ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរ​ខេត្តសៀមរាប សម្រេចយក​ភោជនីយដ្ឋាន “​វិមាន​មង្គល​” ជាទី​តាំងទី​៥ សម្រាប់​ព្យាបាល​អ្នកជំងឺ​កូ​វីដ​- ១៩ កំរិត​ស្រាល ខណៈ​អ្នកជំងឺ កើនឡើង​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​៖ បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កើនឡើង នៅ​ខេត្តសៀមរាប ជាប្រចាំ ពីមួយថ្ងៃ​ទៅមួយថ្ងៃ អាជ្ញាធរ​ខេត្ដ បាន​សម្រេចយក​ភោជនីយដ្ឋាន វិមាន​មង្គល ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ…

ខេត្តសៀមរាប​៖ បន្ទាប់ពី​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ កើនឡើង នៅ​ខេត្តសៀមរាប ជាប្រចាំ ពីមួយថ្ងៃ​ទៅមួយថ្ងៃ អាជ្ញាធរ​ខេត្ដ បាន​សម្រេចយក​ភោជនីយដ្ឋាន វិមាន​មង្គល ស្ថិតក្នុង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ជាទី​តាំងទី​៥ សម្រាប់​ដាក់​ព្យាបាល​អ្នកមាន​ជំងឺ​កូ​វីដ​-១៩ ដែលមាន​កំរិត​ស្រាល បន្ទាប់ពី​ទីតាំង ដែល​បាន និង​កំពុង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ មិនមាន​គ្រែ​គ្រប់គ្រាន់ សម្រាប់​ដាក់​អ្នកជំងឺ​។​

​មានប្រសាសន៍​ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​ទី​៥ នៅ​ល្ងាច​ថ្ងៃទី​២១ ខែកក្កដា​នេះ លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​មន្ទីរ​សុខាភិបាល ខេត្ដ​សៀមរាប បញ្ជាក់ថា ការ​សម្រេចយក​ភោជនីយដ្ឋាន វិមាន​មង្គល ជាទី​តាំង សម្រាប់​ដាក់​អ្នកជំងឺ ដើម្បី​ព្យាបាល​ជំងឺ​កូ​វីដ​-១៩​នេះ គឺ​ដើម្បី​សម្រួល​ដល់​កន្លែង​ព្យាបាល​អ្នកជំងឺ​មួយចំនួនទៀត ក្នុង​ក្រុង​សៀមរាប ខណ​:​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ មានការ​កើនឡើង​ជាប​ន្ដ​បន្ទាប់ គួរ​ឲ្យ​កត់សម្គាល់​។​

​លោក បន្ថែមថា ភោជនីយដ្ឋាន វិមាន​មង្គល ជា​កន្លែង​ទី​៥ សម្រាប់​ព្យាបាល​អ្នកជំងឺ​មានកំ​រិត​ស្រាល ដែល​ទីតាំង​នេះ អាជ្ញាធរ​គ្រោង​នឹងដាក់​គ្រែ ក្នុង​អាគារ​ជាង ៣០០​គ្រែ និង​ខាងក្រៅ​អាគារ​ប្រហែលជា​ជិត ១០០០​គ្រែ​បន្ថែមទៀត​។​

​លោក​វេជ្ជបណ្ឌិត បាន​ឲ្យ​ដឹង​ដែរ​ថា នៅក្នុង​ក្រុង​សៀមរាប មាន​ទីតាំង​កន្លែង​ព្យា​ល​បាល​អ្នកជំងឺ​ចំនួន ៥​កន្លែង ទីតាំង​ទី​១- នៅ​មន្ទីរពេទ្យបង្អែក​ខេត្ដ មាន​ចំនួន ៤០​គ្រែ សម្រាប់​ព្យា​ល​អ្នកជំងឺ​មាន​កំរិតធ្ងន់​សង្គ្រោះបន្ទាន់​, ទី​២- នៅ​សាលា​គរុកោសល្យ និង​វិ​ក្រិ​ត្ដ​ការ​ខេត្ដ សម្រាប់​ព្យាបាល​អ្នកជំងឺ​កំរិត​មធ្យម ដែល​អាចដាក់​អ្នកជំងឺ​ពី ៨០​នាក់ ទៅ ១០០​នាក់ ទី​៣- នៅ​វិទ្យាល័យ​អង្គរ សម្រាប់​អ្នកជំងឺ​មានកំ​រិត​ស្រាល ទី​៤- នៅ​វិទ្យាល័យ ១០​មករា​១៩៧៩ និង​ទី​៥ គឺ​ភោជនីយដ្ឋាន វិមាន​មង្គល នេះ​។ ជាមួយគ្នា​នោះ កន្លែង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ ទី​៥​នេះ គឺ​សម្រាប់តែ​ដាក់​តែ​អ្នកមាន​វិជ្ជមាន​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​នៅ​តា​មណ្ឌល​ច​ត្ដា​ឡី​ស័ក នៅក្នុង​ក្រុង​សៀមរាប រួមមាន​៖ នៅ​មណ្ឌល ច​ត្ដា​ឡី​ស័ក វិទ្យាល័យ​សម្ដេចឪ សាលារៀន​វត្ដ​ស្វាយ និង​ទីតាំង​មណ្ឌល​ច​ត្ដា​ឡី​ស័ក ក្នុងស្រុក​មួយចំនួន ជាប់​ក្រុង​សៀមរាប​។

​ក្នុងឱកាស​ចុះ​ពិនិត្យ​នោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប មានប្រសាសន៍ថា ក្នុង​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ ខេត្តសៀមរាប មាន​ចំនួន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ កើន​ឡើងជា​បន្តបន្ទាប់ គួរ​ឲ្យ​កត់សម្គាល់ ដែល​ធ្វើ​ឲ្យ​អាជ្ញាធរខេត្ត មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​។ ចំពោះ​ការរៀបចំ​ទីតាំង សម្រាប់​ដាក់​អ្នកជំងឺ​ទី​៥​នេះ វា​ជា​ការងារ​បន្ទាន់ ដែល​អាជ្ញាធរខេត្ត ត្រូវ​យកចិត្តទុកដាក់​រៀបចំ​បន្ទាន់ ស្រប​ពេលដែល​ខេត្តសៀមរាប ក៏​កំពុង​ក្លាយជា​ខេត្ត ដែល​ត្រូវ​ទទួល​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស មាន​ចំនួន​ច្រើន ហើយ​បន្ទាប់ពី​ខេត្តសៀមរាប ក្លាយជា​ខ្សែត្រៀម​ទី​២ សម្រាប់​ទទួល​ប្រជាពលរដ្ឋ ដែល​ទើប​ត្រឡប់​មកពី​ក្រៅប្រទេស ជាពិសេស​ការបញ្ជូន​មក​ពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណ​:​ខេត្ត​ឧ​ត្ត​រ​មានជ័យ កំពុង​ជួប​ការខ្វះខាត​កន្លែង មិនអាច​ទទួល​ដាក់​ប្រជាពលរដ្ឋ​ខ្មែរ ចំណាកស្រុក​បន្ដទៀត​បា​ន​។​

​លោក ទៀ សីហា មានប្រសាសន៍​ទៀតថា អ្វីដែល​គួរ​ឲ្យ​ព្រួយបារម្ភ​មួយទៀត​នោះ គឺ​បញ្ហា​ការរកឃើញ​វីរុស​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ ឌែ​លតា (Delta) ដោយ​បច្ចុប្បន្ន វីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ កំពុង​បង្ក​ការ​ភ័យ​ខ្លាំង​ទៅលើ​ប្រជាពលរដ្ឋ​ខ្មែរ ចំណាកស្រុក​មកពី​ក្រៅប្រទេស ដែល​មេរោគ​នេះ​មាន​ភាពកាចសាហាវ​ជាង​មេរោគ​ធម្មតា​។

​ជាមួយគ្នា​នោះដែរ ឯកឧត្តម ក៏បាន​ធ្វើការ​ក្រើនរំលឹក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ដែល​បាន​ចាក់​វ៉ាក់សាំង​រួចរាល់ ឬ​មិនទាន់​ចាក់​ក្ដី ត្រូវ​ចូលរួម​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​វិធានការ​នានា​របស់​ក្រសួងសុខាភិបាល ជាពិសេស​វិធានការ​របស់​រាជរដ្ឋាភិបាល គឺ​៣​កុំ និង ៣​ការពារ ដើម្បី​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ខណ​:​បច្ចុប្បន្ន ជំងឺ​នេះ កំពុងតែ​មានការ​កើត​ឡើង​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​របស់​យើង​។​

​សូមជម្រាបថា ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​: គិត​ត្រឹម​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ ខេត្តសៀមរាប រកបាន​ឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៣,៣១៧​នាក់​, បាន​ព្យាបាល​ជាសះស្បើយ​ចំនួន ១,៤៩៦​នាក់​, ស្លាប់ ៣១​នាក់ និង​១,៧៩០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀម​រាប​, មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត​, វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ ដំ​ដែក ស្រុក​សូទ្រនិគម​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ