ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រឹម​ព្រឹក​នេះ! អគ្គី​ភ័យ​ឆាបឆេះ​ឃ្លាំង​ របស់ក្រុមហ៊ុន សូ ងួន មិន​ទាន់​រលត់​១០០%​ទេ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​ដែល​ឆាបឆេះ ឃ្លាំង​ស្តុក​ទំនិញ​ដ៏​ធំ​មួយ​កន្លែង នៅ​ក្នុង​ផែស្ងួត សូ​ងួ​ន ស្ថិតក្នុង​​សង្កាត់​បឹង​ទំពន់​ទី​១

រាជធានី​ភ្នំពេញ ៖ អគ្គី​ភ័យ​ដែល​ឆាបឆេះ ឃ្លាំង​ស្តុក​ទំនិញ​ដ៏​ធំ​មួយ​កន្លែងរបស់ក្រុមហ៊ុន សូ ​ងួ​ន ស្ថិតក្នុង​​សង្កាត់​បឹង​ទំពន់​ទី​១ តាំងពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១​នេះ នៅ​មិន​ទាន់​រលត់​១០០​ភាគរយ​ទេ ខ​ណះ​សមត្ថកិច្ច​ជំនាញ និង​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ កំពុង​អន្តរាគមន៍​បន្ត ក្នុង​ការ​បាញ់​ពន្លត់​អោយ​បាន​១០០​ភាគរយ ដើម្បី​ធានា​មិន​មានការ​ឆាបឆេះ​រាល​ដាល​​ខ្លាំង​ឡើង​វិញ ។ គួររំលឹកថា ខណៈ​នេះ​អគ្គិភ័យកំពុងឆាប​ឆេះ​ឃ្លាំង ផែស្ងួត សូ ងួ​ន លើ​ផ្លូវ​២៧១ (វីដេអូ)

មន្ត្រី​ការិយាល័យ​អគ្គី​ភ័យ​រាជធានី​ភ្នំពេញ បាន​ប្រាប់​អោយ​ដឹង​ថា អគ្គី​ភ័យឆេះ​ឃ្លាំង​ខាងលើ​នេះ ត្បិត​មិន​ទាន់​មានការ​រលត់​មែន ប៉ុន្តែ​មិន​មានការ​ឆាបឆេះ​ធំដុំ​ដូច​កាលពី​ពេល​ឆាបឆេះ​ពី​ដំបូង​ឡើយ ពោល​គឺ​មិន​មាន​អណ្តាតភ្លើង​ទៀត​ឡើយ មានការ​ឆាបឆេះ​នៅ​ផ្នែក​ខាងក្នុង​ឃ្លាំង​ដែល​សេសសល់​ពី​សំណល់​ឆាបឆេះ​កាលពី​ពេល​យប់ ឬ​អាច​និយាយ​បាន​ថា ស្ថានការណ៍​នៃ​ការ​ឆាបឆេះ​គ្រប់គ្រង​បាន​៩០​ភាគរយ​ហើយ ។

មន្ត្រី​ដដែល​បន្ត​ថា ទីតាំង​ឃ្លាំង​ដែល​ឆាបឆេះ គឺ​មាន​ទំហំ​30​ម៉ែត្រ​គុណនឹង​80​ម៉ែត្រ​ សង់​ពី​ថ្ម​ ប្រក់ស​ង្ក័​សី ។ ឃ្លាំង​នេះ ជា​ប្រភេទ​ឃ្លាំង​ស្តុក​ទំនិញ​សម្រាប់​លក់ ឬ​​កុំម៉ង់​​តាម​ប្រព័ន្ធ​អន​ឡាញ ដែល​ជា​ទំនិញ​មក​ពី​ប្រទេស​ចិន ប៉ុន្តែ​ជា​ទំនិញ​អ្វីខ្លះ គឺ​មិន​ទាន់​មានការ​បញ្ជាក់​ពី​ម្ចាស់​ទីតាំង​នៅឡើយ​នោះ​ទេ ខ​ណះ​ដែល​ឃ្លាំង​នេះ គឺ​ម្ចាស់​ឃ្លាំង​ជួល​ពី​លោក​ឧកញ៉ា សូ ងួ​ន ដែល​ស្ថិត​នៅ​ក្នុង​ផែស្ងួត សូ ងួ​ន របស់​លោក​ឧកញ៉ា​ផ្ទាល់​តែ​ម្តង ។

​សូម​បញ្ជាក់​​​​ថា ឃ្លាំង​ខាងលើ​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើងជា​ខ្លាំង កាលពី​វេលា​ម៉ោង​២២ និង​០០​នាទី​យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ក្រោយ​នឹង​អតីត​ក្លឹ​ប​ប្លូ​ឡាញ ក្នុងភូមិ​សន្សំ​កុសល​៥ សង្កាត់​បឹង​ទំពន់​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

យោង​តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​កើតហេតុ ឃ្លាំង​ខាងលើ គឺ​មានការ​ចាក់សោរ​ទុក​ចោល ពុំ​មាន​អ្នក​ស្នាក់​នៅ​ខាងក្នុង ហើយ​ក៏​ពុំ​មាន​អ្នកយាម​នៅ​ខាងក្រៅ​ទីតាំង​ដែរ ។ លុះដល់​វេលា​កើតហេតុ​ខាងលើ ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង​ចេញពី​ខាងក្នុង​មក​ក្រៅ រហូត​កកើត​ជា​អណ្តាតភ្លើង​ខ្លាំង​ឡើង​ៗ លាយ​លំ​ជាមួយ​ផ្សែង​ហ៊ុយ​ខ្មួរ​ខ្មាញ់​ហ៊ុយ​ទៅ​លើ​វេហា បង្ក​អោយ​ក្រុម​កម្មករ​រស់នៅ​ក្នុង​ផែស្ងួត​ជាប់​នោះ រាយការណ៍​ជូន​អ្នកគ្រប់គ្រង​ផែ ដើម្បី​រាយការណ៍​បន្ត​ទៅ​កាន់​សមត្ថកិច្ច​សុំ​កិច្ច​ចុះ​អន្តរាគមន៍ ។

ភ្លាម​ៗ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន នៃ​ការ​ឆាបឆេះ​ហើយ​នោះ សមត្ថកិច្ច​មូលដ្ឋាន រួម​ជាមួយ​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​ជា​ច្រើន​សិប​គ្រឿង បាន​ចុះ​អន្តរាគមន៍ ដល់ទី​តាំង​ខាងលើ ដើម្បី​ធ្វើការ​បាញ់​ទឹក​ពន្លត់ ។ បើ​ទោះបីជា​មានការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់ ក្នុង​ការ​បាញ់​ទឹក​ទប់ស្កាត់​អណ្តាតភ្លើង​ពី​សំណាក់​សមត្ថកិច្ច​ជំនាញ យ៉ាងណា​ក៏​ដោយ ក៏​អណ្តាតភ្លើង បាន​ឆាបឆេះ​បំផ្លាញ​ទីតាំង​ខាងលើ អស់​ហ្មត់​ទាំងស្រុង​ដែរ ក្នុង​រយះ​ពេល​តាំងពី​ពេល​ឆាបឆេះ រហូត​ដល់​ព្រឹក​ឡើង ព្រោះ​ការ​ឆាបឆេះ​នៅ​ខាងក្នុង​ឃ្លាំង ហើយ​ក្រុម​សមត្ថកិច្ច​អាច​បាញ់​ទឹកបាន​តែ​ពី​ខាងក្រៅ ទម្រាំ​គាស់​ទ្វារ​ឃ្លាំង​ចូល​ទៅ​ខាងក្នុង​បាន​នោះ ការ​ឆាបឆេះ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ និង​ឃ្លាំង​ស្ទើរតែ​ទាំងស្រុង​ទៅ​ហើយ​ដែរ ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ការ​ឆាបឆេះ​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​អគ្គី​ភ័យ​មក​ពី​តាម​បណ្តា​អង្គភាព​ពាក់ព័ន្ធ​ជា​ច្រើន សរុប ៣៣​គ្រឿង ឡើង​ចុះ​យក​ទឹក ១៥៦​លើក ។ ដោយឡែក​ចំពោះ​មូលហេតុ នៃ​ការ​ឆាបឆេះ គឺ​សមត្ថកិច្ច​ជំនាញ​ពុំ​ទាន់​អាច​បញ្ជាក់​បាន​នៅឡើយ​នោះ​ទេ រង់​ចាំ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិនិត្យ​នៅ​ពេល​ក្រោយ ក្រោយ​គ្រប់គ្រង​ស្ថានការណ៍​អោយ​បាន​១០០​ភាគរយ ជា​មុន​សិន ។

យ៉ាងណាមិញ លោក សម័យ ជាប្រធានរដ្ឋបាលនៃ ផែស្ងួត សូ ងួន បានថ្លែងបញ្ជាក់ប្រាប់កោះសន្តិភាពថា ទីតាំងដែលឆេះ មិនមែនទីតាំំងផែស្ងួត ទេ វាជាទីតាំងឃ្លាំងជួលនៅផ្លូវ ២៧១ ចំណែកទីតាំងផែស្ងួតគឺនៅផ្លូវវេងស្រេង មិនមានបញ្ហាអ្វីនោះទេ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ