មហាជនភាគច្រើនតែងលើកជាចម្ងល់ថា នៅក្នុងរដូវវស្សាបីខែព្រះសង្ឃមិនអាចនិមន្តចេញក្រៅវត្តដោយកិច្ចទាំងឡាយមានការនិមន្តបិណ្ឌបាតចង្ហាន់ពីអ្នកស្រុកជាដើមបានទេ ព្រោះវាខុសទៅនឹងធម៌វិន័យរបស់អ្នកបួស គឺត្រូវតែគង់នៅតែក្នុងវត្តឱ្យគ្រប់បីខែជាកំហិត ។
តើទស្សនៈបែបនេះត្រឹមត្រូវតាមផ្លូវវិន័យសង្ឃដែរឬទេ ?
ទាក់ទងនឹងការលើកឡើងបែបនេះ អ្នកប្រាជ្ញខាងសាសនាបានបំភ្លឺថា មិនទាន់ត្រឹមត្រូវទេ! បើតាមផ្លូវវិន័យបានបញ្ជាក់ថា ការនិមន្តដោយកិច្ចទាំងឡាយមានការនិមន្តចេញបិណ្ឌបាតជាដើមរបស់ព្រះសង្ឃគឺមិនបានធ្វើឱ្យប៉ះពាល់ដល់ការគង់ចាំវស្សាឡើយ លោកអាចនិមន្តចេញក្រៅវត្តបានជាធម្មតា បើការនិមន្តចេញក្រៅវត្តរបស់ព្រះសង្ឃអង្គនោះមិនឱ្យកន្លងរាត្រី ។
បើតាមផ្លូវវិន័យបានបញ្ជាក់ថា ការនិមន្តចេញក្រៅវត្តអារាមដោយកិច្ចទាំងឡាយមានការនិមន្តចេញដើម្បីបិណ្ឌបាតជាដើមរបស់ព្រះសង្ឃគឺមិនបានធ្វើឱ្យប៉ះពាល់ដល់ការគង់ចាំព្រះវស្សាឡើយ លោកអាចនិមន្តបិណ្ឌបាតតាមធម្មតាបាន ព្រោះការនិមន្តចេញបិណ្ឌបាតរបស់ព្រះសង្ឃយ៉ាងយូរត្រឹមម៉ោង១១ព្រឹក ហើយត្រូវវិលត្រឡប់មកចូលវត្តវិញជាប្រញាប់ វៀរលែងតែភិក្ខុអង្គណានិមន្តទៅកាន់ទីដទៃឱ្យកន្លងរាត្រី ហើយវិលត្រឡប់មកចូលវត្តវិញក្រោយអរុណរះ ទើបភិក្ខុអង្គនោះត្រូវដាច់វស្សា ។
បើនិយាយពីការលំបាកនៅក្នុងរដូវវស្សា អ្នកបួសក្នុងសម័យពុទ្ធកាលត្រូវជួបការលំបាកខ្លាំងមិនអាចនិមន្តទៅកាន់ទីឆ្ងាយបានឡើយព្រោះមិនមានយានជំនិះសម្រាប់ជាមធ្យោបាយធ្វើដំណើរ គឺនិមន្តទៅដោយថ្មើរជើង ។ ចំណែកបច្ចុប្បន្នជាសម័យកាលទំនើបខាងបច្ចេកវិទ្យា មានមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ លោកអាចនិមន្តទៅកាន់ទីឆ្ងាយៗ ឬអាចនិមន្តឆ្លងពីខេត្តមួយទៅខេត្តមួយទៀត ហើយវិលត្រឡប់មកចូលវត្តវិញដោយសុវត្ថិភាព មិនខ្វល់ពីអន្តរាយនៃការចាំវស្សាឡើយ ។
តែមតិមហាជនមិនបានយល់ឃើញបែបនេះទេ គាត់គិតថា ព្រះសង្ឃដែលគង់ចាំព្រះវស្សារយៈពេលបីខែនេះគឺឱ្យនៅតែក្នុងទីអារាមមិនអនុញ្ញាតឱ្យនិមន្តចេញក្រៅវត្តជាដាច់ខាត បើមានព្រះសង្ឃអង្គណានិមន្តចេញក្រៅវត្ត ព្រះសង្ឃអង្គនោះនឹងដាច់វស្សាហើយ ។
ព្រោះតែទស្សនៈនេះដិតដាមជាប់ជាទម្លាប់មកយូរហើយ ទើបអ្នកស្រុកខ្លះចេះតែលើកទោសព្រះសង្ឃរឿយៗ នៅពេលដែលពួកគាត់ឃើញព្រះសង្ឃនិមន្តចេញក្រៅវត្តដោយកិច្ចផ្សេង មានការនិមន្តបិណ្ឌបាតចង្ហាន់ជាដើមដែលទស្សនៈទាំងនោះមិនបានផ្អែកតាមផ្លូវវិន័យឡើយ ៕ សាន សារិន
ចែករំលែកព័តមាននេះ