រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ម ប៊ុនហេង បានប្រកាស និងអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់យកចិត្តទុកដាក់ខ្ពស់លើចំណីអាហារ ដើម្បីការពារខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ។
ការណែនាំអំពីសុវត្ថិភាពចំណីអាហារនេះ ធ្វើឡើងក្រោយមានការសិក្សាខ្លះ ដែលគិតរហូតដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ បានបង្ហាញថា មានវីរុសកូវីដ១៩ អាចនៅរស់នៅលើអាហារកកៗដែរ បើទោះបីជាវីរុសកូវីដ-១៩ មិនអាចបង្កើតកូនចៅក្នុងចំណីអាហារបានក៏ដោយ។ ក្នុងន័យនេះ ក្រសួងសុខាភិបាល សូមជម្រាបជូនថា បុគ្គលអាចមិនឆ្លងវីរុសកូវីដ១៩ ពីចំណីអាហារ ឬពីអាហារវេចខ្ចប់ ប្រសិនបើបានអនុវត្តវិធានការអនាម័យចំណីអាហារ ឲ្យបានជាប់ជានិច្ច ។
ព្រមជាមួយគ្នានោះ ឯកឧត្តម រដ្ឋមន្ត្រីបានណែនាំនូវវិធានការគន្លឹះ ៥ យ៉ាងសម្រាប់ធ្វើឱ្យចំណីអាហារមានសុវត្ថិភាពល្អ ក្នុងបរិបទប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងនោះរួមមាន ៖
១- ការរក្សាអនាម័យ ៖
– ត្រូវលាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹកស្អាត ឬទឹកអាល់កុលលាងដៃ ឬជែល លាងដៃមុន និងក្រោយ ចាប់កាន់ចំណីអាហារ សាច់កក អាហារស្រស់ បន្លែផ្លែឈល ជាដើម ។
– និង លាងសម្អាតជាមួយសាប៊ូ និងទឹកស្អាត ឬជូតសម្អាតវត្ថុ និងផ្ទៃនានា ដែលសង្ស័យថាមានប្រលាក់ ឱ្យបានស្អាតជានិច្ច ។
២- ទុកដាក់អាហារឆៅ និងឆ្អិន ឱ្យនៅដាច់ដោយឡែកពីគ្នា ។
៣- ចម្អិនអាហារឱ្យបានឆ្អិនល្អ ជាពិសេសសាច់ សត្វស្លាប ស៊ុត អាហារសមុទ្រ និងអាហារដែលយកចេញពីការបង្កក ចៀសវាងការចម្លងវីរុស ឬមេរោគជាយថាហេតុ ។
៤- មិនត្រូវរក្សាទុកអាហារជាច្រើនថ្ងៃទេ ទោះជាស្ថិតក្នុងកម្រិតសីតុណ្ហភាពសុវត្ថិភាពក៏ដោយ។ ដូច្នេះ «បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធត្រជាក់ គឺត្រូវឱ្យនៅក្រោមសីតុណ្ហភាព ៥ អង្សាសេ ។ បើយើងរក្សាទុកអាហារក្នុងប្រព័ន្ធកំដៅ គឺត្រូវឱ្យលើសពីសីតុណ្ហភាប ៦០ អង្សាសេ»។
៥- ប្រើប្រាស់ទឹក និងវត្ថុធាតុដើម ដែលមានសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ