ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​មេដាយមាស​កីឡា​ម៉ូតូទឹក សាលី អ៊ូ​មើ​ត ខកចិត្ត​នឹង​ការ​ប្រកួត​នៅ​ប៉ូ​ឡូញ

2 ខែ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ឆ្នាំ​២០១៨ លោក សាលី អ៊ូ​មើ​ត បាន​បង្ហាញ​ពី​ការ​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​

​រាជធានីភ្នំពេញ ៖ ម្ចាស់​មេដាយមាស​កីឡា​អាស៊ី ឆ្នាំ​២០១៨ លោក សាលី អ៊ូ​មើ​ត បាន​បង្ហាញ​ពី​ការ​ខកចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​លោក​ចំណាយពេល​ហ្វឹកហាត់​ដោយ​ភាព​លំបាក ប៉ុន្តែ​ចុង​ក្រោយ​បែរជា​មិន​អាច​បាន​ប្រកួត កីឡា​ម៉ូតូ​ទឹក​ពិភពលោក Jet Ski World Series 2021-2022 ជុំ​ទី​១ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ប្រទេស​ប៉ូ​ឡូញ​ដូច​ការ​គ្រោងទុក​។ ហេតុផល​នៃ​ការ​ខកខាន​នោះ គឺ​ដោយសារ​តែ​មាន​បញ្ហា​លើ​ការ​ស្នើ​សុំ​ទិដ្ឋាការ​(Visa) ចូល​ទៅ​កាន់​ទឹកដី​អឺរ៉ុប ស្រប​ពេល​ការ​ប្រកួត នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា​ស​ប្ដា​ហ៍​នេះ​ទៅ​ហើយ​។

កីឡាករ សាលី អ៊ូ​មើ​ត បាន​ឲ្យ​ដឹង​ថា ដំបូង​ឡើយ​ខ្លួន​ត្រូវ​ចេញ​ទៅ​អា​ល្លឺ​ម៉​ង់ កាលពីដើម​ខែកក្កដា មុន​បន្ដ​ទៅ​ប្រទេស​អូ​ទ្រី​ស ដើម្បី​យក​ម៉ូតូ​ថ្មី​របស់​ខ្លួន ទៅ​ចូលរួម​ប្រកួត​នៅ​ប្រទេស​ប៉ូ​ឡូញ​។ ប៉ុន្ដែ​ដោយសារ​បញ្ហា​កូ​វី​ដ​-១៩ បាន​ធ្វើ​ឲ្យ​ការ​ស្នើ​សុំ​ទិដ្ឋាការ​ចូល​តំបន់​អឺរ៉ុប ត្រូវ​ពន្យារពេល​ជា​បន្ដបន្ទាប់ រហូត​ត្រូវ​ខកខាន​ចូលរួម​ការ​ប្រកួត​តែ​ម្ដង ខណៈ​ថ្ងៃ​ប្រកួត​កាន់តែ​ខិត​ជិត​ដល់​ហើយ ប៉ុន្តែ​ស្ថា​ត​ទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​ប្រទេស​ថៃ នៅ​មិន​ទាន់​ឆ្លើយ​តប​នៅឡើយ​។

សមាជិក​ក្រុមកីឡា​ម៉ូតូ​ទឹក​ជម្រើសជាតិ​កម្ពុជា​ខាងលើ បាន​បញ្ជាក់​ថា «​ឥឡូវ​ខ្ញុំ​បាន​ខកខាន​ចូលរួម​ការ​ប្រកួត​នៅ​ប៉ូ​ឡូញ​ហើយ ដោយសារ​ខ្ញុំ​ចូល​ទៅ​ទ្វីបអឺរ៉ុប គេ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្ដា​ឡី​ស័ក​១០​ថ្ងៃ​នៅ​ក្នុងផ្ទះ ដល់​អ៊ីចឹង​ខ្ញុំ​អត់​អាច​ចូលរួម​ប្រកួត​ទាន់​ទេ ព្រោះ​អី​គេ​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា តែ​ឥលូវ​ខ្ញុំ​នៅ​ថៃ​នៅឡើយ ដោយសារ​យឺតយ៉ាវ Visa ទៅ​អា​ល្លឺ​ម៉​ង់ ដែល​ខ្ញុំ​បាន​ស្នើ​សុំ​គេ គេ​អត់​ទាន់​ឆ្លើយ​តប​…»​។

ជាមួយ​ការ​ខកខាន​ចូលរួម​ព្រឹត្ដិការណ៍​កម្រិត​ពិភពលោក​នេះ អ៊ូ​មើ​ត បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង ដ្បិត​រូបគេ​បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ជា​យូរ ព្រមទាំង​ទិញ​ម៉ូតូ​ទឹក​ថ្មី បែរជា​មិន​បាន​ចូលរួម​ការ​ប្រកួត​ទៅ​វិញ​។ អ៊ូ​មើ​ត បញ្ជាក់​ថា ទោះបី​ខកខាន​ការ​ប្រកួត​ជុំ​ទី​១ នៅ​ប៉ូ​ឡូញ ខ្លួន​ក៏​អាច​ចូលរួម​ប្រកួត​ជុំ​ទី​២ និង​ជុំ​ទី​៣ បាន​ដែរ ប៉ុន្ដែ​ទោះបី​ដណ្ដើម​បាន​លេខ​១ ក៏​មិន​អាច​ទទួល​បាន​ចំណាត់ថ្នាក់​ដែរ ព្រោះ​ខ្លួន​ខាតបង់​ការ​ប្រកួត ១​ជុំ​ទៅ​ហើយ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​កីឡា​ម៉ូតូ​ទឹក​ពិភពលោក Jet Ski World Series 2021-2022 បាន​បែងចែក​ការ​ប្រកួត​ជា ៣​ជុំ នៅ ៣​ទ្វីប​ផ្សេង​គ្នា ដោយ​ជុំ​ទី​១ ផ្ដើម​ចេញពី​ការ​ប្រកួត​ប្រចាំ​តំបន់​អឺរ៉ុប ដែល​ប្រទេស​ប៉ូ​ឡូញ ទទួល​បាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២១ ខណៈ​ជុំ​ទី​២ នឹង​ប្រកួត​នៅ​សហរដ្ឋអាមេរិក ចាប់ពី​ថ្ងៃ​ទី​៦ ដល់​ថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ​២០២១ និង​ជុំ​ទី​៣ ដែល​ជា​ជុំ​កាត់សេចក្ដី នឹង​ប្រកួត​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ​៕