ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋខ្លះផ្តើមបង្រួមកម្មវិធីអាពាហ៍ពិពាហ៍តាមកូវីដ ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយរង់ចំាស្ថានភាពកូវីដ ១៩ ឲ្យប្រសើរដូចជាមិនដឹងពេលណានោះ មានពលរដ្ឋមួយចំនួនបានផ្តើមបង្រួមកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួននៅពេលនេះ ទៅតាមវិធានការការពារជំងឺកូវីដ ១៩ បន្ទាប់ពីបានលើកពេលរៀបចំកម្មវិធីរៀបការម្តងជាពីរដងហើយនោះ ។…

រាជធានីភ្នំពេញ ៖ ដោយរង់ចំាស្ថានភាពកូវីដ ១៩ ឲ្យប្រសើរដូចជាមិនដឹងពេលណានោះ មានពលរដ្ឋមួយចំនួនបានផ្តើមបង្រួមកម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួននៅពេលនេះ ទៅតាមវិធានការការពារជំងឺកូវីដ ១៩ បន្ទាប់ពីបានលើកពេលរៀបចំកម្មវិធីរៀបការម្តងជាពីរដងហើយនោះ ។

លោក វិបុល អាយុ ៣២ ឆ្នាំ អ្នករស់នៅភ្នំពេញបានឲ្យដឹងថា កាលពីចុងសប្តាហ៍មុនលោក និងគូដណ្តឹង បានរៀបចំពិធីអាពាហ៍ពិពាហ៍ដោយមានចាស់ទុំទំាងសងខាង និងសាច់ញាតិមួយចំនួនតូចចូលរួមប៉ុណ្ណោះ ដើម្បីបង្គ្រប់កិច្ច និងផ្តើមកសាងគ្រួសារឲ្យស្របច្បាប់ និងប្រពៃណីដោយមិនចង់រង់ចំាស្ថានការណ៍កូវីដទៀត ។ 

បុរសរូបនេះនិយាយថា តាមពិតទៅលោកចងរៀបការក្នុងទម្រង់តូចតាចតំាងពីដំបូងឡើយ ប៉ុន្តែដោយសារគ្រួសារគូដណ្តឹងរបស់លោកចង់រៀបចំពិធីធំ ទើបបានពន្យារពេលតំាងពីដើមឆ្នាំ ២០២០ មក ។ «ខ្ញុំបានរៀបចំពិធីការកាលពីសប្តាហ៍មុន ។ យើងរៀបចំពីធីតាមប្រពៃណីប៉ុន្តែក្នុងទ្រង់ទ្រាយតូច និងប្រយ័ត្នបំផុត ។ ញាតិមិត្តរបស់យើងប្រហែល ២០ នាក់ប៉ុណ្ណោះបានចូលរួម តែយើងបាននិមន្តព្រះសង្ឃ និងបានរៀបចំពិធីសំខាន់ៗមួយចំនួន ដូចជាចងដៃ ពិធីបង្វិលពពិល តែមិនបានរៀបចំពិធិកាត់សក់នោះទេ តែយើងមានពិធីសូត្រមន្ត» ។ លោក វិបុល រៀបរាប់ឲ្យដឹង ។

នៅក្នុងសប្តាហ៍នេះ នៅបុរីមួយក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ អាពាហ៍ពិពាហ៍ចំនួនពីរបានរៀបចំឡើងក្នុងទម្រង់តូចដែរ ។ គេសង្កេតឃើញក្នុងពិធីនោះ មានតែសាច់ញាតិ ១០ ឬ ២០ នាក់ចូលរួម ។ ម្ចាស់កម្មវិធីនិយាយដូចគ្នានឹងលោក វិបុល ដែលថា ពួកគេមិនអាចរង់ចំាស្ថានការណ៍កូវីដ ១៩ ឲ្យប្រសើរបានទៀតទេ វានាំឲ្យខាតពេលវេលាកសាងសុភមង្គលគ្រួសារ ដូច្នេះបានសម្រេចចិត្តរៀបការនាពេលនេះ ជាលក្ខណៈគ្រួសារប៉ុណ្ណោះ ។

ពិធីរៀបការដែលធ្វើឡើងនៅក្នុងសង្កាត់និររោធនេះមិនមានភ្លេងប្រពៃណីខ្មែរ តែមានចុងភៅរៀបចំអាហារសម្រាប់អ្នកចូលរួម និងប្រគេនព្រះសង្ឃ ។ កម្មវិធីបានដំណើរតែមួយព្រឹកប៉ុណ្ណោះ ដោយមិនមានការជួបជុំពិសារអាហារពេលល្ងាចដូចទម្លាប់ដែលពិធីអាពាហ៍ពិពាហ៍បានរៀបចំឡើងនាពេលកន្លងមកនោះឡើយ ។

ជាការកត់សម្គាល់ពលរដ្ឋជាច្រើនបានបង្ហាញភាពអធិកអធមតាមរយៈការរៀបអាពាហ៍ពិពាហ៍ ដែលអ្នកខ្លះនិយាយនោះជាការឲ្យតម្លៃលើពិធីនិយម ឬសម្ភារនិយម ។ ប៉ុន្តែអ្នចំណាយថវិការៀបចំកម្មនេះចាត់ទុកជាពេលវេលាពិសេសក្នុងជីវិតរបស់គេ ។ មានការមើលឃើញថា នៅក្នុងអាហ៍ពិពាហ៍មួយបានចំណាយថវិកាយ៉ាងច្រើន ។ ថវិកាចំណាយលើការតុបតែង ការរៀបចំពិធីជាច្រើនដែលមិនចាំបាច់ ។ អាពាហ៍ពិអាពាហ៍ត្រូវបានគេដឹងបានចំណាយថវិការាប់ពាន់ទៅម៉ឺនដុល្លារ គ្រាន់តែលើការតុបតែងកូនក្រមុំ និងរៀបចំរោងមង្គលការ ។ អាពាហ៍ពិពាហ៍នាពេលកន្លងមកបានធ្វើឲ្យពលរដ្ឋមួយចំនួនត្អូញត្អែរផងដែរពីចំណងដៃ ។ ពលរដ្ឋខ្លះបាននិយាយថា ក្នុងមួយខែៗ ខ្លួនទទួលបានលិខិតអញ្ជើញរៀបការពីពីរទៅបួនលិខិតដោយក្នុងមួយរោងត្រូវចំណាយថវិកាចងដៃយ៉ាងតិច ៤០ ដុល្លារ ។

ទោះបីនោះជាទំនាក់ទំនងសង្គម ជាមិត្តភាពដោយសារម្តងគេម្តងយើង ប៉ុន្តែមានមតិជាច្រើនបានលើកទឹកចិត្តឲ្យពលរដ្ឋបង្រួមការចំណាយលើការរៀបពិធីអាពាហ៍ពិពាហ៍ហើយការរៀបការមិនគួរណាក្លាយជាបន្ទុកសម្រាប់មនុស្សទូទៅត្រូវចង់ដៃនោះឡើយ ។ តើការរៀបការក្នុងសម័យកូវីដ ១៩ នេះ អាចលក្លាយជាគំរូដើម្បីឲ្យមានការបង្រួបពិធីរៀបការនៅក្នុងសង្គមខ្មែរតទៅ ឬយ៉ាងណា ? ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ