ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តមណ្ឌលគិរី ពិនិត្យ និងសិក្សានៃការ​ស្តារ​គម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោម

2 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី៖  លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ ពិនិត្យ…

មណ្ឌលគិរី៖  លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំមន្ត្រីជំនាញ ពិនិត្យ និងសិក្សាការស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោម ព្រមទាំងដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងទាំងពីរ ក្នុងបំណងថែរក្សាការពារប្រភពទឹកសម្រាប់ផលិតទឹកស្អាត បម្រើជូនប្រជាពលរដ្ឋ តាមតម្រូវការប្រើប្រាស់ ក្នុងក្រុងសែនមនោរម្យ​។

លោក តូវ សុធារ៉ា  ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការចុះពិនិត្យ និងសិក្សាស្តារគម្រោងអភិវឌ្ឍន៍បឹងទំនប់លើ ទំនប់ក្រោមនេះ គឺដើម្បីកំណត់ព្រំប្រទល់ ដោះស្រាយព្រុំដីរបស់ប្រជាពលរដ្ឋ ដែលបង្កផលប៉ះពាល់ នៅជុំវិញ​បឹងទំនប់លើ និងបឹងទំនប់ក្រោម ធ្វើយ៉ាងណា​ ឲ្យមានភាពងាយស្រួលដល់ក្រុមការងារ​នៃក្រសួងធនធានទឹក រៀបចំសង់ប្រព័ន្ធទំនប់បឹងឈានទៅរកការអភិវឌ្ឍផ្ទៃបឹងឲ្យកាន់តែធំទូលាយ ស្តុបទឹកបានច្រើន​ជាងនេះ​។

លោកប្រធានមន្ទីរបន្តថា គម្រោង​អភិវឌ្ឍន៍​នេះ ក៏​​​​នឹង​​​​ធ្វើ​​​របង ធ្វើ​​ផ្លូវ​​ព័ទ្ធ​​​​ជុំវិញ​ការ​ពារ​បឹង រំដោះយកប្រព័ន្ធ​លូ និងប្រភពទឹ​ក​ មកប្រើប្រាស់ សម្រាប់ផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាកង្វះទឹកនៅក្នុងខេត្ត និងថែមទាំងផ្ដល់សក្តានុពលទេសចរណ៍ សម្រាប់ក្រុងទៀតផង​។

លោក​បន្ថែម​ថា គម្រោងស្តារអភិវឌ្ឍន៍បឹងទំនប់នេះ ទទួលបានការគាំទ្រដោយរដ្ឋាភិបាល ក្រោមកញ្ចប់ថវិកា​របស់​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​។

ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្ត ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹង ក៏ដូចជា ប្រជាពលរដ្ឋក្នុងក្រុងសែនមនោរម្យទាំងអស់ ត្រូវចូលរួមទប់ស្កាត់ ការទន្ទ្រាន ការបំពុលផ្សេងៗ ពីព្រោះទឹកបឹងនេះ ទុកដូចជាពាងទឹករបស់យើងរួមគ្នា ដើម្បីប្រើប្រាស់ឲ្យមានសុវត្ថិភាព និងគុណភាពទឹកជាចំបង​។

សូមបញ្ជាក់ថា ក្រុងសែនមនោរម្យនៃខេត្តមណ្ឌលគិរី មិនមានទន្លេ​ហូរឆ្លងកាត់ទេ ដូចនេះ ប្រជាពលរដ្ឋទូទាំងក្រុង ប្រើប្រាស់​ទឹក​បឹងទំនប់លើ និងបឹងទំនប់ក្រោម ដែលស្ថិតនៅភូមិដោះក្រមុំ សង្កាត់សុខដុម​នេះ។ បឹងទាំងពីរ ជា​ប្រភព​ទឹកស្អាត ដែល​មន្ត្រី​ជំនាញបូមយកទៅចម្រោះ និង​ចែកចាយជាបណ្ដាញទឹកស្អាត ជូនប្រជាពលរដ្ឋប្រើប្រាស់ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ