ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​៖ តំបន់​ទេសចរណ៍​ផ្សងព្រេង​ទាំងអស់ ត្រូវ​ពង្រឹង​ការអនុវត្ត​ស្ដង់ដា ឱ្យបាន​ត្រឹមត្រូវ មុននឹង​ឱ្យ​ភ្ញៀវទេសចរ ចូលទៅ​តំបន់​ផ្សងព្រេង​របស់ខ្លួន

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ក្រើនរំឭក​ដល់​អ្នកគ្រប់គ្រង ឬ​ប្រធាន​សហគមន៍ នៅតាម​តំបន់​ទេសចរណ៍​ផ្សងព្រេង​ទាំងអស់ ត្រូវ​រៀបចំ​ឱ្យមាន​ការគ្រប់គ្រង​ចរ​ន្ត​ភ្ញៀវទេសចរ ពិសេស​ការធ្វើ​សម្រង់​ព័ត៌មាន​ភ្ញៀវទេសចរ ឲ្យ​បានច្បាស់លាស់ មុននឹង​ឱ្យ​ភ្ញៀវទេសចរ ចូលទៅ​តំបន់​ផ្សងព្រេង​របស់ខ្លួន​។…

រាជធានី​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ បាន​ក្រើនរំឭក​ដល់​អ្នកគ្រប់គ្រង ឬ​ប្រធាន​សហគមន៍ នៅតាម​តំបន់​ទេសចរណ៍​ផ្សងព្រេង​ទាំងអស់ ត្រូវ​រៀបចំ​ឱ្យមាន​ការគ្រប់គ្រង​ចរ​ន្ត​ភ្ញៀវទេសចរ ពិសេស​ការធ្វើ​សម្រង់​ព័ត៌មាន​ភ្ញៀវទេសចរ ឲ្យ​បានច្បាស់លាស់ មុននឹង​ឱ្យ​ភ្ញៀវទេសចរ ចូលទៅ​តំបន់​ផ្សងព្រេង​របស់ខ្លួន​។

​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា ក្នុងដំណាក់កាល​ដ៏​លំបាក​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ចលនា​ទេសចរណ៍​ផ្ទៃក្នុង ទៅកាន់​តំបន់​អេកូ​ទេសចរណ៍ សហគមន៍​ទេសចរណ៍ និង​តំបន់​ទេសចរណ៍​ផ្សងព្រេង មាន​សន្ទុះ​កើនឡើង​ខ្លាំង បង្កើតបានជា​ប្រាក់ចំណូល​ដោយផ្ទាល់​ជូន​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ និង​បានធ្វើ​ឲ្យ​អនុវិស័យ​ទាំងនេះ មាន​ភាព​ធន់​នឹង​វិបត្តិ (Resilient) រួមចំណែក​ទ្រទ្រង់​ដល់​វិស័យ​ទេសចរណ៍​ជារួម ពិសេស​កាត់បន្ថយ​ផលប៉ះពាល់​នៃ​ការធ្លាក់ចុះ​នៃ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​។

ក្រសួង ក៏បាន​ក្រើនរំលឹក​ឲ្យ​ភ្ញៀវទេសចរ ផ្នែក​ឯកជន និង​គណៈ​គ្រប់គ្រង​តំបន់ យកចិត្តទុកដាក់​ចូល​រួម​អនុវត្ត​ស្តង់ដា​ទេសចរណ៍​ផ្សងព្រេង ដែល​ក្រសួងទេសចរណ៍ បានដាក់​ឲ្យ​អនុវត្ត កាលពី​ឆ្នាំ​២០១៥ ដើម្បី​ជំរុញ​ការរៀបចំ​តំបន់​ទេសចរណ៍​ផ្សងព្រេង​នានា ឲ្យ​គោរព​តាម​ស្តង់ដា ធានាបាន​នូវ​សន្តិសុខ​-​សុវត្ថិភាព​ជូន​ភ្ញៀវទេសចរ​។

​បើតាម​ក្រសួងទេសចរណ៍ តំបន់​ទេសចរណ៍​ផ្សងព្រេង​សំខាន់ៗ ដូចជា តំបន់​ខ្នង​ផ្សារ ភ្នំ​ឱ​រ៉ា​ល់ គិរី​រម្យ តំបន់​ជី​ផាត អា​រ៉ែ​ង ពាម​ក្រសោប ស្រែអំបិល វាល​ធំ សំឡូត ភ្នំ​ត្បែង សមុទ្រ​ឈើ តំបន់​រាម​សា បឹង​ទន្លេសាប ភ្នំ​គូលែន និង​តំបន់​ទេសចរណ៍​ផ្សងព្រេង​ជាច្រើន គឺ​សុទ្ធតែ​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ផ្ទៃក្នុង គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ដំណាក់​វិបត្តិ​កូ​វីដ​-១៩ ក្នុង​ឆ្នាំ​២០២០ និង​២០២១​នេះ​។ ក្នុងន័យនេះ តំបន់​ទេសចរណ៍​ផ្សងព្រេង​ទាំងអស់ ត្រូវ​រៀបចំ​ឲ្យ​មានការ​គ្រប់គ្រង​ចរន្ត​ភ្ញៀវទេសចរ ពិសេស​ការធ្វើ​សម្រង់​ព័ត៌មាន​ភ្ញៀវទេសចរ​ឲ្យ​បានច្បាស់លាស់ មុននឹង​ចាប់ផ្តើម​ចូលទៅ​តំបន់​ផ្សងព្រេង​។ អ្នកគ្រប់គ្រង​តំបន់​ក៏ត្រូវ​ត្រួតពិនិត្យ និង​ណែនាំ​ដល់​ភ្ញៀវទេសចរ ឲ្យ​គោរព​ទៅតាម​បទបញ្ញត្តិ និង​បំរាម​នានា ដែល​ត្រូវ​បានកំណត់​ក្នុង​តំបន់​នីមួយៗ ព្រមជាមួយ​ការ​ពង្រឹង​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ការអនុវត្ត​វិធានកា ៣​កុំ និង ៣​ការពារ​។

ទន្ទឹមនឹងនេះ ត្រូវ​រៀបចំ​ឲ្យ​បាន​សមរម្យ​នូវ​បន្ទប់ទឹក និង​បង្គន់​អនាម័យ ដែលមាន​ទំហំ​សមស្រប ដែល​អាចមាន​លទ្ធភាព​រៀបចំ​បាន ដើម្បី​ធានា​សោភ័ណភាព និង​កាត់បន្ថយ​ផលប៉ះពាល់​ទៅលើ​បរិស្ថាន និង​ដំណើរ​កម្សាន្ត​របស់​ភ្ញៀវ ព្រមជាមួយ​ការ​រំលឹក​ឲ្យ​ភ្ញៀវទេសចរ​ចូលរួម​ថែរក្សា​បរិស្ថាន និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​។

​គួរ​បញ្ជាក់ថា ស្តង់ដា​ទេសចរណ៍​ផ្សងព្រេង​នេះ ត្រូវបាន​បែងចែក​ជា ៧ សូចនាករ ដូចខាងក្រោម​៖ គុណភាព​ផ្លូវ​ផ្សងព្រេង​កម្សាន្ត​ក្នុងព្រៃ (Quality of Trekking Way)​។ ការផ្តល់​ព័ត៌មាន​ជូន​ភ្ញៀវទេសចរ (Tourist Information)​។ ការអភិវឌ្ឍ​ហេ​ដ្ឋា​រចនា​សម្ពន្ធ​ទ្រទ្រង់ (Infrastructure Development)​។ ការធានា​សន្តិសុខ​-​សុវត្ថិភាព (Safety and Security)​។ ការផ្តល់​សេវាកម្ម (Service Provision)​។ ការគ្រប់គ្រង (Management)​។ ការធានា​ផលប្រយោជន៍​សង្គម និង​បរិស្ថាន (Social and Environmental Benefit)​។

​គួរ​ជម្រាប​ថា អង្គការ​ទេសចរណ៍​ពិភពលោក ក៏បាន​ចាត់ទុកថា អេកូ​ទេសចរណ៍ ទេសចរណ៍​ផ្សងព្រេង រួមទាំង​ទេសចរណ៍​ជនបទ​ផងដែរ គឺជា​អនុវិស័យ​នៃ​ទេសចរណ៍​ពិភពលោក ដែល​នៅតែមាន​សកម្មភាព និង​ដំណើរការ​ទោះ​ក្នុងដំណាក់កាល​វិបត្តិ​កូ​វីដ​-១៩ ពិសេស​ទ្រទ្រង់​ដល់​សកម្មភាព​ទេសចរណ៍​ផ្ទៃក្នុង និង​ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព ក្នុង​ការជំរុញ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​៕ សុខ សា​រ៉ា​យ​