ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីការទូត ៖ ជំនួយ​ជប៉ុន​បានរួមចំណែក​យ៉ាងសំខាន់អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម និងធនធានមនុស្សនៅកម្ពុជា

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា ជំនួយ​របស់ប្រទេសជប៉ុនដែលគ្រប់ដណ្ដប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព…

រាជធានីភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលើកឡើងថា ជំនួយ​របស់ប្រទេសជប៉ុនដែលគ្រប់ដណ្ដប់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សុខភាព និងការអប់រំ​ក្នុង​ចំណោម​វិស័យ​ជា​ច្រើន​ផ្សេង​ទៀត បានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងធនធានមនុស្សនៅកម្ពុជា ។ នៅ​ព្រឹក​ថ្ងៃទី ២៦ កក្កដា ២០២១ នេះ ជប៉ុនក៏បានផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោង អាហារូប​ករណ៍​អភិវឌ្ឍន៍​ធន​ធាន​មនុស្ស ដល់កម្ពុជា ក្នុងឆ្នាំ ២០២១ នូវទឹកប្រាក់ចំនួន ៣៦២ លានយ៉េន ឬប្រមាណ ៣,២ លានដុល្លារអាមេរិក ។​

យោង​តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ឱ្យដឹងថា អស់រយៈពេលជាង ២០ ឆ្នាំ ហិរញ្ញប្បទាន​ឥតសំណងសម្រាប់ការអភិវឌ្ឍធនធានមនុស្ស របស់ប្រទេសជប៉ុន បានផ្តល់អាហា​រូបករណ៍​ដល់​មន្រ្តី​កម្ពុជា​ប្រមាណ ៥០០ នាក់ ដែលក្នុងនោះមាន ២៤ នាក់ មកពីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ ជាងនេះទៅទៀត រដ្ឋាភិបាល​ជប៉ុនបានផ្តល់ដល់ប្រទេសកម្ពុជា នូវគម្រោងអាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីដ៏ទៃទៀត ដែល​បាន​រួមចំណែកយ៉ាងសំខាន់ដល់តម្រូវការរបស់កម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្ស ដែលមានគុណភាព សមត្ថភាព និង​ផលិត​ភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម របស់ប្រទេសកម្ពុជា ។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា ចាប់តាំងពីការដាក់ឱ្យ​ដំណើរ​ការ​នៅ​ក្នុង​​ឆ្នាំ ២០០០ គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស បាន​ដើរ​តួនាទីយ៉ាង​សំខាន់​ក្នុង​ការគាំទ្រ​ដល់កា​រអភិវឌ្ឍធន​ធាន​មនុស្ស​នៅកម្ពុជា ។ ហើយក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ជំនួយដែល​បាន​ផ្តល់​មក​ជា​បន្ត​បន្ទាប់​របស់​ប្រទេស​ជប៉ុន ដល់ប្រទេសកម្ពុជា ឆ្លុះបញ្ចាំងពីទំនាក់ទំនងទ្វេភាគីដ៏រឹងមាំរវាងប្រទេសទាំងពីរ និងការ​គាំទ្រឥត​ឈប់​ឈររ​បស់​ប្រទេស​ជប៉ុនចំពោះការអភិវឌ្ឍរយៈពេលវែងនៅប្រទេសកម្ពុជា ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានបញ្ជាក់ផងដែរថា ជប៉ុនកំពុង​គាំទ្រយ៉ាង​ខ្លាំងក្លា​ដល់កិច្ច​ខិតខំប្រឹង​ប្រែង​របស់​​យើងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្ដល់ជំនួយឥតសំណងជាង ៥០ លានដុល្លារ និង​ប្រាក់​កម្ចី​ប្រមាណ ២៣០ លានដុល្លារ ។ កាលពីថ្ងៃសុក្រសប្តាហ៍មុន ការមកដល់របស់វ៉ាក់សាំងជើងទីមួយ នៃវ៉ាកសាំងសរុបចំនួន ១ ​លាន​ដូស ដែលជាជំនួយរបស់ជប៉ុន ត្រូវបានស្វាគមន៍ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ៕