ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ល្មើសច្បាប់​ចរាចរណ៍​ ប៉ូលិសចាប់ដក​ពិន្ទុ​បណ្ណ​បើកបរ និងពិន័យ ចាប់ពី​ដើមឆ្នាំ​២០២២ ​តទៅ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អញ្ជើញ​ជួប​ប្រជុំ​រាយការណ៍​វឌ្ឍនភាព​ការងារ​លើ​ការ​ដាក់​ដំណើរការ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក…

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន អញ្ជើញ​ជួប​ប្រជុំ​រាយការណ៍​វឌ្ឍនភាព​ការងារ​លើ​ការ​ដាក់​ដំណើរការ​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​មានការ​ចូលរួម​ថ្នាក់ដឹកនាំ អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រុមការងារ​បច្ចេកទេស តាម​ប្រព័ន្ធ​វី​ដេ​អូ​ពី​ចម្ងាយ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​ជម្រាប​ជូន​អំពី​គំនិត​ផ្តួចផ្តើម​ក្នុង​ការ​រៀបចំ​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក និង​ដំណើរការ​រៀបចំ​ប្រកាស​អន្តរក្រសួង​ស្តី​ពី​នីតិវិធី នៃ​ការ​ដក និង​បំពេញ​ពិន្ទុ​ឡើង​វិញ សម្រាប់​បណ្ណ​បើកបរ ដែល​នឹង​ត្រូវ​អនុវត្ត​នៅ​៥​ឆ្នាំ ក្រោយ​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ឆ្នាំ​២០១៧ ចូល​ជា​ធរមាន ។

កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក គឺជា​កម្មវិធី​បច្ចេកវិទ្យា ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី​នគរបាល​ចរាចរណ៍ ធ្វើការ​ដក​ពិន្ទុ​លើ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ដើម្បី​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ដោយ​មាន​លក្ខណៈ​ពិសេស​ដូច​ជា ស្គាល់​ទម្រង់​បណ្ណ​រួម​មាន បណ្ណ​បើកបរ លិខិតឆ្លងដែន អត្តសញ្ញាណ​បណ្ណ និង​បណ្ណ​សម្គាល់​យានយន្ត និង​អាច​ដឹង​ថា បណ្ណ​បើកបរ​ត្រឹមត្រូវ ឬ​ក្លែងក្លាយ ដឹង​ពី​ប្រតិបត្តិការ នៃ​ការ​កាត់​ពិន្ទុ និង​ពិន័យ​លឿន​រហ័ស ដឹង​ទីតាំង​ភូមិសាស្ត្រ និង​ប្រវត្តិ នៃ​ការ​ដក​ពិន្ទុ និង​ពិន័យ និង​អាច​កត់ត្រា​រាល់​ទិន្នន័យ ដែល​អាច​ប្រើប្រាស់​ជា​យុទ្ធសាស្ត្រ​សម្រាប់​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​ស្នើ​សុំ​សម្តេច​ក្រឡាហោម ពិនិត្យ​លើ​សេចក្តី​ព្រាង​ប្រកាស​អន្តរក្រសួង​លើ​កម្មវិធី​នេះ មុន​នឹង​ចាប់ផ្តើម​បណ្តុះបណ្តាល​កម្មវិធី​ដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​បទល្មើស​ចរាចរណ៍​ផ្លូវគោក ជូន​មន្ត្រី​នគរបាល​ចរាចរណ៍ នៅ​ខែសីហា ឆ្នាំ​២០២១ និង​ដាក់​ដំណើរការ​សាកល្បង និង​ផ្សព្វផ្សាយ​ជូន​សាធារណជន នៅ​ខែកញ្ញា ឆ្នាំ​២០២១ ។

ក្នុង​នោះ​ដែល ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ត្រៀម​នឹង​ប្រគល់​ទទួល​ឧបករណ៍​ដក​ពិន្ទុ និង​ពិន័យ​រួម​គ្នា ចំនួន​៥០០​គ្រឿង ជូន​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​កម្មវិធី​នេះ នឹង​ត្រូវ​សម្ពោធ​ដាក់​ប្រើប្រាស់​ផ្លូវការ​ នៅ​ដើមឆ្នាំ​២០២២ តទៅ ។

សម្តេច​ក្រឡាហោម ក្នុង​នាម​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង លើ​គំនិត​ផ្តួចផ្តើម​នេះ ហើយ​សម្តេច ក៏​ស្នើ​ព​ន្លឿ​ន​លើ​ខ្លឹមសារ​ប្រការ​អន្តរក្រសួង ដែល​បាន​ព្រាង​រួចរាល់ និង​ឯកភាព​ក្នុង​កម្រិត​បច្ចេកទេស ។

សម្តេច​ក្រឡាហោម ស្នើ​ឲ្យ​ក្រសួង សូម​ឲ្យ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​ការ​ផ្សព្វផ្សាយ ពន្យល់​ណែនាំ​ពី​នីតិវិធី នៃ​ការ​កាត់​ពិន្ទុ និង​ប្រឡង​បំពេញ​ពិន្ទុ​ឡើង​វិញ​ជូន​សាធារណជន ដែល​ត្រូវ​អនុវត្ត ត្រួតពិនិត្យ និង​ផាកពិន័យ ។

សម្តេច​ក្រឡាហោម​ក៏​បាន​កើត​សរសើរ​ដល់​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដែល​បាន​ខិតខំ​អភិវឌ្ឍ​កម្មវិធី​នេះ​ឡើង និង​មន្ត្រី​នគរបាល​ចរាចរណ៍​ដែល​ខិតខំ​ធ្វើការ ដើម្បី​ទប់ស្កាត់ និង​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ។

បន្ថែម​ពី​នេះ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ក៏​បាន​រាយការណ៍​អំពី​វឌ្ឍនភាព​ការងារ​រៀបចំ​តម្លើង​ប្រព័ន្ធ​កាមេរ៉ា​ចាប់​ល្បឿន​លើ​ផ្លូវជាតិ​មួយ​ចំនួន ដោយ​សហការ​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ។ នៅ​តាម​ដងផ្លូវ​ជាតិ​លេខ​៣ ចាប់ពី​ចោម​ចៅ ដល់​កំពត ក្រុមការងារ​នឹង​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ចាប់​ល្បឿន ១០​ទីតាំង ចំនួន​១៤​ឈុត និង​កំពុង​សិក្សា​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ចាប់​ល្បឿន​លើ​ផ្លូវជាតិ​លេខ​៧ ស្គន់​ទៅ​កំពង់ចាម ព្រមទាំង​ពិនិត្យ​លទ្ធភាព​ស្នើ​សុំ JICA បំពាក់​កាមេរ៉ា​នេះ​លើ​ផ្លូវជាតិ​លេខ​៥​ផង​ដែល ។

សម្តេច​ក្រឡាហោម បាន​កោតសរសើរ​លើ​ការ​រៀបចំ​ប្រព័ន្ធ​កាមេរ៉ា​ចាប់​ល្បឿន និង​គាំទ្រ​លើ​ចំណាត់ការ​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​លើ​បញ្ហា​បាតុភាព​ខាងលើ ដោយ​អនុវត្ត​តាម​ច្បាប់ និង​មិន​មានការ​លើកលែង​ខុស​ពី​ច្បាប់​ឡើយ និង​បាន​អរគុណ​ដល់​ក្រុមការងារ​ទាំងអស់ ដែល​បាន​ខិតខំ​រៀបចំ​កម្ម​វិធីដក​ពិន្ទុ​បណ្ណ​បើកបរ និង​ពិន័យ​លើ​បទល្មើស​ចរាចរណ៍​ផ្លូវគោក​នេះ​ឡើង និង​ជំរុញ​ឲ្យ​រៀបចំ​អនុវត្ត​តាម​ផែនការ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថា្ន​ក់​ចរាចរណ៍ ដែល​ខាតបង់​ទាំង​ទ្រព្យសម្បត្តិ និង​អាយុជីវិត​ប្រជាពលរដ្ឋ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ