ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរនៅប្រទេសថៃកាន់តែលំបាក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជាមួយរូបភាពបង្ហាញពីពលករខ្មែរស្នាក់នៅតាមទីសាធារណៈក្រោមដើមឈើ ហាលវាល និងត្រូវធ្វើដំណើរទំាងយប់ សេចក្តីរាយការណ៍ពីប្រទេសថៃ បានបញ្ជាក់ថា ស្ថានភាពប្រទេសថៃមានការរីករាលដាល់ជំងឺកូវីដ ១៩ កាន់តែខ្លំាងនោះ…

រាជធានីភ្នំពេញ ៖ ជាមួយរូបភាពបង្ហាញពីពលករខ្មែរស្នាក់នៅតាមទីសាធារណៈក្រោមដើមឈើ ហាលវាល និងត្រូវធ្វើដំណើរទំាងយប់ សេចក្តីរាយការណ៍ពីប្រទេសថៃ បានបញ្ជាក់ថា ស្ថានភាពប្រទេសថៃមានការរីករាលដាល់ជំងឺកូវីដ ១៩ កាន់តែខ្លំាងនោះ ពលករកម្ពុជាដែលកំពុងធ្វើការនៅក្នុងប្រទេសនេះក៏កំពុងជួបបញ្ហាប្រឈមខ្លាំងឡើងដែរ ។ រាប់ចាប់ផ្តើមតាំងពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២១ កន្លងមកនេះ ពលករភាគច្រើនបាត់បង់ការងារធ្វើ ខ្វះស្បៀង ខ្វះប្រាក់បង់ថ្លៃបន្ទប់ ក្រោយការប្រកាសបិទខ្ទប់តំបន់ការដ្ឋានសំណង់ ។ 

សេចក្តីរាយការណ៍ពីប្រទេសថៃ បានឲ្យដឹងថា រោងចក្រឧស្សាហកម្មចំនួន ៣ បានបន្តបិទទ្វារ ចំពោះរោងចក្រដែលមានផលប៉ះពាល់កូវីដ ១៩ ដែលមានបងប្អូនពលករខ្មែរធ្វើការច្រើនដូចជា ៖ រោងចក្រ Thai Springfield (ថៃសាក់ពីងវីដ) ជារោងចក្រផលិតអាហារប្រែរូប មានពលករ ខ្មែរ ២៥០ នាក់ធ្វើការ រោងចក្រ Maroknick ជារោងចក្រម៉ាឡូនិចផលិតខ្សែភ្លើងអេឡិចត្រូនិក មានពលករខ្មែរ ៣០ នាក់ រោងចក្រ Assai  ផលិតសរសៃអំបោះមានពលករខ្មែរចំនួន ៨០ នាក់ស្ថិតនៅនិគមឧស្សាហកម្មអមតៈស៊ីទី តំបន់ម៉ៃយ៉ុងផង ស្រុកផ្លក់ដែង ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ។ ក្រៅពីនេះ ពលករកម្ពុជា នៅតំបន់រោងចក្រឧស្សាហកម្មខេត្តឈុនបុរី និងរ៉ាក់យ៉ង នៃប្រទេស មានការឆ្លងកូវីដ ១៩ ជាច្រើនរយនាក់ ។ យោងតាមទិន្នន័យ ពីសហការី និងមេការប្រចាំរោងចក្រ ក្នុងចំណោម ១០០០ នាក់ មានសរុប ៥០០ នាក់ហើយដែលបានឆ្លងជំងឺកូវីដ ១៩ កាន់តែកើនឡើងប្រចាំថ្ងៃ ។ 

អង្កការសង់ត្រាល់ដែលមានបុគ្គលិកធ្វើការនៅប្រទេសថៃបញ្ជាក់ថា ស្របពេលជាមួយគ្នានេះ ពលករខ្មែរនៅតំបន់ប៉ាតាយ៉ា ក៏មានការឆ្លងច្រើនផងដែរ ម្យ៉ាងទៀតពួគគាត់កំពុងខ្វះស្បៀង ដោយពួកគាត់ស្ថិតក្នុងតំបន់ការដ្ឋានសំណង់ មិនអាចចេញក្រៅទិញម្ហូបអាហារបានឡើយ ។ លោក លឹង សុផុន មន្ត្រីកម្មវិធីទទួលផ្នែកទេសន្តរប្រវេសន៍ នៃអង្គការសង់ត្រាល់នេះ ប្រចាំប្រទេសថៃ បានឲ្យដឹងថា «ពលករកម្ពុជាប្រមាណជាង ១០០០ នាក់ហើយ តាមបណ្តារោងចក្រដែលបានស្នើមកអង្គការសង់ត្រាល់ ដើម្បីសម្របសម្រួលជួយឧបត្ថម្ភគាំទ្រស្បៀងអាហារជាបណ្តោះអាសន្ន» ។

ចំណែកស្ថានទូតកម្ពុជាប្រចំាក្រុងបាងកកឲ្យដឹងថា នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២១ ទោះបីជាប្រទេសថៃ បានចេញវិធានការរឹតបន្តឹងថ្មីដើម្បីទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ ជាពិសេសការធ្វើដំណើរឆ្លងតំបន់ និងខេត្តក៏ដោយ ស្ថានទូតបាននាំយកអំណោយដែលមានគ្រឿងឧបភោគបរិភោគចុះចែកដល់ពលករខ្មែរចំនួន ១៣០ គ្រួសារ នៅទីតាំងចំនួន ២ កន្លែងមាននៅការដ្ឋានសំណង់ស្ថិតនៅសង្កាត់ចមភុន ខណ្ឌចតុចក្រ ក្រុងបាងកក មាន បងប្អូនពលករខ្មែរចំនួន ៩០ គ្រួសារ និងការដ្ឋានសំណង់ស្ថិតនៅឃុំបាងភ្លីយ៉ៃ ស្រុកបាងភ្លី ខេត្តសមុទ្រប្រាកាន មានពលករខ្មែរចំនួន ៤០ គ្រួសារ ។  

ស្ថានទូតកម្ពុជាជូនដំណឹងបន្តបន្ទាប់ពីវិធានការអាជ្ញាធរថៃ ក្នុងការទប់ស្តាក់ជំងឺកូវីដ ១៩ ឲ្យពលរដ្ឋបានដឹង ។ «វិធានការរឹតបន្តឹងបន្ថែមថ្មីនៅក្នុងប្រទេសថៃដើម្បីប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី ២០ ខែកក្កដា ដល់ ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០២១ (រយៈពេល ១៤ ថ្ងៃ) ។សូមបងប្អូនខ្មែរនៅក្នុងប្រទេសថៃមេត្តាចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាលថៃ និងវិធានការ ៣ ការពារ ៣ កុំ ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា ដើម្បីការពារខ្លួនពីការរាតត្បាតជំងឺដ៏កាចសាហាវនេះ» នេះជាការជូនដំណឹងរបស់ស្ថានទូតកម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ