ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងកាត់សក់ត្អូញត្អែរពីផលប៉ះពាល់លើជីវភាព ដោយសារភ្ញៀវខ្លាចកូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនបានត្អូញត្អែរពីផលប៉ះពាល់លើមុខរបរទទួលទានរបស់ខ្លួនដោយសារជំងឺកូវីដ ១៩ ។ ជំងឺ កូវីដ ១៩ ពន្យារពេលរាតត្បាតលើជីវិតមនុស្សជាតិកាន់តែយូរ ផលលំបាកលើអ្នករកទទួលទានក្រៅប្រព័ន្ធសេដ្ឋកិច្ចកាន់តែវែងឆ្ងាយដែរ…

រាជធានីភ្នំពេញ ៖ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធជាច្រើនបានត្អូញត្អែរពីផលប៉ះពាល់លើមុខរបរទទួលទានរបស់ខ្លួនដោយសារជំងឺកូវីដ ១៩ ។ ជំងឺ កូវីដ ១៩ ពន្យារពេលរាតត្បាតលើជីវិតមនុស្សជាតិកាន់តែយូរ ផលលំបាកលើអ្នករកទទួលទានក្រៅប្រព័ន្ធសេដ្ឋកិច្ចកាន់តែវែងឆ្ងាយដែរ ។ ក្នុងនោះអ្នកដែលបានត្អូញត្អែរក៏មានជាងកាត់សក់មួយដែរ ។

លោក សែម ជាងកាត់សក់ម្នាក់នៅភ្នំពេញ និយាយថា លោកបានបញ្ឈប់អាជីវកម្មកាត់សក់បីបួនខែម្តងកាលពីឆ្នាំ ២០២០ នៅក្នុងឆ្នាំ ២០២១ នេះ លោកបានបញ្ឈប់ទទួលកាត់សក់កាលពីដើមខែមីនា នៅពេលផ្ទុះការឆ្លងសហគមន៍ ២០ កុម្ភៈ មកដល់ពេលនេះមិនទាន់ហ៊ានបើកវិញនៅឡើយទេ ។ លោក សែម និយាយថា ការបញ្ឈប់អាជីវកម្មរបស់គាត់មិនសូវជាប៉ះពាល់ដល់ជីវភាពរបស់លោកប៉ុន្មានទេ ដោយសារលោកមិនជួលទីតំាងគេបើកអាជីវកម្ម គឺលោករកស៊ីនៅនឹងផ្ទះខ្លួនឯង ។ ប៉ុន្តែអ្នកដែលប៉ះពាល់ គឺជាងកាត់សក់របស់លោកពីរនាក់បានផ្អាកការងារ ហើយពួកគេបានវិលទៅស្រុកកំណើតវិញ ។

រូបតំណាង

«មានមិត្តភ័ក្តិខ្ញុំដែលជាជាងកាត់សក់ដែលពួកគាត់ជួបផលលំបាកដោយសារត្រូវបង់ថ្លៃផ្ទះជួល ។ អ្នកខ្លះជួលផ្ទះ ៣០០ ដុល្លារ ខ្លះ ៥០០ ដុល្លារ ប្រកបអាជីវកម្មលុះដល់ពេលកូវីដ ១៩ ពលរដ្ឋមិនហ៊ានចេញមកកាត់សក់ ធ្វើឲ្យពួកគេជួបផលលំបាកជាខ្លាំង ។ ចំណែកកូនជាងរបស់ខ្ញុំដែលជាមធ្យមគេទទួលបានចំណូល ៣០០ ដុល្លារក្នុងមួយខែ ពួកគាត់គ្មានចំណូលច្រើនខែមកហើយ ពួកគេទទួចឲ្យខ្ញុំបើកហាងឡើងវិញ តែខ្ញុំមិនហ៊ានដោយសារអត្រាឆ្លងនៅតែខ្ពស់» ។

លោក សំណាង ជាជាងកាត់សក់ម្នាក់នៅក្នុងសង្កាត់ភ្នំពេញថ្មី និយាយថា កូវីដ ១៩ បានបង្កផលបះពាល់ខ្លំាងដល់ជីវភាពរបស់លោក ។ លោកបានប្រកបរបរកាត់សក់ជាង ៥ ឆ្នាំមកហើយ ហើយបានជួលផ្ទះគេតម្លៃ ៣០០ ដុល្លារក្នុងការរកចំណូលនេះ ។ មុនផ្ទុះជំងឺកូវីដ ១៩ ក្នុងមួយថ្ងៃលោកអាចរកចំណូលបានយ៉ាងតិច ៤០ ដុល្លារ ។ «បិទ ឬមិនបិទអាជីវកម្មដូចគ្នាទេ គ្មាននណាហ៊ានមកកាត់សក់ទេពីព្រោះគេក្លាចឆ្លងកូវីដ ១៩ ។ កាលពីកំឡុងខែមេសា ខែឧសភា  ខ្ញុំក៏មិនហ៊ានទទួលកាត់សក់ឲ្យភ្ញៀវដែរ ។ គេក្លាចខ្ញុំ ខ្ញុំក្លាចគេ ប៉ុន្តែចូលដល់ខែកក្កដានេះ ខ្ញុំប្រថុយទទួលភ្ញៀវឡើងវិញពីព្រោះលំបាកខាងជីវភាពខ្លំាងពេក ។ មានម៉ូយខ្ញុំមួយចំនួនបានចេញមកកាត់សក់វិញ ប៉ុន្តែខ្ញុំនៅតែពិបាកក្នុងជីវភាព ព្រោះថ្ងៃខ្លះបានត្រឹម ១០ ដុល្លារ ថ្ងៃខ្លះមិនបានមួយរៀលផង ចំណែកថ្លៃជួលផ្ទះត្រូវបង់ឲ្យគេរាល់ខែ» លោក សំណាង ត្អូញត្អែរ ។

រូបតំណាង

តាមការសង្កេតពលរដ្ឋជាច្រើនមិនហ៊ានចេញទៅកាត់សក់ទេនៅពេលផ្ទុះជំងឺកូវីដ ១៩ ខ្លំាងនេះ ។ នៅលើបណ្តាញទំនាក់ទំនងសង្គមបុរសច្រើនបានបង្ហាញសក់របស់ខ្លួនដែលមានសភាពវែង មិនបានកាត់កោរជាច្រើនខែមកហើយ ។ មានបុរសខ្លះបានបង្ហោះរូបភាពថា នៅពេលផ្ទុះកូវីដ ១៩ នេះ មិនហ៊ានចេញទៅកាត់សក់ក្រៅផ្ទះឡើយ តែមានជាងកាត់សក់ពិសេស ជាងកាត់ឲ្យនោះ គឺភរិយារបស់ពួកគាត់ ។

កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP នៅភ្នំពេញ ក៏បានទទួលស្គាល់ថា ជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ដល់ពលរដ្ឋជាច្រើន ។ UNDP លើកឡើងដែលថា ជំងឺកូវីដ ១៩ បានកំពុងតែផ្តល់ផលប៉ះពាល់ដល់មនុស្សគ្រប់គ្នាដោយមិនប្រកាន់ពីតួនាទី ឬមុខរបរឡើយ ។ Accelerator Lab របស់ UNDP កម្ពុជា បាននិងកំពុងធ្វើការតាមដានផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងសង្គមនាពេលបច្ចុប្បន្ន និងអនាគតពីការរាតត្បាតជាសកលនេះ ទៅលើបុគ្គលិកកម្មករក្រៅប្រព័ន្ធ និងសហគ្រាសខ្នាតមីក្រូ ខ្នាតតូច និងខ្នាតមធ្យម ដើម្បីចូលរួមក្នុងការបង្កើតនូវវិធានការសមស្របនានាក្នុងការកាត់បន្ថយផលប៉ះពាល់ទៅលើពួកគេនៅទូទាំងប្រទេស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ