ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធន់ ផានិត ​និង​រិ​ន ដេ​វីត​ ណាត់ជួប​គ្នា​ម្ដងទៀត​​ខណៈ​សោម វិ​ឆ័​យ ​ប៉ះ​វេ​ង សុ​ភ័ក្ត្រ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​កីឡាករ​ជើង​ខ្លាំង ​ធន់ ផានិត​ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ ត្រូវ​បាន​គណៈកម្មការ​

រាជធានី​ភ្នំពេញ ​៖ ​កីឡាករ​ជើង​ខ្លាំង ​ធន់ ផានិត​ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ ត្រូវ​បាន​គណៈកម្មការ​ប្រកួត​រៀបចំ​ឱ្យ​ជួប​គ្នា​ជាមួយ​កីឡាករ​រិ​ន ដេ​វីត ​ក្លិប​នាគរាជ​ចតុមុខ ម្ដងទៀត​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ថ្ងៃ​សៅរ៍​ ទី​២៤​ កក្កដា ខណៈ​កីឡាករ​សោម វិ​ឆ័​យ ​ក្លិប​វិបុល​ដា​រិ​ទ្ធ​ខណ្ឌ​ពោធិ​សែន​ជ័យ​ប៉ះ​កីឡាករ វេ​ង សុ​ភ័ក្ត្រ​ ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​។

កីឡាករ​ធន់ ផានិត​ និង​កីឡាករ​រិ​ន ដេ​វីត​ ធ្លាប់​ប៉ះ​គ្នា​ម្ដង​មក​ហើយ​នៅ​លើ​សង្វៀន​ប៉ុស្តិ៍​បាយ័ន្ត​កាលពី​ស​ប្ដា​ហ៍ ដោយ​គេ​ទាំង​ពីរ​បាន​ត្រឹមតែ​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​គណៈកម្មការ​ប្រកួត​រៀបចំ​ឱ្យ​គេ​ទាំង​ពីរ​ប្រកួត​គ្នា​ម្ដងទៀត​ ។ ​ម្យ៉ាងវិញទៀត​គេ​ក៏​ចង់​ដឹង​ដែរ ថា​អ្នក​ណា​ម្នាក់​នឹង​ក្លាយជា​ម្ចាស់​ប្រាក់​លា​នខា​រ៉ា​បាវ​ នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ ។ ​គូ​នេះ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា ធ្លាប់​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​យូ​ឆ្នាំ​មក​ហើយ​ដូច​គ្នា​ទៀត​ ។ ​ប៉ុន្តែ​សម្រាប់​អ្នក​ធ្លាប់​តាមដាន​ការ​ប្រកួត​វិញ​គេ​មានការ​ជឿជាក់​ទៅ​លើ​កីឡាករ​ធន់ ផានិត ​ច្រើន​ជាង ព្រោះ​ការ​ប្រកួត​កាលពី​លើក​មុន​បើ​ធ្វើការ​ប្រៀបធៀប​ទៅ​លើ​កម្លាំង​ស៊ុ​ហ្វ ផានិត​ រឹង​មាំ​ជាង​គ្រាន់តែ​គេ​មានការ​ធ្វេស​ប្រ​ហេ​ស​នៅ​ចុង​ទឹក​ទី​៥​បន្តិច រហូត​ដល់​ថ្នាក់​ធ្វើ​ឱ្យ​រិ​ន ដេ​វីត​វាយ​បង​សង្គ្រប់​ជាប់​រហូត ហើយ​ត្រូវ​គណៈកម្មការ​ប្រកួត​សម្រេច​ឱ្យ​ស្មើ​ពិន្ទុ​ពេល​ចប់​ការ​ប្រកួត​ទឹក​ទី​៥ ​។

​រិ​ន ដេ​វីត ​មា​នក្បាច់​ប្រយុទ្ធ​ល្អ​ ប៉ុន្តែ​ចិត្ត​របស់​គេ​មិនសូវ​សឿង​ទាល់តែ​សោះ ទៅ​បី​ជា​ស្នៀត​ជើង​របស់​គេ​ល្អ​មែន​ តែ​គេ​ហាក់បីដូចជា​មានការ​កោតញញើត​ផានិត ខ្លាំង​ណាស់​ ។​ ទោះជា​យ៉ាងណា​ លើក​នេះ​គឺជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​អ្នក​ឈ្នះ​ទទួល​បាន​ប្រាក់​បន្ថែម​លើ​តម្លៃ​ខ្លួន​រហូត​ដល់​១​លាន​រៀល​ឯណោះ ទាំង​សងខាង​សុទ្ធតែ​ត្រូវការ​ឈ្នះ​រៀង​ៗ​ខ្លួន​។

ដោយឡែក​សម្រាប់​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​សោម វិ​ឆ័​យ​និង​កីឡាក​រវេ​ង សុ​ភ័ក្ត្រ​ វិញ​ក៏​ពិ​បាយ​ទុក​មុន​ដូច​គ្នា​។​ម្យ៉ាងវិញទៀត​គូ​នេះ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា​ទៀត គឺ​មាន​ល្បិច​ប្រយុទ្ធ​ល្អ​ម្យ៉ាង​ម្នាក់​ ។ ​សោម វិ​ឆ័​យ​ ល្អ​ស្នៀត​កែង​ និង​ជង្គង់ តែ​អន់​កម្លាំង​បន្តិច ​ព្រោះ​អី​វ័យ​របស់​គេ​ក៏​រាង​ជ្រេ​បន្តិច​ទៅ​ហើយ​ ។​ ចំណែក​វេ​ង សុ​ភ័ក្ត្រ​ ល្អ​ទាំង​កម្លាំង ខ្លាំង​ទាំង​ល្បិច​ហើយ​ថែម​ទាំង​មានចិត្ត​សឿង​ទៀត​ផង ​។ ​ទោះបី​គេ​ទាំង​ពីរ​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​មែន​ តែ​លើក​នេះ​ជា​ការ​ប្រជែង​តំណែង​ប្រាក់​លាន​គឺ​មិន​អាច​មើល​ស្រាល​លើ​ខាង​ណា​ម្នាក់​បាន​ឡើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ