ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លទ្ធផល​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​គង្គា លើក​ទី​១១ តាម​ប្រព័ន្ធ​វីដេអូ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា…

ភ្នំពេញ​៖ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​ដឹកនាំ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​​ការបរទេស​មេគង្គ​-​គង្គា​ លើក​ទី​១១ ជាមួយ​ឯកឧត្តម​បណ្ឌិត ស៊ូ​ប្រា​ម៉ាន​យ៉ាំ ចៃ​ហ្សា​ន​កា រដ្ឋមន្ត្រី​​ការបរទេស​នៃ​សាធារណរដ្ឋ​ឥណ្ឌា តាម​ប្រព័ន្ធ​វីដេអូ និង​មានការ​អញ្ជើញ​ចូលរួម​របស់​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​មេគង្គ ដទៃទៀត​។​

​នាឱកាស​គម្រប់​ខួប​អនុស្សាវរីយ៍ ២០​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា (២០០០-២០២០) ​រដ្ឋមន្ត្រី​ទាំងអស់ ​បាន​ថ្លែង​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​នៃ​ការអនុវត្ត​ផែនការ​សកម្មភាព រយៈពេល ៤​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា ២០១៩-២០២២​។

​ជាមួយគ្នានេះដែរ កិច្ចប្រជុំ​ក៏មាន​ការបើក​សម្ពោធ​ឱ្យ​ដំណើរការ​នូវ​គេហទំព័រ MGC និង​ការចាក់​បង្ហាញ​ឯកសារ​វីដេអូ ដែល​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ ក៏ដូចជា​ធនធានធម្មជាតិ សង្គម និង​វប្បធម៌​ដ៏​សម្បូរបែប​របស់​ប្រទេស​សមាជិក​។

​គួរបញ្ជាក់​ផងដែរ​ថា ជំងឺ​រាតត្បាត​កូ​វីដ​-១៩ បាន​ពន្យារពេល​ដល់​ការ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ ២០​ឆ្នាំ នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា ដែល​បានគ្រោង​រៀបចំ​នៅ​ខែមេសា ឆ្នាំ​២០២០ នៅ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ខេត្តសៀមរាប ប្រទេស​កម្ពុជា​។

រដ្ឋមន្ត្រី​ទាំងអស់ បាន​សម្តែង​ក្តី​សង្ឃឹមថា នឹង​អាច​រៀបចំ​ព្រឹត្តិការណ៍​អបអរសាទរ ក្នុងពេល​ឆាប់ៗ​ខាងមុខ នៅពេលដែល​ស្ថានភាព​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ មាន​ភាពប្រសើរឡើង​។​

​រដ្ឋមន្ត្រី​ទាំងអស់ បាន​កោតសរសើរ ចំពោះ​ការគាំទ្រ​គ្នា​ទៅវិញទៅមក រវាង​បណ្តា​ប្រទេស​មេគង្គ​-​គង្គា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​។

ដោយ​យល់ច្បាស់​អំពី​បញ្ហា​ប្រឈម ដែល​បង្កឡើង​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ រដ្ឋមន្ត្រី​ទាំងអស់​បាន​ឯកភាព​លើ​ការធ្វើ​សិក្ខាសាលា​ជាក់ស្តែង​ដើម្បី​ឆ្ពោះទៅរក​ការ​ព​ន្លឿ​ន​ដំណើរការ​នៃ​ការស្តារ​សេដ្ឋកិច្ចសង្គម ក្រោយ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​ការជំរុញ​ការផ្លាស់ប្តូរ​គំនិត ស្តីពី​វិធី​លើកកម្ពស់​សុខភាព​សាធារណៈ និង​ធានាបាន​នូវ​សន្តិសុខ​សុខភាព ក្នុង​យុគ​សម័យ ក្រោយ​ការ​រាតត្បាត​កូ​វីដ​-១៩ ជាពិសេស​ការអភិវឌ្ឍ​ការស្រាវជ្រាវ​វេជ្ជសាស្ត្រ ការផលិត ការ​ចែកចាយ​ថ្នាំ និង​វ៉ាក់សាំង​។​

​រដ្ឋមន្ត្រី​ទាំងអស់ បាន​ស្វាគមន៍​ជំនួយ​របស់​ឥណ្ឌា​ដល់​បណ្តា​ប្រទេស​មេគង្គ ក្រោម​គម្រោង​ទទួលផល​រហ័ស (Quick Impact Projects) នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា និង​បាន​កត់សម្គាល់ថា ចាប់តាំងពី​ការចាប់ផ្តើម​របស់ខ្លួន នៅក្នុង​ឆ្នាំ​២០១៥ គម្រោង​ចំនួន ៣៨ បានបញ្ចប់ និង ៣០​គម្រោង​ផ្សេងទៀត កំពុង​អនុវត្ត​។​

​ឆ្លៀត​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់ថា អស់​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ គម្រោង និង​សកម្មភាព​ជាច្រើន ក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា បាន​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​នៅក្នុង​អនុតំបន់​មេគង្គ រួមមាន វិស័យ​សុខាភិបាល អប់រំ
​បរិស្ថាន និង​វប្បធម៌​។

​ព្រម​ជាមួយគ្នានេះដែរ កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា បាន​ចូលរួមចំណែក​យ៉ាងសំខាន់ ក្នុងការ​លើកកម្ពស់​ទំ​នាក់​ទំនង​ជិតស្និទ្ធ ការយោគយល់ និង​ការជឿទុកចិត្ត​គ្នា ព្រមទាំង​បាន​លើកកម្ពស់​ការអភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច នៅក្នុង​អនុតំបន់​មេគង្គ ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នូវ​សុខុមាលភាព និង​វិបុលភាព សម្រាប់​ប្រជាជន​នៃ​ប្រទេស​សមាជិក​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​ភាពចាំបាច់ ក្នុងការ​ប្តេជ្ញាចិត្ត​ច្បាស់លាស់​របស់​ប្រទេស​ឥណ្ឌា ក្នុង​ការផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​ទទួលផល​រហ័ស ចំពោះ​ប្រទេស​កម្ពុជា និង​ប្រទេស​មេគង្គ​ដទៃទៀត ដោយបាន​នាំមក​នូវ​លទ្ធផល​ជាក់ស្តែង​ជាច្រើន ដែល​រួមចំណែក​ដល់​ការលើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន​នៅក្នុង​អនុតំបន់​មេគង្គ និង​បាន​ថ្លែង​អំណរគុណ​ផងដែរ ចំពោះ​ប្រទេស​ឥណ្ឌា ដែល​បាន​បង្កើន​នូវ​ការ​ផ្តល់ជំនួយ សម្រាប់​គម្រោង​ទទួលផល​រហ័ស​ដល់ក​ម្ពុ​ជា​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​សម្តែង​ការគាំទ្រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សារមន្ទីរ​វាយ​ន​ភណ្ឌ ប្រពៃណី​អាស៊ី ដែល​បាន​បង្កើតឡើង ក្នុង​ឆ្នាំ​២០១៤ នៅ​ខេត្តសៀមរាប ប្រទេស​កម្ពុជា ដែលជា​សមិទ្ធផល​មួយ ដែល​ឆ្លុះបញ្ចាំង​អំពី​សារៈសំខាន់ និង​និរន្តរភាព​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​។ ជា​អកុសល ឧស្សាហកម្ម​ទេសចរណ៍ ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ដែលជា​ហេតុ​ធ្វើឱ្យប៉ះពាល់​ដល់​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់​សារមន្ទីរ​។ ក្នុងន័យនេះ មានតែ​ផែនការ​ស្តារឡើងវិញរ​បស់​សារមន្ទីរ ដែលមាន​ការគាំទ្រ​ពី​បណ្តា​ប្រទេស​ជា​សមាជិក​តែប៉ុណ្ណោះ ទើប​អាច​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ហើយ​អាច​ឈានទៅរក​ភាពប្រក្រតី​ជាថ្មី​ឡើងវិញ​។​

​កិច្ច​ប្រជុំបាន​បញ្ចប់ទៅ ជាមួយនឹង​ការអនុម័ត​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​គង្គា លើក​ទី​១១ ជាមួយ​នឹង​ការចែកជូន​នូវ​របាយការណ៍​វឌ្ឍនភាព ស្តីពី​ផែនការ​សកម្មភាព​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា (២០១៩-២០២២) និង​បញ្ជី​គម្រោង​ទទួលផល​រហ័ស នៅក្នុង​ក្របខណ្ឌ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​គង្គា​៕​