ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ភ្នំពេញ៖ ការ​​បូជា​សព នៅតាម​វត្ត​អារាម នាពេល​សព្វថ្ងៃ ពិសេសនៅភ្នំពេញ មានតម្លៃ​ថ្លៃ ដែល​នាំ​ឲ្យ​មានការ​រិះគន់​ជាខ្លាំង រហូតដល់​មានការ​លើកឡើងថា វត្ត​អារាម កំពុង​ធ្វើ​អាជីវកម្ម​លើ​មរណទុក្ខ​។…

ភ្នំពេញ៖ ការ​​បូជា​សព នៅតាម​វត្ត​អារាម នាពេល​សព្វថ្ងៃ ពិសេសនៅភ្នំពេញ មានតម្លៃ​ថ្លៃ ដែល​នាំ​ឲ្យ​មានការ​រិះគន់​ជាខ្លាំង រហូតដល់​មានការ​លើកឡើងថា វត្ត​អារាម កំពុង​ធ្វើ​អាជីវកម្ម​លើ​មរណទុក្ខ​។ ចំណុច​នេះ ទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ធម្មការ និង​សាសនា ពិសេស​គណៈកម្មការ​តាម​វត្ត​និ​មួយៗ ត្រូវតែ​កែសម្រួល​លើ​តម្លៃ និង​ទម្លាប់​មិនល្អ​ទាំងនោះ​ជាបន្ទាន់ ដើម្បី​លើក​តម្លៃ​ព្រះពុទ្ធសាសនា​យើង​ផង និង​ដើម្បី​លើក​តម្លៃ​សីលធម៌​សង្គម​យើង​ផង​។​

​កាលពី​សប្តាហ៍​មុន លោក អ៊ឹម បុរិន្ទ អ្នក​ហោរាសាស្ត្រ​ខ្មែរ និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ និង​អន្តរជាតិ បាន​បង្ហោះ​សារ ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ថា «​អារាម កំពុង​ធ្វើ​អាជីវកម្ម​លើ​មរណទុក្ខ​»​។​

​លោក អ៊ឹម បុរិន្ទ លើកឡើងថា ក្រុម​គ្រសារ ដែលមាន​ទុក្ខ​ធ្ងន់​ដោយមាន​សាច់ញាតិ​ទទួលមរណភាព ក្រុមគ្រួសារ​សាច់ញាតិ​បង្កើត ឳ​ពុក​ម្ដាយ​បងប្អូន​បង្កើតៗ ដែល​រស់នៅ​ជាទូទៅ​ភាគច្រើន ច្រើន​បាត់បង់​ម្ចាស់ការ ពួកគាត់​មាន​កង្វល់​ជាខ្លាំង ទុក្ខព្រួយ​ខ្លាំង គិត​រឿង​អ្វី មិន​ចេញ​នោះឡើយ​។ យល់​ស្ថានការណ៍​ដូចនេះ ក្រុម​ឱកាសនិយម ក្រុម​អាចារ្យយោគី ដូនជី​តាជី ដែល​រស់នៅ​ដុះ​ស្លែរ ក្នុង​ទី​ប៉ាឆា ស្គាល់​ស្ថានការណ៍ ចំពោះ​អ្នក​រង​ទុក្ខ​ដូច្នេះ ឆ្លៀតឱកាស​ធ្វើ​អាជីវកម្ម​លើ​សាកសព លើ​ក្រុមគ្រួសារ ដែល​ជនរងគ្រោះ​ជួបនឹង​មរណទុក្ខ​។​

​លោក អ៊ឹម បុរិន្ទ បន្តថា ជាក់ស្ដែង នៅ​ថ្ងៃទី​១៧-១៨ ខែមិថុនា ឆ្នាំ​២០២១ រូបលោក បាន​ជួប​ផ្ទាល់ ដែល​បាន​បាត់បង់​កូនស្រី​ជាទី​ស្រឡាញ់​។ លោក បាន​ដឹក​សព ទៅតម្កល់​ធ្វើបុណ្យ និង​បូជាសព នៅ​បរិវេណ​ទី​ប៉ាឆា​វត្ត​សំបួរមាស ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​លោក អ៊ឹម បុរិន្ទ បន្តថា អំពី​រថយន្ត​ដឹក​សព ចេញពី​បុរី​ពិភពថ្មី​ចំការ​ដូង ដល់ទី​ប៉ាឆា​វត្ត​សំបួរ ចម្ងាយ ១២០០​ម៉ែត្រ តម្លៃ ៨០​ដុល្លារ​អាមេរិក ស្មើនឹង ៣២៨.០០០៛ មេរុ​បូជាសព (​មេរុ​របស់​វត្ត​) ដែល​ពុទ្ធបរិស័ទ មាន​សទ្ធា​ជ្រះថ្លា​កសាង​ទុក​បូជាសព​ពុទ្ធសាសនិក​ជន (​មេរុ​កសាង​អំពី​ថ្ម​) តម្លៃ​សព​មួយរូប ៧០០​ដុល្លារ​អាមេរិក ស្មើនឹង ២.៨៧០.០០០៛ ក្នុងនោះ មាន​ក្ដារ​មឈូស ធ្វើ​អំពី​ក្ដារ​កុង​ផ្លា​កេ មួយ​សម្រាប់​ដាក់​សព​។ ឫស្សី​ដាក់​សំឡី​ជ្រលក់​ប្រេងកាត មួយ​ដើម សម្រាប់​ឈួ​ល​ភ្លើង​តម្លៃ ៤៨.០០០៛​។ ដោយឡែក រួមមាន លោក​អាចារ្យយោគី​ពីរ​នាក់ និង​យាយជី ៥ ទៅ ៦​នាក់ គាត់​និយាយថា គាត់​រស់នៅ​ទីនេះ រកស៊ី​មុខរបរ​នឹង ២០​ឆ្នាំ​មកហើយ​។ ពួកគាត់ តែងតែ​ណែនាំ​ពួកយើង ទិញ​នេះ ទិញ​នោះ ដាក់ឱ្យ​សព ក្រុមគ្រួសារ ដែល​កំពុង​រង​ទុក្ខ និង​សោ​កស​ង្រែ​ង​អាណិតកូន​ផង បង ឬ​ប្អូន​ផង ចេះតែ​ធ្វើតាម​គាត់​ទាំងអស់ ហើយ​របស់​ទាំងអស់នោះ ថ្លៃៗ​កប់​ពពក​។​

​លោក អ៊ឹម បុរិន្ទ បន្ថែមថា នៅមាន​រឿង គួរឱ្យ​ហួសចិត្ត​ពីរ​រឿង​ទៀត នោះ​គឺ​៖ ទី​១ គឺ​ប៉ា​ឡុង ដែល​រៀបចំ សម្រាប់​សព​តម្លៃ ៨០​ដុល្លារ ស្មើ ៣២៨.០០០៛ ដែល​អាចារ្យ តម្រូវឱ្យ​ជាវ​ដែរនោះ​។ យើងខ្ញុំ សង្កេតឃើញថា គ្រាន់តែ​ដាក់​បញ្ឈរ​ក្បែរៗ​ទីនោះ តែ​មិន​បានឱ្យ​ព្រះសង្ឃ​វេរ​ទេ ហើយ​ចប់​កម្មវិធី​ហើយ ក៏​មិនឃើញ​ព្រះសង្ឃ យកទៅ​ដែរ​។ ទី​២ ចំណែក​យាយជី ដែល​គាត់​រស់នៅ​ប្រកប​របរ​នេះ​ដុះ​ស្លែរ​នោះ គាត់​បាន​ដើរ​ប្រមូល​ក្រដាស​មាស​ក្រដាសប្រាក់ ដែល​យើង​បាច​នៅពេល​ហែរ​សព ជុំវិញ​មេរុ​នោះ មក​រៀបចំ​ទុក​វិញ សម្រាប់​លក់​ឱ្យ​សព​ក្រោយៗ​ទៀត​។ សម្រាប់​លោក​អាចារ្យយោគី​យាយជី ការចំណាយ​ទៅលើ​ពួកគាត់ ត្រូវ​ចំណាយ​ប្រហែល ៣០០​ដុល្លារ​ទៀត​។ នៅ​មានរឿង​តូចតាច​ជាច្រើន​ទៀត ដែល​លោក អ៊ឹម បុរិន្ទ មិន​ចង់​និយាយ​។​

​លោក អ៊ឹម បុរិន្ទ បន្ថែមថា នៅក្នុង​ពិធីបុណ្យ ៧​ថ្ងៃ​របស់​កូនលោក មាន​លោកតា​លោកយាយ មកពី​ទី​ផ្សេងៗ លោក​បាន​និយាយ​រឿងនេះ ប្រាប់​គាត់ គាត់​បាន​ឆ្លើយតប​មក​លោ​កថា នៅ​វត្ត គាត់​បូជាសព​មួយ​ថ្លៃ ១៥០០​ដុល្លារ ខ្លះ​ទៀតថា វត្ត​គាត់ ដល់​ទៅ ១៨០០​ដុល្លារ​ឯណោះ​។ អីចឹង​វត្ត ដែលមាន​មេរុ​ភាគច្រើន នៅ​ទីក្រុង​ភ្នំពេញ គឺ​បូជាសព​មួយៗ មានតម្លៃ​ខ្ពស់​ណាស់ ស្ទើ​គ្រប់​វត្ត​ទៅហើយ​។ សម្រាប់​ជន ដែលមាន​ថវិកា​គួរសម វា​មិន​អី​ទេ តែ​សម្រាប់​ជនក្រីក្រ​វិញ តើ​យ៉ាងណា​ទៅ​? សូម​ពិចារណា​ផង​។

​លោក អ៊ឹម បុរិន្ទ ក៏បាន​បន្ថែមថា «​សួរថា ព្រះគ្រូ​ចៅអធិការ​វត្ត មេភូមិ ចៅសង្កាត់ ខណ្ឌ ចៅហ្វាយក្រុង ក្រសួង​ធម្មការ ដឹង​រឿង​អស់​ទេ​? បើ​មិនដឹង គួរ​ចាត់វិធានការ ដើម្បី​រក្សា​តម្លៃ​ព្រះពុទ្ធសាសនា រក្សា​ជំនឿ​ទំនៀមទម្លាប់​សាសនា កុំឱ្យ​ពួក​ឱកាសនិយម ឆ្លៀតឱកាស​បំផ្លាញ​ព្រះពុទ្ធសាសនា​ផង បំផ្លាញ​ប្រពៃណី​ទំនៀមទម្លាប់​សាសនា​ផង ក្នុង​ពេលវេលា ដែល​ប្រជាពលរដ្ឋ កំពុង​រង​ទុក្ខ​ដោយសារ​កូ​វីដ​-១៩​ផង​»​។​

​ករណី​ខាងលើនេះ ដោយសារតែ​មនុស្ស​មួយក្រុម ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដល់​វត្ត និង​ព្រះពុទ្ធសាសនា​ទាំងមូល​តែម្តង​។ ករណីនេះ ដូច​លោក​អ៊ឹម​បុរិន្ទ លើកឡើង គឺ​មិនមែន​តែ​នៅ​វត្ត​សំបួរមាស ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ គឺ​នៅ​វត្ត​ជាច្រើន​ទៀត ដែលមាន​មេរុ មានប​ច្ឆា សម្រាប់​បូជាសព ក៏​តែងតែ​ត្រូវបាន​ប្រជា​ពុទ្ធបរិស័ទ​លើកឡើង​ពី​ការចំណាយ​ថ្លៃ​លើ​ការស្នើសុំ​រៀបចំ​ពិធី​បុណ្យសព នៅក្នុង​វត្ត​ដូចគ្នានេះដែរ​។​

​តម្លៃ ​ត្រូវ​បានកំណត់​តាម​មាត់​របស់​អាច្ចារ្យ ឬ​អ្នកមើលការខុសត្រូវ លើ​ការចាត់ចែង​រៀបចំ​បុណ្យ និង​បូជាសព​។ តម្លៃ​ថ្លៃ​លើ​ការចំណាយ​បូជាសព​នេះ ជា​រឿង​មួយ​ជ្រុង មិនល្អ​នៅក្នុង​វត្ត ដែល​គេ​មិនទាន់​គិតដល់​បញ្ញាជាច្រើនទៀតទេ។ ក្នុងនោះ ការ​ជាវ​ដី​​ក្នុង​វត្ត ​ធ្វើ​ចេតិយ ដែល​​ប្រៀបដូចជា​ ការពុះ​ដី​វត្ត​លក់​​ដូច្នោះ​ដែរ​។ មិន​ថា ដី​វត្ត​នៅ​ភ្នំពេញ ឬ​នៅ​វត្ត​តាម​បណ្តា​ខេត្ត​ស្រុកស្រែ​ចំការ​ណា​ទេ គឺ​អ្នក​ចង់​ធ្វើ​ចេតិយ​តម្កល់​ធាតុ​ជីដូន​ជីតា ឪពុកម្តាយ ឬ​សាច់ញាតិ ត្រូវ​ចំណាយលុយ​​រាប់ពាន់ដុល្លារ ហើយនៅវត្តខ្លះ ចូលដល់​រាប់ម៉ឺន​ដុល្លារ ដើម្បី​បាន​ដី​មួយ​ដុំ ធ្វើ​ចេតិយ​។​

​ចំណុច​​អសកម្ម​​ នៅតាម​វត្ត ពិសេស​លើ​តម្លៃ​ធ្វើបុណ្យ និង​បូជាសព​នេះ ត្រូវតែ​កែប្រែ​។ អ្នកទទួលបន្ទុក​ធ្វើបុណ្យ បូជាសព តាម​ទីប​ច្ឆា តាម​មេរុ​ក្នុង​វត្ត ត្រូវ​កែសម្រួល​មុនគេ ហើយ​មិនត្រូវ​កំណត់​តម្លៃ ​ដូច​នៅ​វត្ត​សំបួរមាស ដែល​បានលើកឡើង​​ខាង​លើ​​នោះ​ឡើយ​​។ តាម​សទ្ធា​ជ្រះថ្លា​របស់​ក្រុមគ្រួសារ​សព ជា​អ្នក​ជូន ហើយ​បើ​ត្រូវ​កំណត់​ចំណាយ​ ក៏ត្រូវកំណត់​ឲ្យសមរម្យតាម​របស់​របរនោះ គិត​ត្រឹមតែ​រួចខ្លួន​​បាន​​ហើយ។ ថ្លៃ​សាំង​ឡាន និង​ថ្លៃ​អុស ហើយ​​អ្វី​ផ្សេងទៀត មិនគួរ​កំណត់​ឲ្យ​ក្រុមគ្រួសារ​សព បង់ថ្លៃ​នេះបង់នោះ ដែលជារបៀបចង់ធ្វើស៊ី​​គេនោះ​ឡើយ​។​

​រឿងនេះ យើង​គួរតែ​ធ្វើ​បុណ្យទាន មិនមែន​ចាស់ៗ​ហើយ ទៅ​នៅ​វត្ត បែរជាយក​វត្ត ​ធ្វើ​អាជីវកម្ម​នោះឡើយ​។ រឿងនេះ ​បើ​​​គិត​​ពី​​បុណ្យ​​បាប គឺ​ធ្លាក់​នរក ហើយ​បើ​គិតពី​គុណធម៌ និង​សីលធម៌​វិញ រឹតតែ​ខុសឆ្គង និង​ត្រូវគេ​តិះដៀល  ដែល​សង្គម​ព្រះពុទ្ធ​សាសនា​យើង ស្អប់ខ្ពើម​​ថែមទៀត​។

​ខាង​ក្រសួង​ធម្មការ និង​សាសនា រួមទាំង​មន្ទីរ​ធម្មការ និង​សាសនា អាជ្ញាធរ​រាជធានី​ខេត្ត ស្រុក​ និង​ខណ្ឌ រួមទាំង​ថ្នាក់ដឹកនាំ​ព្រះសង្ឃ មិនត្រូវ​ស​ង្ងំ​ស្ងៀម​តទៅទៀត​ទេ ក្នុង​រឿង​យកលុយ​ថ្លៃ​ៗ លើ​ការធ្វើ​បុណ្យ និង​បូជាសព​តាម​វត្ត ពិសេសវត្ត​​នៅ​ភ្នំពេញ​នេះ​តែម្តង​។ អាចជា​រឿង​ ដែលយើង​មើលរំលង​ តែ​កុំភ្លេចថា រឿង​នេះ ​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ហើយ​ប្រជាជន​កម្ពុជាយើង ​ច្រើន​លើសលប់ ជា​អ្នក​គោរព​ និង​កាន់​​ព្រះពុទ្ធសាសនា​៕​