ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក លក លឿន ៖ ចិញ្ចឹមត្រី ផ្តល់សាច់ត្រីមានគុណភាព និងគ្មានសារធាតុពុល !

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក លក លឿន បានចាប់របរចិញ្ចឹមត្រី ១០ ឆ្នាំហើយ ទោះមានផលលំបាកខាងទីផ្សារក្តី លោកអះអាងថា…

រាជធានីភ្នំពេញ ៖ លោក លក លឿន បានចាប់របរចិញ្ចឹមត្រី ១០ ឆ្នាំហើយ ទោះមានផលលំបាកខាងទីផ្សារក្តី លោកអះអាងថា នឹងបន្តរបរចិញ្ចឹមត្រីទៅមុខទៀត ដើម្បីផ្តល់ចំណីអាហារមានគុណភាព មានសុវត្ថិភាព ដល់ពលរដ្ឋ មិនដូចត្រីនាំចូលឡើយដែលមានសាធារតុគីមីនោះឡើយ ។ សម្រាប់លោក លឿន ការនាំចូលត្រីពីប្រទេសជិតខាងច្រើនធ្វើឲ្យការងារវារីវប្បកម្មក្នុងស្រុកអាចដួលរលំ បង្កើតអំពើពុករលួយ និងប៉ះពាល់សុខភាពពលរដ្ឋ ។ 

ពេលនេះ លោក លក លឿន មានលទ្ធភាពផ្គត់ផ្គង់ត្រីលើទីផ្សារក្នុងស្រុក ពី ៦០០ ទៅ ៩០០ តោន ក្នុងមួយលើកនៃការចិញ្ចឹមត្រីរបស់លោក ។ លោកបានផ្តើមចិញ្ចឹមត្រីតំាងពីឆ្នាំ ២០១១ មកម្លេះ ។ ការចិញ្ចឹមត្រីដែលមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ បានក្លាយជាអាជីពសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពគ្រួសារ ជាពិសេសបានផ្តល់លទ្ធភាពឲ្យកូនៗរបស់បានសិក្សាគ្រប់ៗគ្នា ។ នៅពេលនេះកូនៗរបស់លោក លក លឿន មានការងារធ្វើ លែងជាបន្ទុករបស់គាត់ទៀតហើយ ។

ចាប់របរនេះ ១០ ឆ្នាំមកហើយ ការចិញ្ចឹមត្រីមិនមែនជាមធ្យោបាយតែមួយក្នុងការរកចំណូលនោះឡើយ តែវាក្លាយជាការស្រឡាញ់ និងមានឆន្ទះក្នុងការជួយដល់សុខភាពពលរដ្ឋបន្ថែមទៀត ។ តាមពិតទៅពេលខ្លះ លោកបានខាតដើមទុនជាមួយអាជីពនេះ ដូចជាពេលពេលផ្ទុះជំងឺកូវីដ ១៩ នេះជាដើម ចំណែកមានពេលខ្លះទៀត លោកក៏ទទួលបានផលចំណេញ តែមិនខុសពីការងារ របរផ្សេងៗនោះឡើយ ឱកាសតែងតែនៅជាមួយឧបសគ្គ ទោះមានឧបសគ្គតិច ឬច្រើនយ៉ាងណាក្តី ។ ដោយសារការស្រឡាញ់ និងការដែលមានគោលការណ៍ច្បាស់លាស់មួយនៅក្នុងការចូលរួមចំណែកផ្តល់សាច់ត្រីមានគុណភាព និងសុវត្ថិភាពចំណីអាហារដល់ពលរដ្ឋ វារីប្បករូបនេះអះអាងថា លោកខិតខំតស៊ូនៅក្នុងរបរនេះជារហូតមក រហូតបានបង្កើតជាក្តីស្រឡា ញ់ការងារវារីវប្បកម្មនេះខ្លំាងឡើងៗពីមួយឆ្នាំទៅមួយឆ្នាំ ដែលធ្វើឲ្យលោកពង្រីកកសិដ្ឋានជាបន្តបន្ទាប់ ។  «តំាងពីឆ្នាំ ២០១១ មក យើងអាចនិយាយថា របបរនេះអាចផ្តល់ចំណូលសមរម្យ ។ ប៉ុន្តែចាប់ពីឆ្នាំ ២០១៩ មក របរចិញ្ចឹមត្រីបានជូបឧបសគ្គ» នេះជាការបញ្ជាក់របស់លោក លក លឿន ។

អ្នកចិញ្ចឹមត្រីនៅក្នុងខេត្តកំពង់ចាមរូបនេះ បាននិយាយថា ឧបសគ្គរបស់អ្នកចិញ្ចឹមក៍ដូចជាលោកផ្ទាល់ ចាប់ពីឆ្នាំ ២០១៩ មកគឺ ដោយសារជំងឺកូវីដ ១៩ និងម្យ៉ាងទៀតដោយសារការនាំចូលត្រីពីប្រទេសជិតខាងច្រើនពេក ។ ដូចព័ត៌មានបានបង្ហាញជាហូរហែមកថា ការនាំចូលត្រីពីប្រទេសជិត បានធ្វើអ្នកចិញ្ចឹមត្រីក្នុងស្រុក ពិសេសការងារវារីវប្បកម្មនៅកម្ពុជាតែម្តងជួបបញ្ហា អាចថាមិនរីកចម្រើនទៅមុខ ដោយសារផលិតកម្មក្នុងស្រុកមិនអាចប្រកួតប្រជែងជាមួយផលិតផលនាំចូលបានដោយសារបញ្ហាថ្លៃដើមក្នុងការផលិតខុសគ្នា ។ អ្នកចិញ្ចឹមត្រីនៅក្រៅស្រុកមានថ្លៃដើមផលិតទាបជាងការចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជា ។

បើតាមលោក លក លឿន ការចិញ្ចឹមត្រីរបស់លោកមិនប្រើសាធាតុគីមី ឬចំណីសត្វដែលមានសារធាតុអកម៉ូនពន្លឿនការលូតលាស់របស់ត្រី ដូចការចិញ្ចឹមត្រីនៅប្រទេសជិតខាងនោះឡើយ ។ និយាយមកដល់ចំណុចនេះ លោកបានទទួចសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួបពិនិត្យគុណភាពត្រីនាំចូលឲ្យហ្មត់ចត់ផង ដើម្បីការពារសុខភាពពលរដ្ឋ ។

អ្នកចិញ្ចឹមត្រីខាងលើបានលើកឡើងដូច្នេះថា «ខ្ញុំសំណូមពរដល់អាជ្ញាធរទប់ស្កាត់ការនាំចូលត្រីពីប្រទេសជិតខាងច្រើនហួសហេតុដែលនៅក្នុងនោះអាចមានអំពើរពុករលួយផង ។ ជារៀងរាល់ថ្ងៃឈ្មួញបានដឹកនាំត្រីចូលតាមឡានធំៗ ដែលអាចដឹកពី ២០ ទៅជិត ៣០ តោនក្នុងមួយឡាន ដែលផ្ទុយពីការអនុញ្ញាតរបស់អាជ្ញាធរឲ្យឈ្មួញម្នាក់នាំតែពី ៣ ទៅ ៤ តោនប៉ុណ្ណោះ ។ ខ្ញុំសូមសំណូមពរឲ្យអ្នកពាក់ព័ន្ធរឹតបណ្តឹងច្បាប់ ជាពិសេសការត្រួតពិនិត្យគុណភាព និងការបង់ពន្ធចូលរដ្ឋឲ្យបានត្រឹមត្រូវ» ។

ទោះមានផលលំបាកខាងទីផ្សារ នៅពេលនេះក្តី តែលោក លក លឿន មិនរាលរែកនៅក្នុងការបន្តរបរចិញ្ចឹមត្រីទៀតនោះទេ ។ ការបន្តរបស់ចិញ្ចឹមត្រីរបស់លោកចង់ចូលរួមចំណែកលើកស្ទួយការងារវារីវប្បកម្ម ដែលរដ្ឋកំពុងលើកទឹកចិត្ត និងចូលរួមក្នុងការផ្តល់សាច់ត្រីដែលមានគុណភាព គ្មានសារធាតុពុលបំផ្លាញសុខភាពពលរដ្ឋផង ៕