ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់​ នៅ​តែ​មិន​អាច​សងសឹក ​ឡុ​ង សំណាង​បាន​សម្រេច​ដដែល

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ទីបំផុត​ កីឡាករ​ផា​ន់ គ្រាន់​ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ខណ្ឌ​ពោធិ​សែន​ជ័យ ​នៅ​តែ​មិន​អាច​មានឱកាស​សងសឹក​

រាជធានី​ភ្នំពេញ​ ៖ ​ទីបំផុត​ កីឡាករ​ផា​ន់ គ្រាន់​ មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ខណ្ឌ​ពោធិ​សែន​ជ័យ ​នៅ​តែ​មិន​អាច​មានឱកាស​សងសឹក​បាន​សម្រេច​ដដែល​ ។ ​បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​ពេញ​៥​ទឹក​ត្រូវ​លោក​អាជ្ញាកណ្ដាល​ប្រកាស​ឱ្យ​ចាញ់​ពិន្ទុ​ឡុ​ង សំណាង​ ក្លិប​សាល​វ័​ន្ត​កីឡា​ដាច់​ទាំង​៥​ទឹកតែ​ម្ដង​។

កីឡាករ​ផា​ន់ គ្រាន់ ​ធ្លាប់​ប្រកួត​ចាញ់​ពិន្ទុ​ឡុ​ង សំណាង​ម្ដង​កាលពី​ចុងឆ្នាំ​២០២០ ​នៅ​ក្នុ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់​ដណ្ដើម​ខ្សែក្រវាត់​ទូរទស្សន៍​បា​យ័ន្ត​ ។ ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មកនេះ​គេ​ទើបតែ​បាន​ប៉ះ​គ្នា​ម្ដងទៀត​ ។ ​ប៉ុន្តែ​នៅ​តែ​មិន​អាច​សងសឹក​បាន​សម្រេច​ដដែល ព្រោះ​អី​តាម​ការ​ប្រកួត​ជាក់ស្ដែង​ក្នុង​ជំនួប​មិត្តភាព​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃអាទិត្យ ​ទី​២៥​ កក្កដា​កន្លង​មកនេះ​គេ​សង្កេត​ឃើញ​ឡុ​ង សំណាង ​មាន​ប្រៀប​ពេញ​ទាំង​៥​ទឹកតែ​ម្ដង​។​

កីឡាករ​ផា​ន់ គ្រាន់​ សម្រាប់​ការ​ប្រកួត​លើក​នេះ​គេ​ព្យាយាម​ប្រើ​ក្បាច់​ពិសេស​ៗ​វាយ​សម្រុក​ទៅ​លើ ឡុ​ង សំណាង មិន​សំចៃ​កម្លាំង​ឡើយ ប៉ុន្តែ​រាល់​ការ​វាយ​ចេញ​ម្ដង​ៗ​ហាក់បីដូចជា​មិនសូវ​ចំ​គោលដៅ​បាន​ល្អ​ទាល់តែ​សោះ ផ្ទុយ​ទៅ​វិញ​ត្រូវ​ឡុ​ង សំណាង​ ចាប់​ក្រៀក​បុក​ជង្គុង​ចូល​ពោះ​ទឹក​ណែន​ៗ ព្រមទាំង​បាន​ម៉ាត់​ចូល​មុខ​ពេញ​ៗ​ថែម​ទៀត​ ។ ​តែ​ទោះជា​យ៉ាងណា​ ផា​ន់ គ្រាន់​ គេ​ធ្វើ​បាន​ល្អ​ជាង​លើក​មុន​ៗ​ដោយ​គេ​អាច​តស៊ូ​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទី​៥​តែ​ម្ដង​។

ចំណែក​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ពុទ្ធ ឆាយ​រិ​ទ្ធី​ ក្លិប​ពុទ្ធ​សេរី​វង្ស​ខណ្ឌ​ពោធិ​សែន​ជ័យ​ជាមួយ​កីឡាករ​គឹ​ម វាសនា​ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​វិញ​នោះ​គឺ​បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ​ ។ ​រវាង​កីឡាករ​ទាំង​ពីរ​នេះ​ធ្លាប់​ប៉ះ​គ្នា​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ គឺ​មាន​ចាញ់​និង​ឈ្នះ​ទៅ​វិញ​ទៅ​មក​ដូច​គ្នា​ ។ ​នៅ​មុន​ពេល​ប្រកួត​ពុទ្ធ ឆាយ​រិ​ទ្ធី​ បាន​បង្ហាញ​នូវ​ការ​ជឿជាក់​យ៉ាង​ខ្លាំង​ថា​គេ​ត្រូវ​តែ​យកឈ្នះ​ឱ្យ​បាន​។​គ្រាន់តែ​ចាប់ផ្ដើម​ប្រកួត​ទឹក​ទី​១​ភ្លាម​ពុទ្ធ ឆាយ​រិ​ទ្ធី​ មិន​បង្អង់​យូ​ឡើយ​ គេ​បាន​ដើរ​ចូល​ម៉ាត់​សំដៅ​មុខ គឹ​ម វាសនា​ ជា​ច្រើន​ដៃ​ផ្ទួន ហាក់បីដូច​ដើម្បី​ផ្ដួល​វាសនា ឱ្យ​បាន​ឆាប់​បំផុត ប៉ុន្តែ​ត្រូវ​គឹ​ម វាសនា​ វាយបក​សង​វិញ​យ៉ាង​រហ័ស​ជាមួយនឹង​ការ​បញ្ជូន​ស្នៀត​ជើង​ទាត់​យ៉ាង​សន្ធាប់​ថែម​ទៀត​។

​ទោះជា​យ៉ាង​ សម្រាប់​ការ​ប៉ះ​គ្នា​រវាង​គេ​តាំងពីរ​លើក​នេះ ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​ចាប់​អារ​ម្មណ៍​មែនទែន តាំង​ពី​ទឹក​ទី​១​ រហូត​ដល់​ទឹក​ទី​៥ ​​ប៉ុន្តែ​នៅ​ក្នុង​ទឹក​ទី​៤​ គឹ​ម វាសនា​ បាន​ជ្រុលជើង​ទាត់​ត្រូវ​ប្រដាប់​ការពារ​ពុទ្ធ ឆាយ​រិ​ទ្ធិ​ មួយ​ជើង​ពេញ​ទំ​ហឹង​បណ្ដាលឱ្យ​​ធ្វើ​ឱ្យ​ពុទ្ធ ឆាយ​រិ​ទ្ធី​ ឡើង​ចុក​រមួល​ ។ ​គណៈកម្មការ​ប្រកួត​មិន​បាន​ដក​ពិន្ទុ​គឹ​ម វាសនា​ នោះ​ទេ​ គឺ​ឱ្យ​គេ​ទាំង​ពីរ​ប្រកួត​រហូត​ដល់​ចប់​ទឹក​ទី​៥ ព្រមទាំង​បាន​ប្រកាស​ផ្ដល់​ពិន្ទុ​ស្មើគ្នា​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ