ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តែង​​នឹង​ភ្នែក​! ណាត់ជួប​អ្នកឆ្លង​ដែន និង​សារ​​ឆ្លើយឆ្លង​នឹង​អ្នក​នៅ​ទឹកដី​ថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ជា​មេខ្យល់​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​ជួរ​មុខ រួម​មាន​នគរបាល​ការពារ​ព្រំដែន និង​យោធា ធ្វើការ​ឃាត់ខ្លួន​បាន ជិត​បន្ទាត់​ព្រំដែន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​មេខ្យល់​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​ជួរ​មុខ រួម​មាន​នគរបាល​ការពារ​ព្រំដែន និង​យោធា ធ្វើការ​ឃាត់ខ្លួន​បាន កាលពី​វេលា​ទៀប​ភ្លឺ​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ជិត​បន្ទាត់​ព្រំដែន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ខណៈ​ពួក​គេ​ណាត់​ចាំ​ទទួល​មនុស្ស​ឆ្លង​ដែន​ពី​ទឹកដី​ថៃ​។
សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ ១-​ឈ្មោះ ឡូញ ឡែ​ម ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ចាន់គិរី សង្កាត់​ប៉ោយ​ប៉ែ​ត និង​២-​ឈ្មោះ សាន សំណាង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ និង​សង្កាត់​ប៉ោយ​ប៉ែ​ត​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វរសេនីយ៍ត្រី រស់ ពិសិដ្ឋ នាយ​ប៉ុស្តិ៍​បឹង​សាគូ នៃ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ​នេះ បាន​ទៅ​កាន់​ចំណុច​កើតហេតុ​វេលា​ទៀប​ភ្លឺ​គួរ​ឲ្យ​សង្ស័យ ម្យ៉ាងទៀត​ជនសង្ស័យ​ទាំង​២​នាក់​នេះ​គឺជា​មុខសញ្ញា​ចាស់​ផង ទើប​កម្លាំង​ជួរ​មុខ ឃាត់ខ្លួន​ដើម្បី​សួរនាំ​តែ​ម្តង​។

លោកនាយ​ប៉ុស្តិ៍​បន្ត​ថា អ្វី​ដែល​ជា​ភស្តុ​តាង​ជាក់ស្តែង​នោះ គឺ​ពេល​ឃាត់ខ្លួន​ត្រួតពិនិត្យ​រក​ឃើញ​ទូរស័ព្ទ​១​គ្រឿង មាន​សារ​ជា​សម្លេង​ឆ្លើយឆ្លង​គ្នា​ជាមួយ​អ្នក​នៅ​ទឹកដី​ថៃ ហើយ​ជនសង្ស័យ​នេះ​ក៏​បាន​សារភាព​ថា ពួក​គេ​ចាំ​ទទួល​នៅ​ខាងក្រោយ​ផ្សារ​រុង​ក្លឿ ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​តែ​ម្តង​។

លោកនាយ​ប៉ុស្តិ៍​បន្ត​ទៀត​ថា ដើម្បី​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លង​ដែន ជា​ពិសេស​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​ពី​លោក​ឧត្តមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ត ក៏​ដូច​ជា​លោក​មេបញ្ជាការ​វរៈ​កម្លាំង​ប៉ុស្តិ៍​បឹង​សាគូ បាន​សហការ​គ្នា​ជាមួយ​កម្លាំងយោធា​កងពល​៥១ ធ្វើការ​យាមកាម​និង​ល្បាត​ជា​ប្រចាំ​ចំណុច​ភូមិសាស្ត្រ​ទទួលខុសត្រូវ​។

ក្រោយ​កើតហេតុ ទាំង​ជនសង្ស័យ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៩ គ្មាន​ស្លាក​លេខ ដែល​ពួក​គេ​ជិះ​ទៅ​កន្លែង​កើតហេតុ​នោះ ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ទីបញ្ជាការ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៩១១ ដើម្បី​ចាត់ការ​បន្ត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ