ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​បន្ថែម​ពី កីឡាករ ប៉ែន សុ​គង់ ដែល​ចេញ​ទៅ​ដណ្ដើម​មេដាយ​អូ​ឡាំ​ពិ​ក

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​៣​រូប​ដែល​មាន​វាសនាបាន​ចេញ​ទៅ​ប្រកួត​អូ​ឡាំ​ពិ​ក កីឡាករ​ជម្រើសជាតិ​អត្តពលកម្ម

​រាជធានីភ្នំពេញ ៖ ក្នុង​ចំណោម​កីឡាករ​៣​រូប​ដែល​មាន​វាសនាបាន​ចេញ​ទៅ​ប្រកួត​អូ​ឡាំ​ពិ​ក កីឡាករ​ជម្រើសជាតិ​អត្តពលកម្ម ប៉ែន សុ​គង់ គឺជា​កីឡាករ​រត់ប្រណាំង​តែ​ម្នាក់ ដែល​មានការ​រំពឹង​ថា នឹង​លើកមុខ​កម្ពុជា​តាម​រយៈ​ការ​បំបែក​កំណត់​ត្រា​បាន​ល្អ​ជាង​មុន បើ​ទោះជា​មេដាយ​ណាមួយ អាច​នឹង​ពិបាក​ដណ្ដើម​។ លោក​ក៏​ជា​កីឡាករ ដែល​បាន​បង្វឹក​ខ្លាំង មុន​ដំណើរ​ចាកចេញ កាលពី​ថ្ងៃ​ទី​២០ កក្កដា មុន​នេះ​ផង​។

កីឡាករ​អត្តពលកម្ម ប៉ែន សុ​គង់ ដែល​ត្រៀម​ប្រកួត​លើ​វិញ្ញាសា​រត់​ល្បឿន​១០០​ម៉ែត្រ បាន​បង្ហាញ​ពី​ការ​តាំងចិត្ត​យ៉ាង​ខ្លាំង សម្រាប់​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ជប៉ុន​លើក​នេះ​។ ក្នុង​ពេល​ហ្វឹកហាត់ លោក​សម្រេច​បានការ​រត់​ក្នុង​ថេរវេលា ១០.៨៧​វិនាទី ដែល​ជា​អត្រា​មួយ​ដ៏​ល្អ​សម្រាប់​អ្នក​រត់ប្រណាំង​នៅ​ឆាក​អន្តរជាតិ​។ កីឡាករ​អត្តពលកម្ម​របស់​កម្ពុជា​រូប​នេះ​ក៏​ធ្វើ​សម្រេច​ក្នុង​ថេរវេលា ១០.៨៧​វិនាទី ដែរ កាលពី​ស៊ី​ហ្គេ​ម ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វី​លី​ពី​ន ដែល​លើក​នេះ​លោក​ធ្វើ​បាន​ល្អ​ជាង ស៊ី​ហ្គេ​ម ឆ្នាំ​២០១៧ ដែល​ខ្លួន​បាន​ចូលរួម​ជា​លើក​ដំបូង​ផង​ដែរ​។

ប៉ែន សុ​គង់ គឺជា​កីឡាករ ដែល​បច្ចុប្បន្ន​មាន​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​ចូលរួម​ហ្វឹកហាត់​កីឡាអត្តពលកម្ម​ដំបូង​កាលពី​ឆ្នាំ​២០១៤ ហើយ​បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​អត្តពលកម្ម​របស់​កម្ពុជា កាលពី​ឆ្នាំ​២០១៥ រហូត​ដល់​ពេល​បច្ចុប្បន្ន​។ កីឡាករ ដែល​មានការ​តស៊ូ ក្រាញននៀល​នឹង​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​រូប​នេះ បាន​លើក​ឡើង​ថា អ្វី​ដែល​ខ្លួន​កំពុង​តែ​ប្រឹងប្រែង​ហ្វឹកហាត់​យ៉ាង​ខ្លាំងក្លា​បែប​នេះ គឺ​អាស្រ័យ​ដោយ​ការ លើកទឹកចិត្ត ការ​ផ្តល់​កម្លាំងចិត្ត​គ្រប់​បែប​យ៉ាង​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម ក្នុង​គោលដៅ​ប្រកួតប្រជែង​ដើម្បី​ជាតិ​មាតុភូមិ ព្រមទាំង​គោលដៅ​ជីវិត​របស់​ខ្លួន​ផង​ដែរ​។

មុន​ដំណើរ​ចាកចេញ កីឡាករ ប៉ែន សុ​គង់ បាន​លើក​ឡើង​ថា «​នេះ​ជា​លើក​ដំបូង​របស់ខ្ញុំ ដែល​នឹង​ត្រូវ​ចូលរួម​ប្រកួត នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូ​ឡាំ​ពិ​ក ដែល​មាន​រៀង​រាល់​៤​ឆ្នាំ ម្តងនេះ ហើយ​ក៏​ជា​ការ​ប្រកួត​កម្រិត​បច្ចេកទេស​ខ្ពស់​បំផុត ក្នុង​ពិ​ភព​លោក ប៉ុន្តែ​អ្វី​ដែល​សំ​ខាន់ គឺ​ខ្ញុំ​មាន​ការ​តាំង​ចិត្ត ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព បច្ចេកទេស​ទាំងអស់ ដែល​ធ្លាប់​ហ្វឹកហាត់ ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​ការ​ផ្តល់​ឱកាស ការ​លើកទឹកចិត្ត ការ​ជួយ​ជ្រោមជ្រែង​គ្រប់​បែប​យ៉ាង​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC) ព្រមទាំង​ក្រសួង​អប់រំ យុវជន និង​កីឡា​»​។

កីឡាករ​ដែល​មានស្រុក​កំណើត​នៅ​ខេត្តពោធិ៍សាត់​រូប​នេះ កំពុង​បង្កើន​ការ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់ ដោយ​ហ្វឹកហាត់​ក្នុង​១​ថ្ងៃ​រយៈពេល​ពី​៤ ទៅ​៥​ម៉ោង និង​ហាត់​៥​ថ្ងៃ​កន្លះ ក្នុង​១​ស​ប្តា​ហ៍ ដោយ​ផ្តោត​លើ​ការ​ហ្វឹកហាត់​មូលដ្ឋាន​បច្ចេកទេស​កម្លាំង​កាយសម្បទា រត់​ល្បឿន​ជាដើម​។ ប៉ែន សុ​គង់ បន្ថែម​ទៀត​ថា «​បើ​ទោះបីជា​លទ្ធផល​នៅ​ក្នុង​ការ​ប្រកួត​កម្រិត​ពិភពលោក​នេះ ទទួល​បាន​ក្នុង​កម្រិត​ណា​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​សម្រួច​គោល​គោលដៅ​ដោយ​ខិតខំ​បំបែក​កំណត់​ត្រា សិទ្ធ​ផល​ខ្លួនឯង​ដែរ ហើយ​ការ​ខិតខំ​នេះ ក៏​ដូច​ជា​ការ​ត្រៀមលក្ខណៈ​ត្រៀម​ឆ្ពោះទៅ​ចូលរួម​ប្រកួតប្រជែង​ស៊ី​ហ្គេ​ម នៅ​ប្រទេស​វៀ​ណា​ម នា​ចុងឆ្នាំ​២០២១ ជា​ពិសេស​គឺ​គោលដៅ​ត្រៀម​ឆ្ពោះទៅ​ប្រកួតប្រជែង​ការ​ប្រកួត ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​ពេល​ដែល​កម្ពុជា​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ផង​ដែរ​»​។

ជាមួយនឹង​ការ​តាំងចិត្ត អម​ជាមួយនឹង​សមិទ្ធផល​ប្រែប្រួល គឺ​ទោះជា​លោក​មិន​បាន​មេដាយ​ណាមួយ តែ​បរទេស​ក៏​ពិតជា​កាន់តែ​ទទួល​ពី​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ