ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់កង់កាក់កបខ្លាំង ខណៈមានអ្នកនិយមជិះកង់ហាត់ប្រាណច្រើន

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រជាពលរដ្ឋកម្ពុជា ជាច្រើនបានចាប់ផ្ដើម​យកកង់​ជា​ប្រភេទ​កីឡា​ហាត់​ប្រាណ ជាពិសេសប្រជាពលរដ្ឋរស់នៅភ្នំពេញ និងនៅទីប្រជុំជន ដោយ​ខ្លះជិះ​កង់លក្ខណៈ​ជាក្រុម និងខ្លះទៀត​ជិះ​តែ​ម្នាក់​ឯងទៅកាន់តំបន់រមណីយដ្ឋាន ឬតាមជាយៗក្រុងជាដើម…

រាជធានីភ្នំពេញ ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ប្រជាពលរដ្ឋកម្ពុជា ជាច្រើនបានចាប់ផ្ដើម​យកកង់​ជា​ប្រភេទ​កីឡា​ហាត់​ប្រាណ ជាពិសេសប្រជាពលរដ្ឋរស់នៅភ្នំពេញ និងនៅទីប្រជុំជន ដោយ​ខ្លះជិះ​កង់លក្ខណៈ​ជាក្រុម និងខ្លះទៀត​ជិះ​តែ​ម្នាក់​ឯងទៅកាន់តំបន់រមណីយដ្ឋាន ឬតាមជាយៗក្រុងជាដើម ដែលធ្វើឱ្យតម្រូវការកង់នៅកម្ពុជារយៈ​ពេលប៉ុន្មាន​ឆ្នាំ​នេះ​បានកើនឡើងជាបន្តបន្ទាប់ ។

បើតាមអ្នកលក់កង់ជាច្រើននៅរាជធានីភ្នំពេញបានឱ្យដឹងថា មួយរយៈពេលចុងក្រោយនេះកំណើននៃការលក់កង់ចេញកាន់តែច្រើន​ឡើងៗដោយមានអតិថិជនមកទិញកង់ទៅជិះហាត់ប្រាណមានចំនួនច្រើនជារៀងរាល់ថ្ងៃ ហើយ​បើ​ទោះ​បី​ជា​ក្នុង​វិបត្តិ​កូវីដ​ ១៩​ នេះក្ដី ក៏អតិថិជនទិញកង់ជិះហាត់ប្រាណនៅតែមានចំនួនច្រើនដដែល ។

បើតាមកញ្ញា ឈុន លីហ្សា អ្នកគ្រប់គ្រងហាងកង់មួយកន្លែងនៅផ្លូវភ្នំពេញថ្មី បានឱ្យដឹងថា ក្នុងមួយខែៗបរិមាណ​លក់​កង់​ចេញ​ពីក្នុង​ហាងកញ្ញាមិនក្រោម ៣០០ គ្រឿងនោះទេ ហើយខែខ្លះក៏លើសនេះដែរ ដោយអតិថិជន​ទិញក​ង់នាពេល​នេះមាន​តម្លៃ​ចន្លោះ​ពី ៣០០​ ដុល្លារ ទៅ ៥០០ ដុល្លារ ។ ប៉ុន្តែពេលខ្លះក៏មានអតិថិជនដែលមា​នជីវភាពធូរធាទិញកង់តម្លៃជាង ១០០០ ដុល្លារ​អាមេរិក​ក្នុង​មួយគ្រឿងដែរ តែមានចំនួនតិចតួចប៉ុណ្ណោះ ។

កញ្ញាបន្តថា កង់ដែលលក់នៅក្នុងហាងរបស់កញ្ញាភាគច្រើនជាកង់នាំចូលពីក្រៅប្រទេស ដូចជាតៃវ៉ាន់ អ៊ីតាលីជាដើម ហើយ​មួយ​​ចំនួនទៀតក៏មានកង់ផលិតក្នុងស្រុកដែរតែជាប្រភេទកង់ដែលមានតម្លៃខ្ពស់ ។ សម្រាប់ក​ង់​ដែល​ពល​រដ្ឋ​ជិះ​ហាត់​ប្រាណ​រាល់​ថ្ងៃនេះ ភាគច្រើនជាកង់នាំចូល ហើយមានតម្លៃសមរម្យ​សម្រាប់​អ្នកធ្វើការការិយាល័យ​អាច​ទិញជិះសម្រាប់​ហាត់​ប្រាណ​នៅ​ចុងសប្ដាហ៍បាន ។

កញ្ញាបន្ថែមថា កាលពីមុនហាងកង់ដែលកញ្ញាគ្រប់គ្រង គឺមានទីតាំងគោលនៅខេត្តកំពង់ចាម តែក្រោយមកដោយឃើញ​ថា នៅភ្នំពេញ មានតម្រូវ ការកង់កើនឡើងខ្ពស់ក្រុមហ៊ុនក៏បានពង្រីកសាខាមកកាន់រាជធានីភ្នំពេញ ហើយមកដល់​ពេល​នេះ គឺមាន ៣ ទីតាំងហើយនៅភ្នំពេញ និងគ្រោងបើកបន្តបន្ទាប់ទៅតាមតម្រូវការជាក់ស្ដែងរបស់អតិថិជន ។

បើតាមលោក ហួត អ្នកនិយមជិះកង់ហាត់ប្រាណបានឱ្យដឹងថា រៀងរាល់ថ្ងៃឈប់​សម្រាកលោក​តែងតែជិះកង់ហាត់​ប្រាណ​នៅ​តាម​ផ្លូវថ្មីៗនៃរាជធានីភ្នំពេញ ពេលខ្លះក៏ជិះទៅកាន់តំបន់ជាយៗរាជធានីភ្នំពេញ និងតាមផ្លូវដី ។ ការជិះកង់ហាត់​ប្រាណក៏​ជា​កីឡា​​​មួយ​​ប្រភេទដែលជួយឱ្យយើងកាត់បន្ថយស្ត្រេសមួយចំនួនបន្ទាប់ពីការងារ មិនតែប៉ុន្តែប៉ុណ្ណោះក៏​ជួយឱ្យ​សុខភាពយើង​ល្អប្រសើរផងដែរ ។ កង់ដែល​លោកទិញជិះ នេះជាប្រភេទកង់ផលិតនៅប្រទេសក្រៅ ហើយវាមានតម្លៃប្រមាណ ៥០០ ដុល្លារ​អាមេរិក តែក៏មានកង់ដែលមានតម្លៃក្រោមនេះ និងលើសពីនេះក៏មានដែរ គឺអាចជិះបានដូចគ្នា ។ បច្ចុប្បន្ននេះ មានអ្នក​និយម​ជិះ​កង់​ហាត់ប្រាណច្រើនណាស់នៅក្នុងរាជធានីភ្នំពេញ យើងនេះ ពេលខ្លះថ្ងៃឈប់សម្រាកពួកគេក៏នាំគ្នាជិះជាក្រុមទៅ​លេង​រមណីយដ្ឋានតាមខេត្តជិតៗ និងត្រលប់មកវិញពេលល្ងាច ។​

កម្ពុជាជាប្រទេសនាំចេញកង់ធំមួយនៅលើពិភពលោក ប៉ុន្តែប្រជាជនកម្ពុជាភាគច្រើនជាអ្នកជិះកង់នាំចូលទៅវិញ ។ អ្នក​នាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា កង់ដែលផលិតនៅកម្ពុជា គឺសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជា​នៅទីផ្សារសហភាពអឺរ៉ុប អាមេរិកជាដើម ហើយកង់ដែលប្រជាជនម្ពុជា ជិះរាល់ថ្ងៃនេះ គឺភាគច្រើនជា​កង់នាំចូល​ពី​ក្រៅ​ប្រទេស​មកវិញ ៕