គម្រោងផ្លូវ ៣៨ ខ្សែ ក្នុងទីរួមខេត្តសៀមរាប ចំណាយជាង ១៤៩ លានដុល្លារ សម្រេចបានជាង ៦៦% ហើយ !
ខេត្តសៀមរាប ៖ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា…
ខេត្តសៀមរាប ៖ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា…
ខេត្តសៀមរាប ៖ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ ខ្សែនោះ មានប្រវែងសរុប ១០៨,៧៤១ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩ លានដុល្លារអាមេរិក ដោយក្នុងនោះចំនួន ៩ លានដុល្លារអាមេរិក ចំណាយលើការងារចាំបាច់ ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយពេលសាងសង់ចំនួន ១៣ ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពិនិត្យការរៀបចំខឿនចិញ្ចើមផ្លូវ សម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង ដើម្បីលើកកម្ពស់សោភ័ណភាព សុវត្ថិភាពសងខាងផ្លូវ និងភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិឱ្យស្របតាមបទដ្ឋានបច្ចេកទេស ស័ក្តិសមជាទីក្រុងទេសចរណ៍សម័យទំនើប និងពិនិត្យ គុណភាពនៃការចាក់បេតុងស្ពាន និងផ្លូវដើម្បីធានាបានគុណភាពរឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង នៃគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ។
ការសាងសង់ត្រូវបានបែងចែកជាបួនប្រភេទរួមមាន ៖ ក) ផ្លូវជួសជុលដោយអ៊ុតបេតុងកៅស៊ូ (AC) បន្ថែមពីលើ កម្រាស់ ៥ សង់ទីម៉ែត្រ ប្រវែងសរុប៣៥,៨៧៦ គីឡូម៉ែត្រ , ខ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ សង់ទីម៉ែត្រ រួចអ៊ុតក្រាលបេតុងកៅស៊ូ (AC) ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ៩,៣៨៩ គីឡូម៉ែត្រ, គ) ផ្លូវជួសជុលដោយក្រាលថ្មម៉ិច រួចអ៊ុតបេតុងកៅស៊ូ (AC) ពីលើ កម្រាស់ ៥ ទៅ ៧ សង់ទីម៉ែត្រ ប្រវែងសរុប ១០,៨៨០ គីឡូម៉ែត្រ, ឃ) ផ្លូវស្ថាបនាដោយក្រាលបេតុង សរសៃដែក កម្រាស់ ២០ ទៅ ២៥ សង់ទីម៉ែត្រ ប្រវែងសរុប ៥២,៥៩៦ គីឡូម៉ែត្រ ។
គម្រោងសាងសង់ផ្លូវចំនួន ៣៨ ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យស័ក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើន សំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់តភ្ជាប់ ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ ។
សូមជម្រាបជូនថា យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ ខ្សែនៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គិតត្រឹមថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២១ សម្រេចបាន ៦៦.៣៤% ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៧ ខែ ។
វឌ្ឍនភាពគម្រោងសាងសង់នេះ មានការអញ្ចើញចូលរួមពី ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានប្រចាំការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងបានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការរៀបចំខឿនចិញ្ចើម ផ្លូវសម្រាប់អ្នកធ្វើដំណើរដោយថ្មើរជើង និងពិនិត្យគុណភាពនៃការចាក់បេតុងស្ពាន និងផ្លូវដើម្បីធានាបាន គុណភាពរឹងមាំស្របតាមបទដ្ឋានបច្ចេកទេស ៕
ចែករំលែកព័តមាននេះ