ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ផ្ទះជួល​ខ្លះ នៅតែ​បន្ត​បញ្ចុះតម្លៃ​ឈ្នួល​ដល់ក​ម្មករ និង​អ្នកស្នាក់ នៅ​ក្នុងស្ថានភាព​រោងចក្រដំណើរ​ការឡើងវិញ និង​ថែម​ម៉ោង​រាល់ថ្ងៃ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ ម្ចាស់​ផ្ទះជួល​មួយចំនួន នៅតែ​បន្ត​បញ្ចុះតម្លៃ ដល់ក​ម្មករ កម្មការិនី និង​អ្នក​ជួល​ស្នាក់នៅ ផ្សេងៗ​ទៀត ខណៈពេលដែល​អាជីវកម្ម សិប្បកម្ម រោងចក្រ​កាត់ដេរ…

ភ្នំពេញ​៖ ម្ចាស់​ផ្ទះជួល​មួយចំនួន នៅតែ​បន្ត​បញ្ចុះតម្លៃ ដល់ក​ម្មករ កម្មការិនី និង​អ្នក​ជួល​ស្នាក់នៅ ផ្សេងៗ​ទៀត ខណៈពេលដែល​អាជីវកម្ម សិប្បកម្ម រោងចក្រ​កាត់ដេរ បាន​ដំណើរការ​ឡើងវិញ ដោយ​រលូន ថែម​ម៉ោង​ទាំងយប់​ទាំង​ថ្ងៃ និង​ធ្វើការ​ទាំង​ថ្ងៃអាទិត្យ​នោះ​។ ការបញ្ចុះ​តម្លៃ​ជួល​ផ្ទះ​នេះ ត្រូវគេ​ដឹងថា តិច ឬ​ច្រើន ទៅតាម​ទឹកចិត្ត និង​សទ្ធា​របស់​ម្ចាស់ផ្ទះ​តែប៉ុណ្ណោះ​។​

​ទោះបីជា​យ៉ាងណា មាន​ម្ចាស់​ផ្ទះជួល​មួយចំនួនទៀត លែង​បញ្ចុះតម្លៃ​តទៅទៀត​ហើយ ដោយ​លើក​ហេតុផល​ថា រោងចក្រ​កាត់ដេរ បាន​ដំណើរ​ឡើងវិញ​ធម្មតា​ហើយ និង​សំបូរ​ការងារ ថែម​ម៉ោង រហូតដល់​ម៉ោង ៨​យប់ ព្រមទាំង​ធ្វើការ ទាំង​ថ្ងៃអាទិត្យ​ទៀតផង​។​

​ស្ត្រី​ម្នាក់ ឈ្មោះ ស្រី នាង អាយុ ២៦​ឆ្នាំ ជា​អ្នកលក់ដូរ ដែលជា​ជួល​ផ្ទះ​ស្នាក់នៅ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង​២ សង្កាត់​ចោមចៅ​៣ បានអោយដឹងថា ម្ចាស់​ផ្ទះជួល​របស់គាត់ នៅតែ​បន្ត​បញ្ចុះតម្លៃ​អោយ​គាត់ ក៏ដូចជា​កម្មករ​កម្ម​ការិនី​នៅឡើយ​។ ក្នុង ១​បន្ទប់ តម្លៃ ២០០​ដុល្លារ​(​ខាងមុខ​) នៅសល់ ១៥០​ដុល្លារ​។ ចំណែក​បន្ទប់​ខាងក្នុងៗ ដែល​កម្មករ​ស្នាក់នៅ តម្លៃ ៥០​ដុល្លារ បញ្ចុះ ១​បន្ទប់ ១០​ដុល្លារ​។ ការបញ្ចុះ​តម្លៃ​នេះ ធ្វើឡើង​ជាច្រើន​ខែ​មកហើយ តាំងពី ផ្ទុះ​កូ​វីដ ក្នុង​ព្រឹត្តិការណ៍ ២០​កុម្ភៈ​មក​ម្លេះ​។​

​អ្នក​ជួល​ផ្ទះ​ម្នាក់ ឈ្មោះ ហ៊​ន ធូ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ដែលជា​អ្នកស្នាក់នៅ​ផ្ទះជួល នៅ​ភូមិ​ព្រៃ​ព្រីង ខាងជើង​២ សង្កាត់​ចោមចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយដឹង​ដែរ​ថា បន្ទប់​ផ្ទះជួល​របស់គាត់ ស្នាក់នៅ​តម្លៃ ១០​ម៉ឺន​រៀល ១​ខែ​ហើយ ត្រូវបាន​ម្ចាស់ បញ្ចុះតម្លៃ ១​បន្ទប់ ១​ម៉ឺន​រៀល រយៈពេល ២​ខែ មកហើយ តាំងពី​រោងចក្រ QMI បិទ​ខ្ទប់ មក​ម្លេះ​។​

​បុរស​ម្នាក់ទៀត ឈ្មោះ រុំ រិ​ទ្ធ អាយុ ២៧​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ បានអោយដឹងថា គាត់​បាន​ស្នាក់នៅ​ផ្ទះជួល​នេះ ២​នាក់​ប្តី​ប្រពន្ធ រយៈពេល​ជាង ១​ឆ្នាំ​មកហើយ​។ នៅក្នុង​ស្ថានភាព​កូ​វីដ បាន​ផ្ទុះឡើង​ហើយ ឈានទៅ​បិទ​ខ្ទប់​តំបន់​ព្រៃទា ម្ចាស់​ផ្ទះជួល បាន​បញ្ចុះតម្លៃ រយៈពេល ៣​ខែ​មកហើយ ដែល​មុនដំបូង ក្នុង ១​បន្ទប់ តម្លៃ ៤០​ដុល្លារ បញ្ចុះតម្លៃ ៨​ដុល្លារ ហើយ​ក្រោយមក​បញ្ចុះតម្លៃ ៥​ដុល្លារ រហូតមកដល់​ពេលនេះ​។​

​ទោះបីជា​យ៉ាងណា មាន​ម្ចាស់​ផ្ទះជួល​ខ្លះទៀត លែង​បញ្ចុះតម្លៃ​ហើយ ព្រោះ​ស្ថានភាព​រោងចក្រ បាន​ដំណើរ​ឡើងវិញ ដោយ​រលូន​។​

​ស្ត្រី​ម្នាក់ ដែលជា​អ្នកលក់​ផ្លែឈើ ជួល​ផ្ទះ​នៅ​ព្រៃទា បានអោយដឹងថា ម្ចាស់​ផ្ទះជួល​របស់គាត់ បាន​បញ្ចុះតម្លៃ បាន​រយៈពេល ២​ខែ ដោយ​បន្ទប់​តម្លៃ ៧០​ដុល្លារ បញ្ចុះ​បាន ១០​ដុល្លារ ព្រោះ​រោងចក្រ និង​មុខរបរ​រកស៊ី​ផ្សេង បាន​ដំណើរ​ឡើងវិញ​ហើយ​។​

​ចំណែក​កម្មករ ដែល​ស្នាក់នៅ បន្ទប់​ជួល​ផ្សេងទៀត នៅក្នុង​ភូមិ​ព្រៃទា សង្កាត់​ចោមចៅ​៣ បានអោយដឹងថា បន្ទប់​ផ្ទះជួល​របស់​ពួកគាត់ ត្រូវបាន​ម្ចាស់​បញ្ចុះតម្លៃ ក្នុង ១​បន្ទប់ ៥​ដុល្លារ ឬ​១០​ដុល្លារ បានតែ ២​ខែ​ទេ គឺ​ខែឧសភា និង​ខែមិថុនា​តែប៉ុណ្ណោះ ខណៈពេលដែល​តំបន់​ព្រៃទា ត្រូវបាន​បិទ​ខ្ទប់​។ បច្ចុប្បន្ននេះ រោងចក្រ បាន​ដំណើរ​ឡើងវិញ និង​បាន​ថែម​ម៉ោង រាល់ថ្ងៃ ហើយ​ថ្ងៃអាទិត្យ ក៏​ធ្វើការ​ដែរនោះ ម្ចាស់​ផ្ទះជួល​មិនបាន​បញ្ចុះតម្លៃ​ទៀត​ទេ​។​

​លោក ឈិន វីរៈ ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ដែលជា​អ្នកមើលការខុសត្រូវ​ផ្ទះជួល នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ (​ខាងកើត​រោងចក្រ QMI) បានអោយដឹងថា គាត់​បាន​មើល​ការ​ផ្ទះជួល អោយ​ឪពុក​ម្តាយធម៌​របស់គាត់​ចំនួន ៧០​បន្ទប់​។ បន្ទាប់ពី​ផ្ទុះ​កូ​វីដ​១៩ ចាប់​តាំង​ថ្ងៃទី​២០​កុម្ភៈ ឆ្នាំ​២០២១ ផ្ទះជួល​របស់គាត់ មានការ​អនុគ្រោះ ដោយ​បញ្ចុះតម្លៃ​ជូន​កម្មករ​កម្មការិនី និង​អ្នក​ដែល​ជួល​ផ្ទះ​ស្នាក់នៅ រហូតមកដល់​ពេលនេះ​។ ក្នុង ១​បន្ទប់ តម្លៃ ២០០​ដុល្លារ បញ្ចុះ ៥០​ដុល្លារ រីឯ​បន្ទប់​តម្លៃ ៥០​ដុល្លារ បញ្ចុះ ១០​ដុល្លារ និង​បន្ទប់​ជាន់​លើ តម្លៃ ៥០​ដុល្លារ បញ្ចុះ ១៥​ដុល្លារ​។​

​លោក ឈិន វីរៈ បានអោយដឹងថា ខណៈពេលដែល​បិទ​ខ្ទប់ អ្នកស្នាក់នៅ​ផ្ទះជួល​រប​ស់គា​ត់ បានទទួល​ការជួយឧបត្ថម្ភ​ពី​អាជ្ញាធរ ចំនួន ២​លើក ហើយ​ក្នុងនាម​ម្ចាស់​ផ្ទះជួល គាត់​ក៏បាន​ទិញ ត្រីខ ចែកជូន​ដល់​កម្មករ​កម្មការិនី ក៏ដូចជា​អ្នកស្នាក់នៅ ដោយ​ក្នុង ១​បន្ទប់ បាន​ត្រីខ ១​យួរ ដើម្បី​ជួយ​សម្រួល​ដល់​ការលំបាក​របស់​បងប្អូន ក្នុងស្ថានភាព ដែល​កំពុងតែ​បិទ​ខ្ទប់​។​

​លោក រឿង សាវឿន ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ដែលជា​អ្នក​ម៉ៅ​ផ្ទះជួល បានអោយដឹងថា គាត់​បាន​ម៉ៅ​ផ្ទះជួល ចំនួន ៦២​បន្ទប់ ក្នុងតម្លៃ ១​ខែ ចំនួន ១២០០​ដុល្លារ ដោយ​កុងត្រា រយៈពេល ២​ឆ្នាំ​។ នៅពេល ផ្ទុះ​កូ​វីដ នៅក្នុង​រោងចក្រ ហើយ​តំបន់​ព្រៃទា ត្រូវ​បិទ​ខ្ទប់ គាត់​បាន​បញ្ចុះតម្លៃ​ផ្ទះជួល ចំនួន ៣​ខែ គឺ​ខែមេសា ឧសភា និង​មិថុនា ដែល​ក្នុង ១​បន្ទប់ បញ្ចុះតម្លៃ ៥​ដុល្លារ ១០​ដុល្លារ និង ៣០​ដុល្លារ ទៅតាម​បន្ទប់​ធំ​តូច និង​លើ ឬ​ក្រោម​។ ក្នុងស្ថានភាព​បែបនេះ ម្ចាស់ផ្ទះ បាន​បញ្ចុះតម្លៃ​អោយ​គាត់ បានតែ ១០០​ដុល្លារ ក្នុង ១​ខែ ធ្វើអោយ​គាត់​ខាតបង់​អស់​ប្រមាណ​ជាង ២​ពាន់​ដុល្លារ ដោយសារតែ​ការបញ្ចុះ​តម្លៃ ណាមួយ​នៅ​តំបន់​បិទ​ខ្ទប់ កម្មករ​កម្មការិនី និង​អ្នកស្នាក់នៅ មួយចំនួន បាន​ឈប់​ជួល​ផ្ទះ ទៅ​ស្រុក​មួយរយៈ​។ ទោះបី​ខាត គាត់​នៅតែ​ទ្រាំ រហូតដល់​ចប់​កិច្ចសន្យា នៅ​ចំណា​ច់​ឆ្នាំ​២០២១ នេះ​។​

​លោក រឿង សាវឿន បាន​អោយដឹងទៀតថា ចាប់ពី​ខែក្រោយ​នេះ​ទៅ គាត់​លែង​បញ្ចុះ ថ្លៃឈ្នួល​ផ្ទះ​ទៀតហើយ ដោយសារតែ​ស្ថានភាព​រោងចក្រ បាន​ដំណើរការ​ឡើងវិញ ហើយ​សំបូរ​ការងារ​ធ្វើ ថែម​ម៉ោង​រាល់ថ្ងៃ រហូតដល់​ម៉ោង ៨​យប់ និង​ថ្ងៃអាទិត្យ ក៏​ធ្វើការ​ដែរ​។ បើសិនជា​ម្ចាស់ផ្ទះ បញ្ចុះតម្លៃ អោយ គាត់​នឹង​បញ្ចុះតម្លៃ​ជូន​អ្នក​ជួល​ផ្ទះ​ស្នាក់នៅ​ដែរ​។​

​ចំណែក​លោកស្រី ស៊ា​ង ឡេង អាយុ ៤៥​ឆ្នាំ អ្នកមើលការខុសត្រូវ​ផ្ទះជួល ភូមិ​ព្រៃ​ព្រីង​ខាងជើង​២ បានអោយដឹងថា ម្ចាស់​ផ្ទះជួល​របស់គាត់ បាន​បញ្ចុះតម្លៃ​ឈ្នួល ១​ខែ បានតែ ៥​ដុល្លារ​ទេ តាំងពី​បិទ​ខ្ទប់​រោងចក្រ QMI មក​ម្លេះ ឥឡូវ​រោងចក្រ បាន​ដំណើរការ​វិញ មានការ​ងារ​ធ្វើ​ថែម​ម៉ោង ទាំងយប់​ថ្ងៃ ទាំង​ថ្ងៃ លែង​បញ្ចុះតម្លៃ​ផ្ទះ​ទៀតហើយ​៕ ម៉េង ធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ