ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB បង្កើនភាពធន់នឹងអាកាសធាតុក្នុងប្រព័ន្ធសុខាភិបាលនៃប្រទេសកម្ពុជា ឡាវ និងវៀតណាម

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថា គំនិតផ្តួចផ្តើមថ្មីជាជំនួយបច្ចេកទេសថ្នាក់តំបន់រយៈពេល ៦ ឆ្នាំ បានបង្កើនសមត្ថភាពប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ…

រាជធានីភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានប្រកាសថា គំនិតផ្តួចផ្តើមថ្មីជាជំនួយបច្ចេកទេសថ្នាក់តំបន់រយៈពេល ៦ ឆ្នាំ បានបង្កើនសមត្ថភាពប្រព័ន្ធសុខាភិបាលនៅប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងវៀតណាម ដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងលើសុខភាព ដែលបណ្តាលមកពីអាកាសធាតុ ខណៈពេលមានការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ។

យោងតាម ធនាគារអភិវឌ្ឍន៍អាស៊ី នៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១នេះ បានឱ្យដឹងថា ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុដល់វិស័យសុខាភិបាល ក្នុងគម្រោងមហាអនុតំបន់មេគង្គ (GMS) បានជួយប្រទេសទាំងបីអនុម័តផែនការបន្សាំសម្រាប់ផ្នែកសុខាភិបាលជាតិ ដើម្បីដោះស្រាយហានិភ័យបណ្តាលមកពីអាកាសធាតុ រួមមានកំដៅ និងជំងឺឆ្លងដូចជា ៖ ជំងឺគ្រុនឈាម គ្រុនចាញ់ ភាពតានតឹងអារម្មណ៍ដោយសារកម្តៅ និងជំងឺរាក ។

សរុបមកវាបានបញ្ចប់ការវាយតម្លៃលម្អិត នៃភាពងាយរងគ្រោះ និងការបន្ស៊ាំ សម្រាប់ខេត្តចំនួន ១៤ ដែលមានហានិភ័យខ្ពស់ក្នុងប្រទេសទាំងបី ហើយបានបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលជាង ១.៣០០ នាក់ អំពីការប្រែប្រួលអាកាសធាតុ និងការបន្សាំសុខភាព ។ លើសពីនេះទៀត អ្នកធ្វើគោលនយោបាយជាង ៦០០ នាក់ មកពីវិស័យសាធារណៈ និងឯកជនបានចូលរួមក្នុងកិច្ចប្រជុំតស៊ូមតិ និងសិក្ខាសាលាជាន់ខ្ពស់ផ្តោតលើយុទ្ធសាស្ត្របន្ស៊ាំសុខភាពជាតិ និងការសម្របសម្រួលការតាមដាន ព្រមទាំងការឆ្លើយតបនឹងជំងឺ ជាមួយអ្នកចូលរួមដទៃទៀត ។

គម្រោងនេះ ក៏បានជួយដល់រដ្ឋាភិបាលទាំងបីប្រទេស ក្នុងការកំណត់ការវិនិយោគ ដែលមានប្រសិទ្ធិភាព ក្នុងការកាត់បន្ថយអត្រាមរណភាពនិងជំងឺ បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ។ ការជួយនេះរួមមាន ការបង្កើតប្រព័ន្ធប្រកាសអាសន្នកំដៅបឋម និងការកែលម្អបរិក្ខារសុខាភិបាលឱ្យមានភាពធន់ នឹងអាកាសធាតុ ពិសេសនៅក្នុងតំបន់ដាច់ស្រយាល និងសហគមន៍ដែលមិនទាន់បានទទួលការគាំទ្រ ។

លោកស្រី Ayako Inagaki នាយិកាផ្នែកអភិវឌ្ឍន៍មនុស្ស និងសង្គម នៃនាយកដ្ឋានប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ ADB បានមានប្រសាសន៍ថា «គម្រោងនេះបានជួយកាត់បន្ថយភាពងាយរងគ្រោះរបស់ប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រទេសវៀតណាម ទៅនឹងការគំរាមកំហែងដល់ផ្នែកសុខាភិបាល ដែលបង្កឡើងដោយអាកាសធាតុ ពិសេសក្នុងចំណោមក្រុមងាយរងគ្រោះ រួមមានពលរដ្ឋក្រីក្រ ពលរដ្ឋចំណាកស្រុក និងជនជាតិភាគតិច» ។

នាយិកាប្រចាំប្រទេសកម្ពុជា របស់ ADB លោកស្រី Sunniya Durrani-Jamal បានមាន ប្រសាសន៍ថា «ជាមួយនឹងផែនការជាតិដែលបានបញ្ចប់ថ្មីៗ សំដៅធ្វើឱ្យប្រព័ន្ធសុខាភិបាលកាន់តែធន់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងសមត្ថភាពដែលត្រូវបានបង្កើនឡើងដល់មន្ត្រីសុខាភិបាលប្រទេសកម្ពុជាកាន់តែរឹងមាំក្នុងការការពារសហគមន៍ងាយរងគ្រោះ ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ចំពេលដែលកំពុងមានការរាតត្បាតពីកូវីដ ១៩» ។

គម្រោងនេះត្រូវបានអនុម័តនៅឆ្នាំ ២០១៥ ជាមួយថវិកាជំនួយចំនួន ៤,៤ លានដុល្លារ ពីមូលនិធិ អភិវឌ្ឍន៍ Nordic (Nordic Development Fund) និងហិរញ្ញប្បទានសមភាគី ពីរដ្ឋាភិបាលនៃប្រទេសទាំងបី ។ វាជាគំនិតផ្តួចផ្តើមដំបូងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី នៅអាស៊ីអាគ្នេយ៍ ដើម្បីធ្វើឱ្យប្រសើរឡើង នូវការឆ្លើយតបរបស់រដ្ឋាភិបាលទៅនឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ លើការថែទាំសុខភាព ។ គម្រោងនេះផ្អែកលើគុណប្រយោជន៍ធៀបរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការពង្រឹងសហប្រតិបត្តិការផ្នែកសុខាភិបាលតំបន់ ថាជាទំនិញសាធារណៈ ។

រដ្ឋាភិបាលនៃប្រទេសកម្ពុជា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងប្រទេសវៀតណាម ទទួលស្គាល់ថា ការប្រែប្រួលអាកាសធាតុ គឺជាការគំរាមកំហែងដ៏ធំមួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់ប្រទេស ។ ប្រទេសទាំងបីបានអនុម័តលើផែនការយុទ្ធសាស្ត្រសម្រាប់សុខភាព សាធារណៈជាផ្នែកមួយនៃផែនការយុទ្ធសាស្ត្រជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ ។

គម្រោងនេះត្រូវបានអនុវត្តដោយនាយកដ្ឋានថ្នាំបង្ការនៅកម្ពុជា នាយកដ្ឋានអនាម័យ និងលើកកម្ពស់សុខភាពរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទីភ្នាក់ងារគ្រប់គ្រងបរិស្ថានសុខាភិបាលរបស់ប្រទេសវៀតណាម ។ ប្រទេសទាំងបីបានចូលរួមយ៉ាងសកម្មក្នុងការរៀបចំជំនួយការការអនុវត្តសកម្មភាពកសាងសមត្ថភាព និងការចែករំលែកចំណេះដឹង នៃគម្រោងជំនួយបច្ចេកទេសនេះ ។

ជាពិសេស គម្រោងនេះបានធ្វើឱ្យប្រសើរឡើង នូវការប្រមូលទិន្នន័យទាន់ពេលវេលា សម្រាប់រដ្ឋាភិបាលដើម្បីតាមដានផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុទៅលើសុខភាពសាធារណៈ ឧបករណ៍នានាដូចជា មូលដ្ឋានទិន្នន័យ វិធីសាស្ត្រគំរូ និងកម្រងផែនទីឌីជីថល ។ គម្រោងនេះក៏បានបណ្តុះបណ្តាលបុគ្គលិកសុខាភិបាលថ្នាក់ជាតិ និងខេត្ត អំពីប្រព័ន្ធតាមដានសម្រាប់ជំងឺបង្ករដោយអាកាសធាតុ ការវិភាគ ទិន្នន័យរោគរាតត្បាត និង បញ្ហាសុខភាពស្ត្រី កុមារ និងក្រុមងាយរងគ្រោះដទៃទៀត ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថា នឹងសម្រេចឱ្យបាននូវវិបុលភាព បរិយាប័ន្ន ភាពធន់និងនិរន្តរភាព ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីលុបបំបាត់ភាពក្រីក្រខ្លាំង ។ បង្កើតឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយសមាជិកចំនួន ៦៨ ប្រទេស ដែលក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់ខាងលើនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ