ម ប៉ែន សុគង់ ត្រូវប្រកួតនារសៀលថ្ងៃទី៣១ ខែកក្កដា លើវិញ្ញាសារត់ល្បឿនចម្ងាយ ១០០ម៉ែត្រ។ ដ្បិតតែមិនរំពឹងដណ្ដើមបានមេដាយតែគេមើលឃើញថា តំណាងកម្ពុជាលើប្រភេទកីឡាទាំងពីរ គឺប្រឹងប្រែងខ្លាំង បើទោះជាក្នុងពេលនេះ មានការភ័យខ្លាចរឿងកូវីត ដែលធ្វើអោយកីឡាករខ្លះ ស្ទាក់ស្ទើរក្នុងការប្រឹងប្រែងហ្វឹកហាត់ ៕
ចែករំលែកព័តមាននេះ