ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​កូ​វី​ដ​! គង់ វិច្ឆិកា ទម្លាក់​ការ​រកស៊ី វិល​មក​ចាប់​សិល្បៈ​ឡើង​វិញ

2 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​សម្បុរ​ស្រអែម​ស្រស់​នាង គង់ វិច្ឆិកា បាន​វិល​មក​ចាប់​ការងារ​សិល្បៈ​ពេញដៃ​ឡើង​វិញ បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ជាប់ដៃ​នូវ​ការងារ​រកស៊ី​។ យ៉ាងណា ក្នុង​វិបត្តិ​កូ​វី​ដ នា​ពេល​នេះ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​សម្បុរ​ស្រអែម​ស្រស់​នាង គង់ វិច្ឆិកា បាន​វិល​មក​ចាប់​ការងារ​សិល្បៈ​ពេញដៃ​ឡើង​វិញ បន្ទាប់​ពី​មួយ​រយៈ​ចុង​ក្រោយ​នេះ​បាន​ជាប់ដៃ​នូវ​ការងារ​រកស៊ី​។ យ៉ាងណា ក្នុង​វិបត្តិ​កូ​វី​ដ នា​ពេល​នេះ​មុខ​រកស៊ី​បើក​ភោជនីយដ្ឋាន​ហាក់​មិនសូវ​កាក់កប​នោះ​ទេ ទើប​តារា​រូប​នេះ​ក៏​បាន​សម្លឹង​មើល​ការ​សម្តែង​ឡើង​វិញ ត្បិត​ការងារ​នេះ​គឺជា​ការ​ស្នូល​ដែល​នាង​មិន​មាន​បំណង​បោះបង់​ចោល​ឡើយ​។

គង់ វិច្ឆិកា បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ពោល​គឺ​ចាប់តាំងពី​ចុងឆ្នាំ​២០១៩​មក នាង​បាន​រយាល​ច្រើន​ពី​ការងារ​សិល្បៈ​។ នាង​បញ្ជាក់​ថា មូលហេតុ​ដែល​ឃ្លាត​ពី​ការងារ​សិល្បៈ​នោះ គឺ​នាង​មានមុខ​របរ​ដោយ​បើកហាង​រកស៊ី​ដែល​មានឈ្មោះ​ថា «​អាហារ​ដ្ឋា​ន​មាតុភូមិ​»​។ នាង​ថា ដោយសារ​ជាប់ដៃ​រកស៊ី​នេះ​ហើយ ទើប​នាង​សម្រេច​មិនសូវ​ទ​ទួ​ក​យក​ការងារ​ថត​ដូច​ជា​ពេល​មុន​នោះ​ឡើយ​។

ទោះជា​យ៉ាងណា បើ​តាម គង់ វិច្ឆិកា ថា មួយ​រយៈ​ចុង​ក្រោយ​នេះ ដោយសារ​តែ​ប្រទេស​កម្ពុជា​បាន​ពើបប្រទះ​នូវ​វិបត្តិ​កូ​វី​ដ​១៩ នោះ ធ្វើ​អោយ​ហាង​របស់​នាង ក៏​ដូច​ជា​ភោជនីយដ្ឋាន​ជា​ច្រើន​ទៀត​សម្រេច​បិទទ្វារ និង​សូវ​លក់ដាច់​ដូច​មុន​នោះ​ឡើយ ទើប​នាង​វិល​មក​រក​ការ​សម្តែង​ជា​ថ្មី​ឡើង​វិញ​។

នាង​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​នេះ នាង​បាន​ទទួល​ថត​កាយវិការ​ក្នុង​បទ​ចម្រៀង និង​ថត​ច្រៀង​ដាក់​តាម​យូ​ធូប​ប៉ុណ្ណោះ ខណៈ​ការ​ថត​ភាពយន្ត​នោះ គឺ​នាង​មិន​ទាន់​មាននៅ​ឡើយ​ទេ​។ នាង​ថា ដោយសារ​មួយ​រយៈ​មុន នាង​បាន​បាត់​មុខ ហេតុនេះ​ការងារ​សិល្បៈ​ដែល​ទើប​ផ្តើម​ឡើង​វិញ​នេះ ហាក់​មិនសូវ​មាន​ច្រើន ណាមួយ​វា​ចំ​ពេល​នៃ​វិបត្តិ​កូ​វី​ដ​ផង​នោះ​។

នាង​បញ្ជាក់​បន្ត​ទៀត​ថា កូ​វី​ដ​បាន​ធ្វើ​អោយ​រូប​នាង និង​អ្នកសិល្បៈ​ជា​ច្រើន​នាក់​ទៀត បាត់បង់​ការងារ និង​ប៉ះពាល់​ការ​រក​ប្រាក់​ចំណូល​យ៉ាង​ខ្លាំង​។

ទោះជា​យ៉ាងណា ក្នុង​ពេល​បច្ចុប្បន្ន​នេះ គង់ វិច្ឆិកា បាន​ប្រកាស​ថា នាង​នឹង​ចាប់​ការងារ​សិល្បៈ​នេះ​អោយ​ណែន​ពេញដៃ​ឡើង​វិញ​។ ដោយឡែក​ពាក់ព័ន្ធ​ទៅ​នឹង​អនាគត​គូស្រករ​នោះ គង់ វិច្ឆិកា អះអាង​ថា រហូត​មក​ដល់​ពេល​នេះ នាង​នៅ​មិន​ទាន់​មាន​ម្ចាស់​ចិត្ត​ទេ ពោល​គឺ​នាង​នៅ​មិន​ទាន់​រក​ឃើញ​បុរស​ណា​ដែល​ត្រូវចិត្ត​នាង​នៅឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ