ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​សម្រេច​ច្រើន​ដង​​ញ៉ាម លុះ​​មក​ម្ដងទៀត​ប៉ូលិស​អង្គុ​យ​​ចាំ​ក្នុងផ្ទះ​​ជា​ស្រេច

2 ឆ្នាំ មុន
  • បាត់ដំបង

មុខសញ្ញា​ចោរលួច​ចំនួន​០៣​នាក់ បាន​ដើរ​ចូល​អន្ទាក់​សមត្ថកិច្ច​ទាំង​ថ្ងៃ​ក្នុង​ការ​ប៉ុនប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ដែល​ម្ចាស់​មិន​បាន​ស្នាក់​នៅ​មួយ​កន្លែង

ខេត្តបាត់ដំបង ៖ មុខសញ្ញា​ចោរលួច​ចំនួន​០៣​នាក់ បាន​ដើរ​ចូល​អន្ទាក់​សមត្ថកិច្ច​ទាំង​ថ្ងៃ​ក្នុង​ការ​ប៉ុនប៉ង​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ដែល​ម្ចាស់​មិន​បាន​ស្នាក់​នៅ​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៤​និង​២៦​នាទី​រសៀល នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា នៅ​ចំណុច​ភូមិ​២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង ដែល​ដឹកនាំ​កម្លាំង​ក្រុម​អន្តរាគមន៍​បង្ការ បង្ក្រាប​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​នេះ បាន​និយាយ​ថា ជនសង្ស័យ​ទាំង​០៣​នាក់​នោះ​មាន ១-​ឈ្មោះ ម៉ៅ ឡុ​ង ភេទ​ប្រុស អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ២-​ឈ្មោះ ទូច សុ​វ​ណ្ណា​រិ​ន ហៅ លូ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដង្កោ​ទាប សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង និង​៣-​ឈ្មោះ ទឹង ជា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ២០​ឧសភា សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​។

លោក​បាន​បញ្ជាក់​ថា ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បាន​នាំ​គ្នា​ចូល​ក្នុងផ្ទះ​របស់​ឈ្មោះ ឡេ​ង រតនៈ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ចំណុច​ខាងលើ ក្នុង​គោលបំណង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​កម្លាំង​របស់​លោក​ដែល​រង់ចាំ​មុន​ជា​ស្រេច​នៅ​ក្នុងផ្ទះ​ក្រសោប​បាន​តែ​ម្ដង​។

លោក គឹ​ម សុង បាន​បញ្ជាក់​បន្ថែម​ត្រង់​ចំណុច​នេះ​ថា ផ្ទះ​នេះ​ភាគច្រើន​ម្ចាស់​មិនសូវ​ស្នាក់​នៅទេ បិទទ្វារ​ទុក​ចោល ហើយ​ត្រូវ​ក្រុម​ចោរ​ខាងលើ​នេះ ចូល​លួច​ជា​ញឹកញាប់​ពេក ទើប​គាត់ (​ម្ចាស់ផ្ទះ​) ប្ដឹង​សុំ​ឲ្យ​កម្លាំង​រប​ជួយ​អន្តរាគមន៍ ក្រោយមក​កម្លាំង​ជំនាញ​ក៏​បាន​ចុះ​ទៅ​ពូន​ស្ទាក់​ចាំ​មុន រហូត​ក្របួច​បាន​ចោរ​តែ​ម្ដង​។

បើ​តាម​ម្ចាស់ផ្ទះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា គាត់​មិនសូវ​បាន​ស្នាក់​នៅ​ក្នុងផ្ទះ​នេះ ភាគច្រើន​គឺ​បិទទ្វារ​ទុក​ចោល ហើយ​ក៏​ត្រូវក្រុម​ជន​ទាំង​៣​នាក់​នេះ​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ទាំង​ថ្ងៃ​ៗ​ជា​បន្តបន្ទាប់​។

ម្ចាស់ផ្ទះ​និយាយ​ទៀត​ថា ពេល​ខ្លះ​គាត់​បាន​តាម​ទាន់​ពេល​ពួក​ចោរ​កំពុង​តែ​សែង​គ្រែ​ចុះ​ក្រោម​ទៀត​ផង​។ គាត់​ស្ទើរតែ​អង្វរ​.​ក​លោក​ចោរ​ឲ្យ​ឈប់​ចូល​លួច​ទៀត​។ មិនតែប៉ុណ្ណោះ ពេល​ខ្លះ​ថែម​ទាំង​ឲ្យ​លុយ​វា​ចាយ​ទៀត​ផង ដើម្បី​សុំ​កុំ​ឲ្យ​វា​ចូល​លួច តែ​ពួក​វា​មិន​ស្ដាប់ មិន​អនុគ្រោះ​ទេ ដូច្នេះ​ហើយ​ទើប​គាត់​ប្តឹង​ទៅ​សមត្ថកិច្ច​សុំ​ឲ្យ​ជួយ​តាម​ឃ្លាំមើល​រហូត​ចាប់​បាន​ជន​ទាំង​០៣​នាក់ ដែល​មានមុខ​ដដែល​ៗ​។

លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​ថា ការ​ចូល​ផ្ទះ​ជន​រង​គ្រោះ​ចុង​ក្រោយ​នេះ ពួក​គេ​កំពុង​រៀបចំ​លួច​សម្ភារ​:​នៅ​ក្នុងផ្ទះ តែ​ត្រូវ​កម្លាំង​របស់​លោក​ពូន​ចាំ​មុន និង​ព័ទ្ធ​ចាប់​បាន​ទាំង​០៣​នាក់​តែ​ម្ដង​។ ហើយ​ពេល​ឆែកឆេរ កម្លាំង​របស់​លោក​រក​ឃើញ​មាន​ទាំង​ថ្នាំ​ញៀន​ទៀត​ផង ដែល​លាក់​ទុក​ជាប់​ខ្លួន​។

ជាមួយ​គ្នា​នោះ សមត្ថកិច្ច ក៏​បាន​ដកហូត​កង់​ចំនួន​០២​គ្រឿង​, តួ​ណឺ​វី​ស​ចំនួន​០១​ដើម និង​ម្សៅ​ក្រាម​ពណ៌​ស ស្រអាប់ ច្រក​ក្នុង​ថង់​ប្លា​ស្ទិ​ក ដែល​សង្ស័យ​មាន​សារធាតុ​ញៀន​ចំនួន​០១​កូន​ថង់ រួម​ទាំង​វត្ថុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន មន្ត្រី​ការិយាល័យ​ជំនាញ​កំពុង​តែ​ធ្វើការ​សួរនាំ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ខាងលើ​នេះ ទៅ​សាលាដំបូង​ខេត្ត​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ