ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​បុរស​ម្នាក់​ឡើង​ដំបូល​ផ្ទះ លុះ​ឃាត់រួច ជន​​រង​គ្រោះ​​មក​ដល់​ទើប​ដឹង​ការ​ពិត

2 ឆ្នាំ មុន
  • ភ្នំពេញ

បុរស​ម្នាក់​បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​មួយ​កន្លែង ក្នុង​បំណង​បើក​ដំបូល​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​ពុំ​ទាន់​បាន​ធ្វើ​ផង ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ទាន់ រួច​ក៏​រាយការណ៍​ជូន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ឡើង​ទៅ​លើដំបូល​ផ្ទះ​មួយ​កន្លែង ក្នុង​បំណង​បើក​ដំបូល​ចូល​ទៅ​លួច​ទ្រព្យសម្បត្តិ ប៉ុន្តែ​ពុំ​ទាន់​បាន​ធ្វើ​ផង ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ទាន់ រួច​ក៏​រាយការណ៍​ជូន​នគរបាល​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន ហើយ​នាំ​យក​ទៅ​សាកសួរ និង​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​។ ហេតុការណ៍​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ នៅ​ក្បែរ​រោងចក្រ​កាត់ដេរ​៦​ជាន់ តាម​បណ្ដោយ​ផ្លូវ​វ៉េ​ង​ស្រេង ស្ថិត​នៅ​ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​ដែល​ជា​ជនសង្ស័យ​ខាងលើ​នោះ ឈ្មោះ រ៉េ​ន រឿ​ន អាយុ​៣៩​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅ​ជិត​កន្លែង​កើតហេតុ​នោះ​ដែរ​។

តាម​ប្រ​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ពុំ​មាន​នរណា​បានឃើញ និង​បានដឹង​ថា បុរស​ជា​ជនសង្ស័យ​រូប​នេះ​ឡើង​ទៅ​លើដំបូល​ផ្ទះ​នោះ​តាំងពី​ពេល​ណា​នោះ​ទេ ស្រាប់តែ​នៅ​វេលា​ម៉ោង​កើតហេតុ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​រូប​នេះ​ស្ថិត​នៅ​លើដំបូល​ទៅ​ហើយ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា ពេល​នោះ អ្នក​ភូមិ​បាន​នាំ​គ្នា​ហៅ​ឲ្យ​ចុះ ជនសង្ស័យ​រូប​នេះ​ពុំ​ព្រម​ចុះ​ឡើយ ទើប​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១​តែ​ម្តង ហើយ​នគរបាល​ក៏​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ​ផង​ដែរ​។

ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា គ្រាន់តែ​ឃើញ​នគរបាល​ទៅ​ដល់​ភ្លាម ជនសង្ស័យ​រូប​នោះ​ក៏​បាន​រត់​ផ្លោះ​ពី​ផ្ទះ​មួយ​ទៅ​កាន់​ផ្ទះ​មួយ និង​ផ្លោះ​ចូល​ទៅ​ក្នុង​រោងចក្រ​ថែម​ទៀត ហើយ​កម្លាំង​នគរបាល​បាន​លួងលោម​ឲ្យ​ចុះ តែ​ភ្លាម​ៗ​នោះ​ជនសង្ស័យ​អត់​ព្រម​ចុះ និង​និយាយ​ថា «​ខ្លាច​ប្រជាពលរដ្ឋ​វាយ​»​។

ចំណែក​នគរបាល​វិញ ក៏​បាន​ធ្វើការ​ឡោម​ព័ទ្ធ និង​ធានា​ថា មិន​ឲ្យ​នរណា​ធ្វើបាប​នោះ​ទេ ប៉ុន្តែ​ជនសង្ស័យ​រូប​នេះនោះ​នៅ​តែ​ពុំ​ព្រម​ចុះ​ទៀត លុះ​រហូត​ដល់​នគរបាល​ឡើង​ទៅ​ចាប់​តែ​ម្ដង បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍ ហើយ​ជនសង្ស័យ​រូប​នេះ​ក៏​ព្រម​សារភាព​ថា «​ខ្លួន​ឡើង​លើដំបូល​ផ្ទះ​ខាងលើ​ដើម្បី​លួច​ទ្រព្យសម្បត្តិ តែ​ពុំ​ទាន់​បាន​ធ្វើ​ផង ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​បែប​នេះ​តែ​ម្ដង»​។

បើ​តាម​ប្រភព​បន្ថែម​ពី​មន្ត្រី​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ពុំ​មែន​ឡើង​ទៅ​លើដំបូល​ផ្ទះ​នោះ​ប៉ុនប៉ង​លួច​នោះ​ទេ គឺ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទ​១​គ្រឿង​ម៉ាក​Iphone8 ព្រមទាំង​កាបូប​លុយ​១ និង​កុំព្យូទ័រ​១​គ្រឿង​ផង​ពី​យុវជន​ម្នាក់​ឈ្មោះ​វឿ​ន វៀត អាយុ​២៣​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​កើតហេតុ​នោះ​ដែរ ។ ហើយ​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​ដេក​នៅ​ក្នុង​បន្ទប់​ដោយ​ចំហរទ្វារ​ក្រោយ​នោះ ជនសង្ស័យ​រូប​នេះ​ក៏​ឆ្លៀតឱកាស​ចូល​ទៅ​លួច​តែ​ម្តង ប៉ុន្តែ​ត្រូវ​ជន​រង​គ្រោះ​ដឹង​ទាន់​បាន​ដេញ​តាម​ចាប់ និង​យក​បាន​របស់របរ​មក​វិញ ចំណែក​ជនសង្ស័យ​រូប​នេះ​វិញ ក៏​បាន​រត់ឡើង​ទៅ​លើដំបូល​ផ្ទះ​នៅ​ម្ដុំ​នោះ រហូត​ដល់​ពេល​នគរបាល​ចាប់ខ្លួន​បាន ដោយឡែក​ជន​រង​គ្រោះ​ក៏​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​១​រួចរាល់​ហើយ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ