ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម កំពុងជំរុញក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្មដោះស្រាយស្រូវធ្លាក់ថ្លៃ

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងស្វែងរកកិច្ចអន្តរាគមន៍ឲ្យមានការទិញស្រូវពីកសិករ នៅពេលដែលតម្លៃស្រូវត្រូវគេដឹងថា បានធ្លាក់ថ្លៃគួរឲ្យព្រួយបារម្ភ នាពេលចុងក្រោយនេះ ។…

រាជធានីភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងស្វែងរកកិច្ចអន្តរាគមន៍ឲ្យមានការទិញស្រូវពីកសិករ នៅពេលដែលតម្លៃស្រូវត្រូវគេដឹងថា បានធ្លាក់ថ្លៃគួរឲ្យព្រួយបារម្ភ នាពេលចុងក្រោយនេះ ។ ការធ្លាក់ថ្លៃស្រូវ ពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនប្រទេសវៀតណាម ដោយសារប្រទេសទិញស្រូវកម្ពុជាដ៏សំខាន់នេះ កំពុងវាយលុកដោយជំងឺកូវីដ ១៩ យ៉ាងខ្លំាងក្លាធ្វើឲ្យសកម្មភាពដឹកស្រូវចេញពីកម្ពុជាបានកកស្ទះតាមព្រះដែន ។ 

រដ្ឋមន្រ្តីក្រសួងសកិកម្ម ឯកឧត្តម វេង សាខុន បានឲ្យដឹងថា ក្រសួងបានសរសេរលិខិតទៅកាន់រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីទម្លាក់ថវិកា ទិញស្រូវពីប្រជាកសិករឲ្យទាន់ពេលវេលា ។ ជាមួយគ្នានេះលោកក៏បានទាក់ទៅក្រសួងពាណិជ្ជកម្ម ដើម្បីឲ្យជួយអន្តរាគមន៍ក្នុងករណីនេះដែរ ។ ឯកឧត្តម វេង សាខុន ត្រូវបានដកស្រង់សម្តីថា ក្រសួងកសិកម្មមិនមានថវិកាដើម្បីចុះទិញស្រូវពីកសិកឡើយ ។ ឯកឧត្តមថា ការងារនេះពឹងលើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាណិជ្ជកម្ម ។

ប្រភពពីកសិករនៅក្នុងខេត្តព្រៃវែង ឲ្យដឹងថា កាលមុនឈ្មួញវៀតណាមទិញស្រូវតម្លៃ ៨៨០ រៀល ក្នុងមួយគីឡូក្រាម តែប៉ុន្មានថ្ងៃនេះស្រូវបានធ្លាក់នៅត្រឹម៧០០រៀល ទៅ ៧២០ រៀល ក្នុងមួយកីឡូក្រាម ដោយសារច្រកព្រំដែនបានបិទ ហើយគ្មានឈ្មួញវៀតណាមចូលមកទិញ ស្រូវពីរកសិករ ។ របាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានឲ្យដឹងថា ស្រូវនាំចេញទៅប្រទេសវៀណាមគិតចាប់ពីថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១ ដល់ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ មានចំនួន ១,១៤៥,៧១៩ តោន ។ ស្រូវនាំចេញក្នុងមួយតោនមានតម្លៃ ៨៩០,០០០ រៀល ។ មន្ទីរកសិកម្មថា ក្នុងបរិមាណនាំចេញខាងលើ ទទួលបានចំណូលជាង ២៥៤ លានដុល្លារ ។ 

សម្ព័ន្ធស្រូវអង្ករកម្ពុជា ឲ្យដឹងពីតម្លៃស្រូវសើមប្រភេទស្រូវអ៊ីអ៊ែរ ៨៥ មួយគីឡូក្រាមមានតម្លៃពី ៦០៩ ទៅ ៧១០ រៀល ចំណែកស្រូវអូអឹម ៥៤៥១ មួយគីឡូក្រាមថ្លៃ ៧១០ ទៅ ៧៥០ រៀល ហើយស្រូវក្រអូបថ្លៃ ៨០០ ទៅ ៩០០ រៀលក្នុងមួយគីឡូក្រាម ។ ស្ថាប័នដែលនាំអង្ករចេញនេះអះអាងថា ពាក់ព័ន្ធតម្លៃស្រូវធ្លាក់ចុះនេះលោក លន់ យ៉េង អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាបានបញ្ជាក់ថា សហព័ន្ធកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់លើបញ្ហានេះ ។ តែមន្រ្តីជាន់ខ្ពស់សហព័ន្ធថាការធ្លាក់ចុះតម្លៃស្រូវនាពេលនេះមិនអាចធ្វើឲ្យកសិករប្រឈមនឹងការខាតដើមនោះទេ ពោល គឺគ្រាន់តែធ្វើឲ្យពួកគេខាតបង់ប្រាក់ចំណេញតែប៉ុណ្ណោះ ។ 

ជាការកត់សម្គាល់កម្ពុជាមានការខ្វះខាតដើមទុនទិញស្រូវពីកសិករ ពិសេសតាមរោងម៉ាស៊ីនកិនស្រូវខ្វះម៉ាស៊ីនសម្ងួតស្រូវ ។ ស្រូវកសិករប្រមូលផលបាន ត្រូវលក់ភ្លាមៗឲ្យឈ្មួញ ដែលធ្វើឲ្យពួកឈ្មួញមានឱកាសទម្លាក់ថ្លៃងាយស្រួល ។ ជាការកត់សម្គាល់តម្លៃស្រូវធ្លាក់ចុះនាពេលនេះ ស្របពេលដែលការនាំអង្ករកម្ពុជាចេញ ក្នុងឆមាសទី ១ ឆ្នាំ ២០២១ ធ្លាក់ចុះ ២៩,៤៧% ដោយសារកង្វះទូកុងតេន័រសម្រាប់ផ្ទុក តម្លៃដឹកជញ្ជូនកើនឡើង និងតម្លៃអង្ករនៅទីផ្សារអន្តរជាតិមានការធ្លាក់ចុះ ពិសេសសហភាពអឺរ៉ុប ផងដែរ ៕