គម្ពីរបរិត្តសូត្រមានសូត្រមួយឈ្មោះជយន្តោ ព្រះសម្មាសម្ពុទ្ធបានសម្តែងអំពីសុចរិតកម្មរបស់សត្វទាំងឡាយ ដែលជាគ្រឿងបញ្ចៀសការភ័យខ្លាច និងបញ្ចៀសពួកអមិត្រទាំងឡាយដោយកិរិយាប្រព្រឹត្តកម្មបីជានិច្ចគឺ ប្រព្រឹត្តល្អដោយកាយ ដោយវាចា និងដោយចិត្ត ។
ព្រោះថា ពេលណាដែលសត្វទាំងឡាយ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្តគ្រប់លក្ខណៈហើយ ពេលនោះឈ្មោះថាជានក្ខត្តឫក្សល្អ ជាមង្គលល្អ ជាពេលភ្លឺស្វាងល្អ ជាពេលនៃអរុណរះល្អ ជាខណៈល្អ ជាយាមល្អ ។ ទានដែលបុគ្គលបូជាហើយដល់ព្រហ្មចារីបុគ្គលទាំងឡាយ ក្នុងពេលនោះ ឈ្មោះថាជាគ្រឿងបូជាល្អ ក្នុងថ្ងៃនោះកាយកម្មក៏ឈ្មោះថានាំឲ្យមានសេចក្តីចម្រើន វចីកម្មក៏ឈ្មោះថានាំឱ្យមានសេចក្តីចម្រើន មនោកម្ម ក៏ឈ្មោះថា នាំឲ្យមានសេចក្តីចម្រើន គឺសុខចម្រើនទៅទាំងព្រមតែម្តង ។
កាលបើបុគ្គលប្រព្រឹត្តល្អយ៉ាងនេះហើយ សេចក្តីប្រាថ្នាទាំងឡាយរបស់អ្នកទាំងនោះ ក៏ឈ្មោះថានាំឲ្យមានសេចក្តីចម្រើន ហើយរមែងបាននូវប្រយោជន៍ដ៏ចម្រើនទាំងឡាយ ៕ សាន សារិន
ចែករំលែកព័តមាននេះ