ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ដឹក​ជញ្ជូន​បដិសេធ​សំណើរ​៣​ចំណុច​រឿង​ចាប់​រថយន្ត​ឃាត់​ទុក

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​សម្រេច​បដិសេធ​សំណើរ​របស់​ក្រុម​តវ៉ា​បើកឡាន​ធន់​ធ្ងន់​ដែល​ឃាត់​ទុក​ដោយ​អនុវត្ត​តាម​ផ្លូវច្បាប់ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៃ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្ងៃ​ទី​២១ កក្កដា…

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​សម្រេច​បដិសេធ​សំណើរ​របស់​ក្រុម​តវ៉ា​បើកឡាន​ធន់​ធ្ងន់​ដែល​ឃាត់​ទុក​ដោយ​អនុវត្ត​តាម​ផ្លូវច្បាប់ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​នៃ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ថ្ងៃ​ទី​២១ កក្កដា បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០ ខែកក្កដា​នេះ​បាន​លេច​ចេញ​នូវ​បាតុភាព​ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ឬ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់​ប្រមូលផ្តុំ​គ្នា​តវ៉ា​នៅ​ទីតាំង​ផ្លូវ​ក្រ​វ៉ា​ត់​ក្រុង​ទី​២ ព្រំប្រទល់​រាជធានី​ភ្នំពេញ​-​ខេត្តកណ្តាល រួម​ទាំង​ដាក់​សំណើសុំ​មក​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដូច​តទៅ ៖

១- ស្នើ​សុំ​ដំឡើង​ទម្ងន់ ឬ​ដឹក​ជញ្ជូន​លើស​ទម្ងន់​ក្នុង​ចន្លោះ​ចាប់ពី ៩​តោន ទៅ​១៥​តោន​តាម​ប្រភេទ​រថយន្ត​ធុន​ធ្ងន់​បន្ថែម​ពីលើ​ទម្ងន់​នៃ​ច្បាប់​បាន​កំណត់ ។
២- ស្នើ​សុំ​ត្រឹម​ផាកពិន័យ​ដោយ​មិន​ចាំបាច់​ឃាត់​ទុក​រថយន្ត ១(​មួយ​) ឆ្នាំ​ក្នុង​ករណី​ផ្ទុក​ទម្ងន់​លើស​ពី​២០​ភាគរយ​ឡើង​ទៅ ។ ៣- ស្នើ​សុំ​ផ្ដល់​រថយន្ត​ដែល​បាន​ឃាត់​ទុក​កន្លង​ឱ្យមក​ម្ចាស់​ក្រុមហ៊ុន ឬ​ម្ចាស់​រថយន្ត​វិញ​ដោយ​គ្រាន់តែ​ធ្វើការ​ផាកពិន័យ និង​មិន​ចាំបាច់​ឃាត់​ទុក​រថយន្ត​បន្ត​ទៀត ។

ក្រសួង​សូម​បញ្ជាក់​ជូន​ថា​« សំណើសុំ​ទាំង​៣​ចំណុច​ខាងលើ​នេះ មិន​អាច​ដោះស្រាយ​តាម​សំណូមពរ​បាន​ឡើយ ដោយហេតុ​ថា ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​ដូច​មាន​ចែង​ក្នុង​មាត្រា​២៦ និង​មាត្រា​៦០​នៃ​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ។ ម្យ៉ាងទៀត​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ឬ​អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ គួរតែ​ចូលរួម​សហការ​អនុវត្ត​វិធានការ​ច្បាប់​ទាំងអស់​គ្នា ដើម្បី​ធានា​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ​ផ្លូវថ្នល់ ស្ពាន និង​សំណង់​សិល្បកា​រ្យផ្លូវ​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស និង​ជាប់​រឹង​មាំ​តាម​អាយុកាល​បច្ចេកទេស​កំណត់ ស្រប​តាម​កម្រិតស្តង់ដា​នៃ​ការ​សាងសង់ ហើយ​ក៏​អាច​ចូលរួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​ថវិកាជាតិ​លើ​ការ​ជួសជុល​ថែទាំ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​ផ្លូវថ្នល់​ដែល​ខូចខាត​ដោយសារ​ការ​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​» ។

ក្រសួង​ថា កន្លង​មក​គណៈកម្មាធិការ​ដឹកនាំ​ការ​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​បាន​ធ្វើការ​ផ្សព្វផ្សាយ អប់រំ​ណែនាំ ច្បាប់ លិខិត​បទដ្ឋាន​គតិ​យុ​ត្ត និង​ទុក​ពេលវេលា​សម​ស្រប មុន​នឹង​ដាក់​ចេញ​នូវ​វិធានការ​តឹង​រឹង​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​ជា​ធរមាន​ផង​ដែរ ។

មួយវិញទៀត យោង​អនុសាសន៍​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ការ​ប្រកប​មុខរបរ​ទទួលទាន​ក៏​ដូច​ជា ការ​បំពេញការងារ​តាម​វិជ្ជាជីវៈ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ការ​យកចិត្តទុកដាក់​និង​ការ​ទទួលខុសត្រូវ គឺជា​ការ​តបស្នង​ដ៏​សំខាន់​ដល់​សង្គម​ជាតិ ដែល​កំពុង​មាន​សន្តិភាព និង​ការ​រីក​ចំរើន ។

ជាមួយ​គ្នា​នោះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​សង្ឃឹម​ជឿជាក់​ថា ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ឬ​អ្នកបើកបរ និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ចូលរួម​អនុវត្ត​ច្បាប​ឱ្យ​បាន​ត្រឹមត្រូវ តម្លាភាព សុច្ចរិត​ភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ទាំងអស់​គ្នា​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ