ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​៖ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​ទាំងអស់​!

2 ឆ្នាំ មុន
  • កំពត

កំ​ពត៖ គ​.​ជ​.​ប បានប្រកាសថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ខេត្តកំពត នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ នេះ…

កំ​ពត៖ គ​.​ជ​.​ប បានប្រកាសថា ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ខេត្តកំពត នៅ​ថ្ងៃអាទិត្យ ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ នេះ បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​តម្លាភាព​។ នោះ​គឺ​ការិយាល័យ​បោះឆ្នោត បានចាប់ផ្តើម​បើក នៅវេលា​ម៉ោង ៧​ព្រឹក តាម​ការគ្រោងទុក និង​បិទ​ការបោះឆ្នោត នៅ​ម៉ោង ៧ និង ៤១​នាទី​ព្រឹក បន្ទាប់ពី​អ្នកបោះឆ្នោត ចំនួន ១៧​រូប ដែលជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​បឹង​ទូក សង្កាត់​ព្រែក​ត្នោត និង​សង្កាត់​កោះ​តូច បាន​ចូលទៅ​បោះឆ្នោត​រួចរាល់​។​

​គ​.​ជ​.​ប បានប្រកាសថា មន្ត្រី​បោះឆ្នោត និង​អ្នកបោះឆ្នោត បាន​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ការិយាល័យ​បោះឆ្នោត​។​

​គ​.​ជ​.​ប បានប្រកាសថា ក្រោយពី​ប្រកា​សបិទ​ការបោះឆ្នោត គណៈកម្មការ​ការិយាល័យ​រាប់​សន្លឹកឆ្នោត បាន​អនុវត្ត​នីតិវិធី​នៃ​ការរាប់​សន្លឹកឆ្នោត នៅ​ការិយាល័យ​រាប់​សន្លឹកឆ្នោត ហើយ​ដំណើរការ​រាប់​សន្លឹកឆ្នោត បានបញ្ចប់​នៅវេលា​ម៉ោង ៨:០៨​នាទី​ព្រឹក ប្រកបដោយ​ភាពត្រឹមត្រូវ និង​មាន​តម្លាភាព ដោយមាន​ការឃ្លាំមើល​ពី​ភ្នាក់ងារ​គណបក្ស អ្នកសង្កេតការណ៍​បោះឆ្នោត និង​អ្នកសារព័ត៌មាន​ជាតិ​។ នៅក្នុង​ដំណើរការ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​នេះ មាន​សន្លឹកឆ្នោត​បានកា​រ​សរុប​ចំនួន ១៧ ពុំមាន​សន្លឹកឆ្នោត​មិនបានការ និង​ពុំមាន​សន្លឹកឆ្នោត​ខូច​ឡើយ​។​

​គ​.​ជ​.​ប ក៏បាន​កត់សម្គាល់ថា ដំណើរការ​នៃ​ការបោះឆ្នោត លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នៃ​ខេត្តកំពត បាន​ប្រព្រឹត្ត​ទៅដោយ​រលូន ស្របតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី ប្រតិទិន​ការងារ និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​។ ដំណើរការ​បោះឆ្នោត​នេះ បានរៀបចំ​ឡើង​ក្នុង​បរិយាកាស សន្តិសុខ សុវត្ថិភាព និង​មាន​សណ្តាប់ធ្នាប់ របៀបរៀបរយ​ល្អ ស្ថិតក្នុង​បរិបទ​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​

​ក្រោយ​ការបោះឆ្នោត​នេះ ប៉ុន្មាន​ម៉ោង គ​.​ជ​.​ប បាន​ផ្សាយ​នូវ​លទ្ធផល​បឋម​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង​បូកគោ គឺ​សំឡេងឆ្នោត​ទាំង ១៧​នាក់ បាន​បោះឆ្នោត​ឲ្យ​តែ​លើ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ​ប៉ុណ្ណោះ ក្នុងចំណោម ៤​គណបក្ស ដែល​បាន​ឈរឈ្មោះ​បោះឆ្នោត​។ ចំណែក​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​យុវជន​កម្ពុជា និង​គណបក្ស​សញ្ជាតិ​ក​ម្ពុ​ជា មិន​ទទួលបាន​សំឡេងឆ្នោត សូម្បី​តែមួយ​សំឡេង​ឡើយ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​អនុក្រឹត្យ សម្រេច​បង្កើត​ទីក្រុង​បូកគោ នៃ​ខេត្តកំពត ដោយ​ត្រូវ​កាត់​យក​ឃុំ ចំនួន ៣ ចេញពី​ស្រុក​ទឹកឈូ ខេត្តកំពត គឺ​ឃុំ​បឹង​ទូក ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត​។ ការសម្រេច​បង្កើត​ក្រុង​ថ្មី​នេះ ដើម្បី​ឱ្យមាន​ភាពងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ការអភិវឌ្ឍ ឱ្យ​កាន់តែ​មានការ​រីកចម្រើន​បន្ថែមទៀត​។​

​កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០២១ គជប បានប្រកាសថា សមាជិក​ក្រុង​បូកគោ ក្នុង​ខេត្តកំពត សម្រាប់​អាណត្តិ​ទី​១ មាន​ចំនួន ១៣​រូប​។ រីឯ​កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត លើក​ទី​១ ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ ត្រូវបាន​កំណត់​យក​ថ្ងៃអាទិត្យ ទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។​

​មាន​គណបក្ស ៤ បាន​ឈរឈ្មោះ​បោះឆ្នោត គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​លេខ​រៀង​ទី​១ នៅលើ​សន្លឹកឆ្នោត​។ គណបក្ស​យុវជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​២​។ គណបក្ស​ប្រជាជន​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​៣​។ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​លេខ​រៀង​ទី​៤​។​

​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ​នេះ ធ្វើឡើង​ដូច​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត ក្រុង​ស្រុក​ខណ្ឌ​កន្លងមក​ដែរ គឺជា​ការបោះឆ្នោត​តាមបែប​អសកល​។ ពោលគឺ​មានតែ​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​ប៉ុណ្ណោះ ជា​អង្គ​បោះឆ្នោត​។ ដូច្នេះ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ក្រុង​បូកគោ នា​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១ គឺ​មានតែ​ក្រុមប្រឹក្សាឃុំ​បឹង​ទូក ឃុំ​កោះ​តូច និង​ឃុំ​ព្រែក​ត្នោត ជា​អ្នកបោះឆ្នោត ដើម្បី​ជ្រើសរើស​សមាជិក​ក្រុមប្រឹក្សា​ក្រុង​បូក ដែលមាន​សមាសភាព ចំនួន ១៣​រូប​។​

​គជប បានប្រកាសថា អង្គ​បោះឆ្នោត ដែលជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទាំង ៣ មាន​ចំនួន​សរុប ១៧​រូប រួមមាន សង្កាត់​បឹង​ទូក ៥​រូប សង្កាត់​កោះ​តូច ៥​រូប និង​សង្កាត់​ព្រែក​ត្នោត ៧​រូប​៕​