ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ បកស្រាយ​ពី​ថ្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ និង​ទំនិញ​នាំ​ចេញ​-​នាំ​ចូល

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ផ្អែក​លើ​មតិ​មួយ​ចំនួន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួងពាណិជ្ជកម្ម លើ​ថ្លៃ​ទំនិញ​លើ​ទីផ្សារ និង​ទំនិញ​នាំ​ចេញ-ចូល ជា​ពិសេស​បញ្ហា​ថ្លៃ​សាច់​ជ្រូក​នាំ​ចូលធៀប​នឹង​ថ្លៃ​លើ​ទីផ្សារ​ក្នុងស្រុក និង​ថ្លៃ​នៅ​ប្រទេស​ជិតខាង​ប្រទេស​កម្ពុជា ដោយ​ក្រសួង​បាន​បំភ្លឺ​នៅ​ចំណុច​សំខាន់​ ៦ ​ចំណុច…

រាជធានី​ភ្នំពេញ ​៖ ផ្អែក​លើ​មតិ​មួយ​ចំនួន​លើក​ឡើង​ពាក់ព័ន្ធ​នឹង​តួនាទី​របស់​ក្រសួងពាណិជ្ជកម្ម លើ​ថ្លៃ​ទំនិញ​លើ​ទីផ្សារ និង​ទំនិញ​នាំ​ចេញ-ចូល ជា​ពិសេស​បញ្ហា​ថ្លៃ​សាច់​ជ្រូក​នាំ​ចូលធៀប​នឹង​ថ្លៃ​លើ​ទីផ្សារ​ក្នុងស្រុក និង​ថ្លៃ​នៅ​ប្រទេស​ជិតខាង​ប្រទេស​កម្ពុជា ដោយ​ក្រសួង​បាន​បំភ្លឺ​នៅ​ចំណុច​សំខាន់​ ៦ ​ចំណុច ជូន​ដល់​សាធារណជន ​។ យោង​តាម​សេ​ចក​ក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ទី​ ២០​ ខែកក្កដា​ ឆ្នាំ ២០២១ ក្រសួងពាណិជ្ជកម្ម លើក​ឡើង​ថា មិត្តសាធារណៈ​មួយ​ចំនួន​មិន​បាន​ឆ្លុះ​បញ្ចាំងពី​តួនាទី និង​ភារកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម ដែល​កំណត់​ដោយ​រដ្ឋធម្មនុញ្ញ​ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ជា​ធរមាន ក្រសួងពាណិជ្ជកម្ម សូម​បំភ្លឺ​ជូន​សាធារណជន​ និង​ប្រជាពលរដ្ឋ​ ៖

១)- រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​កំណត់​ឱ្យ​រដ្ឋ​អនុវត្ត​ប្រព័ន្ធ​សេដ្ឋកិច្ច​ទីផ្សារ ដែល​កំណត់​ក្នុង​ច្បាប់ ហើយ​ត្រូវ​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​មធ្យោបាយ​ផលិតកម្ម ការពារ​ថ្លៃ​ផលិតផល​ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិតផល​ ។ ផ្អែក​តាម​គោលការណ៍​គ្រឹះ​នេះ ក្រសួងពាណិជ្ជកម្ម បាន​ចរចា​របើក​ច្រក​ទីផ្សារ​ក្រៅប្រទេស ដោយ​មិន​ចាំបាច់​បង់ពន្ធបាន​ជួយ​សម្រួល​ដល់​យន្តការ​ទីផ្សារ​ឱ្យ​មានការ​នាំ​ចេញ នាំ​ចូល​នូវ​មធ្យោបាយ​ផលិតកម្ម និង​ទំនិញ​នានា​ដោយ​សេរី និង​គ្មាន​ដាក់​វិធានការ​រំខានណាមួយ​ដែល​គ្មាន​កំណត់​ក្នុង​ច្បាប់​នោះ​ឡើយ​ ។

ជា​ទូទៅ​ការ​អនុវត្ត​យន្តការ​ផ្សារ​សេរី​នេះ ក៏​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ក្រោម​ក្រប​ខ​ណ្ឌ័​អង្គការ​ពាណិជ្ជកម្មពិភពលោក និង​អាស៊ាន​ផង​ដែរ​ ។ ​ករណី​ប្រទេស​ណាមួយ​ដាក់​វិធានការ​រិ​ត​ត្បិត​លើ​ការ​នាំ​ចូលណាមួយ ប្រទេស​នោះ​ត្រូវ​កំណត់​នៅ​ក្នុង​លិខិត​បទដ្ឋាន​ច្បាប់​ក្នុងស្រុក ហើយ​ជូនដំណឹង​អំពី​វិធានការ​នោះ​ដោយ​មាន​តម្លាភាព និង​កំណត់​នីតិវិធី ច្បាស់លាស់​ ។

២)- ដោយឡែក ការ​នាំ​ចូល​សាច់​ជ្រូក និង​ជ្រូក​រស់ គឺ​ត្រូវ​ស្ថិត​ក្រោម​ការ​ធ្វើ​និយ័ត​កម្ម​ស្រប​តាម​ច្បាប់ និង​អនុក្រឹត្យ លេខ​ ១៧ អន​ក្រ បក ចុះ​ថ្ងៃ​ទី​ ២៦​ ខែកុម្ភៈ ឆ្នាំ ​២០២០ ស្តី​ពី​ការ​ដាក់​ឱ្យ​ប្រើប្រាស់​បញ្ជី​ទំនិញ​ហាមឃាត់​ និង​ទំនិញ​ជាប់​កម្រិត​កំណត់ដែល​តម្រូវ​ឱ្យ​សុំ​អាជ្ញាប័ណ្ណ​អនុញ្ញាត ការ​នាំ​ចូល​ជ្រូក ពី​អង្គភាព​ជំនាញ​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ ដែ​ល​កិច្ចការ​នេះ​មិន​ស្ថិត​ក្រោម​សមត្ថកិច្ច​របស់​ក្រសួងពាណិជ្ជកម្ម ឡើយ ​។ ការ​ធ្វើ​តុល្យភាព​នៃ​សេចក្តី​ត្រូវការ​ក្នុងស្រុក​ជាមួយនឹង​ផលិតផល​ក្នុងស្រុក ព្រមទាំង​ការ​អនុញ្ញាត ឱ្យ​នាំ​ចូល​ក្នុង​បរិមាណ​ណាមួយ គឺជា​សិទ្ធិ​សម្រេច​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និង​នេសាទ ដូច​មាន​កំណត់​ក្នុង​អនុក្រឹត្យ​លេខ ១៧ អន​ក្រ​.​បក​ ។

៣)- ក្រសួងពាណិជ្ជកម្ម ដែល​ជា​សេនាធិការ​ឱ្យ​រាជរដ្ឋាភិបាល មិន​ដែល​បាន​អនុវត្ត​ ឬ​ដាក់​ចេញ​នូវ​យន្តការ និង​វិធានការ​ណាមួយ​សម្រាប់​គ្រប់គ្រង​តម្លៃ​ទំនិញ នាំ​ចូល ឬ​ទំនិញ​ដែល​ធ្វើ​ចរចារ​ក្នុង​ទីផ្សារ​កម្ពុជា​នោះ​ឡើយ តែ​បរិមាណ​ផ្គត់ផ្គង់​ និង​តម្រូវការ​នៅ​លើ​ទីផ្សារ​ទេ ដែល​ជា​កត្តា​កំណត់​តម្លៃ​ទំនិញ ។ លើកលែងតែ​ក្នុង​ករណី​មាន​របាយការណ៍​ស៊ើបអង្កេត​ដែល​អាច​បញ្ជាក់​ថា មានមុខ​ទំនិញ​នាំ​ចូល​ជាក់លាក់​ណាមួយ​ត្រូវ​បាន​លក់​បង្ខូច​ថ្លៃ​ (​លក់​ទាប​ជា​ថ្លៃដើម​ផលិត​) ឬ​មានការ​ធ្វើ​ឧបត្ថម្ភ​ធន​ដោយ​ប្រទេស​នាំ​ចេញ ឬ​ទំនិញ​នាំ​ចូល​នោះ​ត្រូវ​បាន​នាំ​ចូល​ដោយ​មានការ​កើនឡើង​ដោយ​គំហុក​នោះ ក្រសួងពាណិជ្ជកម្ម នឹង​ធ្វើការ​ស៊ើបអង្កេត និង​ឈាន​ទៅ​អនុវត្ត​វិធានការ​នានា​រួម​ទាំង ការ​កំហិត​បរិមាណ និង​ដំឡើង​ពន្ធ​នាំ​ចូល​ផង​ដែរ ដូច​មាន​ចែង​ក្នុង​ច្បាប់​ជា​ធរមាន សំដៅ​ការពារ និង​ដោះស្រាយ​ផល​ប៉ះពាល់ជា​អវិជ្ជមាន​មក​លើ​កសិករ​ ឬ​ឧស្សាហកម្ម កម្ពុជា​ ។

៤) -​សូម​បញ្ជាក់​ថា ពាក់​ព​ន្ធ័​នឹង​ការ​បោះ​ផ្សារ​នូវ​សេចក្តីជូនដំណឹង​ស្តី​ពី​ថ្លៃ​លក់រាយ​ប្រេង ឥន្ធនៈ នៅ​តាម​បណ្តា​ស្ថានីយ៍​នានា ដែល​ក្រសួង ពាណិជ្ជកម្ម បាន​និង​អនុវត្ត​កន្លង​មក មិនមែន​ជា​ការ​កំណត់​ថ្លៃ​លក់រាយ​នៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នោះ​ទេ តែ​នេះ ​គឺជា​យន្តការ​មួយ ដែល​ជួយ​ផ្សព្វផ្សាយ​ដោយ​តម្លាភាព​នូវ​ការ​ឡើង​ចុះ នៃ​ថ្លៃ​ប្រេងឥន្ធនៈ ដែល​មានការ​ប្រែប្រួល រត់​តាម​ការ​ប្រែប្រួល​ថ្លៃ​នៃ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ ដោយ​ក្រសួងពាណិជ្ជកម្ម​គ្រាន់តែ​យក​កត្តា​នានា ទាក់ទង​នឹង​ថ្លៃ មក​គណនា​តាម​រូបមន្ត​ទូទៅ ហើយ​បញ្ចេញ​ឱ្យ​សាធារណជន​ជ្រា​អំពី​ថ្លៃ​ប្រេងឥន្ធនៈ ដែល​ក្រុម​ហ៊​ន​ប្រេង​ក្នុងស្រុក​កំពុង​ប្រកប​អាជីវកម​ម នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ​ ។

៥)- ចំពោះ​ការ​ធ្វើ​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញ​ចរចារ​ក្នុង​ទីផ្សារ​កម្ពុជា​ជា​ប្រចាំ ក្រសួងពាណិជ្ជកម្ម​មាន​ភារ​កិច្ចសហការ​ជាមួយ​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ត្រឹមតែ​ស្រង់​ស​ន្ទ​ស្សន៍​ថ្លៃ​ទំនិញ​ទូទៅ ដើម្បី​ប្រើប្រាស់​ជា​ស្ថិតិ​សម្រាប់​ការងារ​ស្រាវជ្រាវ ការ​វិភាគ និង​តាមដាន​អត្រា​អតិផរណា សំដៅដាក់​ចេញ​វិធានការ​ណាមួយដែល​អា​ចជួ​យ​សម្រួល​ដល់​លំហូរ​ទំនិញ​នៅ​ក្នុងស្រុក និង​នាំ​ចេញ នាំ​ចូល​តាម​យន្តការ​ទីផ្សារសេរី​ប៉ុណ្ណោះ​ ។​

និង ៦-​ពាក់ព័ន្ធ​នឹង​សំណូមពរ ឱ្យ​មាន​យន្តការ​សម្រាប់​ស្រង់ និង​សម្របសម្រួល​លើ​បរិមាណ​និង​ថ្លៃ​លក់​មុខទំនិញ​យុទ្ធសាស្ត្រ​ណាមួយ​នៅ​លើ​ទីផ្សារ នោះ​ក្រសួងពាណិជ្ជកម្ម នឹង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់​ព​ន្ធ័​ដើម្បី​សុំ​ឱ្យ​មាន​កិច្ចប្រជុំ​ពិភាក្សា​ក្រោម​ក្រប​ខ​ណ្ឌ័​គណៈកម្មាធិការ​គោលនយោបាយ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ មុន​នឹង​គោរព​ស្នើ​សុំ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​ប្រមុខ​រាជរដ្ឋាភិបាល​លើ​បញ្ហា​នេះ​ ៕