ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តសៀមរាបសម្រេច​យក​ភោជនីយដ្ឋាន១កន្លែង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដកំរិត​ស្រាល

2 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ បន្ទាប់​ពី​​មាន​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ កើនឡើង​នៅ​ខេត្ត​សៀមរាបពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាជ្ញា​ធរ​


ខេត្ត​សៀម​រា​ប ៖ បន្ទាប់​ពី​​មាន​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ កើនឡើង​នៅ​ខេត្ត​សៀមរាបពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ អាជ្ញា​ធរ​ខេត្ដ​បាន​សម្រេច​យក​ភោ​ជនី​យ​ដ្ឋា​ន វិមាន​មង្គល ស្ថិត​ក្នុងភូមិ​ចុង​កៅស៊ូ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ជាទី​តាំង​ទី​៥ សម្រាប់​ដាក់​ព្យាបាល​អ្នកមាន​ជំងឺ​កូ​វី​ដ​-១៩ ​កំរិត​ស្រាល បន្ទាប់​ពី​ទីតាំង​ដែល​បាន​នឹង​កំពុង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩ មិន​មាន​គ្រែ​គ្រប់គ្រាន់​សម្រាប់​ដាក់​អ្នកជំងឺ​។

មាន​ប្រសាសន៍​ក្នុង​ឱកាស​ចុះ​ពិនិត្យ​ទីតាំង​ទី​៥ នៅ​ល្ងាច​ថ្ងៃ​ទី​២១ ខែកក្កដា​នេះ លោក​វេជ្ជបណ្ឌិត ក្រុស សា​រ៉ាត់ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដសៀមរាប បញ្ជាក់​ថា ការ​សម្រេច​យក​ភោជនីយដ្ឋាន វិមាន​មង្គល ជាទី​តាំង​សម្រាប់​ដាក់​អ្នកជំងឺ​ដើម្បី​ព្យាបាល​ជំងឺ​កូ​វី​ដ​-១៩​នេះ គឺ​ដើម្បី​សម្រួល​ដល់​កន្លែង​ព្យាបាល​អ្នកជំងឺ​មួយ​ចំនួន​ទៀត ក្នុង​ក្រុង​សៀមរាប ខណ​:​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ មានការ​កើន​ឡើងជា​បន្ដបន្ទាប់​គួរ​ឲ្យ​កត់សម្គាល់​ ។ ​លោក​បន្ថែម​ថា ភោ​ជ​នី​យ​ដ្ឋា​ន វិមាន​មង្គល ជា​កន្លែង​ទី​៥ សម្រាប់​ព្យាបាល​អ្នកជំងឺ​​កូវីដ​​កំរិត​ស្រាល ដែល​ទីតាំង​នេះ​អាជ្ញាធរ​គ្រោង​នឹង​ដាក់​គ្រែ​ក្នុង​អាគារ​ជាង​៣០០​គ្រែ និង​ខាងក្រៅ​អា​គារ​ប្រហែលជា​ជិត​១០០០​គ្រែ​បន្ថែម​ទៀត​។

លោក​វេជ្ជបណ្ឌិត​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​ក្រុង​សៀមរាប មាន​ទីតាំង​​ព្យា​ល​បាល​អ្នកជំងឺ​ចំនួន​៥​កន្លែង គឺ​ទីតាំង​ទី​១- នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​មាន​ចំនួន ៤០​គ្រែ សម្រាប់​ព្យា​ល​អ្នកជំងឺ​មាន​កំរិត​ធ្ងន់​សង្គ្រោះ​បន្ទាន់​, ទីតាំងទី​២-នៅ​សាលា​គរុកោសល្យ និង​វិ​ក្រិត្ដ​ការ​ខេត្ដ សម្រាប់​ព្យាបាល​អ្នកជំងឺ​កំរិត​មធ្យម​ ដែល​អាច​ដាក់​អ្នកជំងឺ​ពី​៨០​នាក់ ទៅ​១០០​នាក់, ទីតាំង​ទី​៣-នៅ​វិទ្យាល័យ​អង្គរ សម្រាប់​អ្នកជំងឺ​មាន​កំរិត​ស្រាល​, ទីតាំង​ទី​៤-នៅ​វិទ្យាល័យ ១០​ មក​រា ​១៩៧៩ និង​ទីតាំង​ទី​៥-ភោជនីយដ្ឋាន វិមាន​មង្គល នេះ​។ ជាមួយ​គ្នា​នោះ​កន្លែង​ព្យាបាល​ជំងឺ​កូ​វី​ដ​​ ទីតាំង​ទី​៥​នេះ គឺ​សម្រាប់​តែ​ដាក់​តែ​អ្នកមាន​វិជ្ជមាន​កូ​វី​ដ​-១៩ ដែល​បាន​រក​ឃើញ​នៅ​តា​មណ្ឌល​ច​ត្ដា​ឡី​ស័ក​នៅ​ក្នុង​ក្រុង​សៀមរាប​រួម​មាន​៖​នៅ​មណ្ឌលច​ត្ដា​ឡី​ស័ក, ​វិទ្យាល័យ​សម្ដេចឪ , ​សាលារៀន​វត្ដ​ស្វាយ និង​ទីតាំង​មណ្ឌល​ច​ត្ដា​ឡី​ស័ក​ក្នុងស្រុក​មួយ​ចំនួន​ជាប់​ក្រុង​សៀមរាប​។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​នោះ​ដែរ ​លោក​ ទៀ សីហា អភិបាលខេត្ត​សៀមរាប មាន​ប្រសាសន៍​ថា ក្នុង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ខេត្តសៀមរាប​មាន​ចំនួន​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩ កើន​ឡើងជា​បន្តបន្ទាប់​គួរ​ឲ្យ​កត់សម្គាល់ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ខេត្ត​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​។ ចំពោះ​ការ​រៀបចំ​ទីតាំង​សម្រាប់​ដាក់​អ្នកជំងឺ​ទី​៥​នេះ វា​ជា​ការងារ​បន្ទាន់​ដែរ​អាជ្ញាធរ​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​រៀបចំ​បន្ទាន់ ស្រប​ពេល​ដែរ​ខេត្តសៀមរាប ក៏​កំពុង​ក្លាយជា​ខេត្ត​ដែល​ត្រូវ​ទទួល​ប្រជាពលរដ្ឋ​មក​ពី​ក្រៅប្រទេស​មាន​ចំនួន​ច្រើន ហើយ​បន្ទាប់​ពី​ខេត្តសៀមរាប​ក្លាយជា​ខ្សែត្រៀម​ទី​២ សម្រាប់​ទទួល​ប្រជាពលរដ្ឋ ដែល​ទើប​ត្រឡប​មក​ពី​ក្រៅប្រទេស ជា​ពិសេស​ការ​បញ្ជូន​មក​ពី​ខេត្តឧត្តរមានជ័យ ខណ​:​ខេត្តឧត្តរមានជ័យ​កំពុង​ជួន​ការ​ខ្វះខាត​កន្លែង​មិន​អាច​ទទួល​ដាក់​ប្រជាពលរដ្ឋ​ខ្មែរ​ចំណាកស្រុក​បន្ដ​ទៀត​បាន​។

លោក ទៀ សីហា មាន​ប្រសាសន៍​ទៀត​ថា អ្វី​ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​មួយទៀត​នោះ គឺ​បញ្ហា​ការ​រក​ឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ឌែ​លតា (Delta) ដោយ​បច្ចុប្បន្ន វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ កំពុង​បង្ក​ការ​ភ័.យ​ខ្លាច​ខ្លាំង​ទៅ​លើ​ប្រជាពលរដ្ឋ​ចំណាកស្រុក​មក​ពី​ក្រៅប្រទេស ដែល​មេរោគ​នេះ​មាន​ភាព​កាច​សាហា.វ​ជាង​មេរោគ​ធម្មតា​។ ជាមួយ​គ្នា​នោះ​ដែរ ​លោក​ក៏​បាន​ធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ឬ​មិន​ទាន់​ចាក់​ក្ដី ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ជា​ពិសេស​វិធានការ​របស់​រាជរដ្ឋាភិបាល គឺ​៣​កុំ និង ៣​ការពារ ដើម្បី​រួម​គ្នា​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ខណ​: បច្ចុប្បន្ន​ជំងឺ​នេះ​កំពុង​តែ​មានការ​កើតឡើង​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​របស់​យើង​។

សូម​ជម្រាប​ថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​: គិត​ត្រឹម​ល្ងាច​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​២០២១ ខេត្តសៀមរាប រកបាន​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វី​ដ​-១៩ សរុប​ចំនួន ៣,៣១៧​នាក់​, បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន ១,៤៩៦​នាក់​, ស្លាប់ ៣១​នាក់ និង​១,៧៩០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀម រាប​, មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​, វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ ដំ​ដែក ស្រុក​សូទ្រនិគម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ