ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ សំណួរ ជាមួយអ្នកជំនាញជុំវិញផលប៉ះពាល់ពីជំងឺកូវីដ ១៩ លើវិស័យសណ្ឋាគារ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ឌុក ណារិន អ្នកជំនាញខាងការងារសណ្ឋាគារដែលបច្ចុប្បន្នក៏ជាប្រធានក្លឹប MASTER EDUCATIONAL CLUB ដែលមានសកម្មភាពអប់រំបណ្តុះបណ្តាលជំនាញទុន…

រាជធានីភ្នំពេញ ៖ លោក ឌុក ណារិន អ្នកជំនាញខាងការងារសណ្ឋាគារដែលបច្ចុប្បន្នក៏ជាប្រធានក្លឹប MASTER EDUCATIONAL CLUB ដែលមានសកម្មភាពអប់រំបណ្តុះបណ្តាលជំនាញទុន (SOFT SKILL) និងពលរដ្ឋវិជ្ជា ដល់យុវជនផងនោះ បានលើកឡើងថា វិបត្តិកូវីដ ១៩ បានបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់កម្មករនិយោជិតនៅក្នុងឧស្សាហកម្មបដិសណ្ឋាកិច្ច ។ ក្នុងចំណោមព្រឹត្តិការណ៍ជាតិ អន្តរជាតិ ដែលកើតមានចាប់ពីឆ្នាំ ១៩៩៣ មកកូវីដ បានបង្កផលប៉ះពាល់ខ្លំាងជាងគេដល់វិស័យសណ្ឋាគារនេះ ។ លោក ឌុក ណារិន បានឆ្លើយទៅនឹងសំណួរចំនួន ៥ របស់គម្រោងលុយនៃសារព័ត៌មានកោះសន្តិភាព ទាក់ទងពីវិបត្តិកូវីដ ១៩ លើវិស័យសណ្ឋាគារនេះ ដូចខាងក្រោម ៖

១-តើវិបត្តិជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ចំពោះខ្លួនលោកផ្ទាល់យ៉ាងមេចដែរ ?

លោក ឌុក ណារិន ៖ ប្រាកដណាស់ដោយសារខ្ញុំស្ថិតក្នុងវិស័យទេសចរណ៍ផ្ទាល់ ខ្ញុំបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺដ៏សាហាវនេះ ដូចសហការី និងមិត្តភ័ក្តិរបស់ខ្ញុំជាច្រើនទៀត ។ ផលប៉ះពាល់នេះមានច្រើន មិត្តភ័ក្តិខ្លះគាត់បានបាត់ការងារទំាងស្រុង សណ្ឋាគារបានបិទទ្វា ចំណែក សណ្គាគារខ្លះអាចដំណើរការដោយលំបាក គេអាចរកចំណូលបានតិចៗដើម្បីទប់ទល់ នៅក្នុងនោះយើងឃើញថា សណ្ឋាគារមួយចំនួនបានបន្តដំណើរការដោយសារគាត់បានទទួលយកភ្ញៀវដែលត្រូវធ្វើចត្តាឡីស័កឱ្យស្នាក់នៅ ។ និយាយពីមិត្តភ័ក្តិរបស់ខ្ញុំខ្លះ បានបាត់បង់ការងារទំាងស្រុង ឬអ្នកខ្លះបានប៉ះពាល់ចំណូលពី ១៥ ទៅ ៣០% ។ មានច្រើននាក់ បានងាកទៅប្រកបរបបរទទួលទានខាងវិស័យអចលនទ្រព្យ និងការរកស៊ីតាមអនឡាញជា   ដើម ។

២-តើជំងឺកូវីដ ១៩ នេះ ជាវិបត្តិធ្ងន់ធ្ងរតែមួយគត់ដែលវិស័យសណ្ឋាគារនៅកម្ពុជាបានជួបប្រទះ បើផ្អែកលើបទពិសោធន៍របស់លោកក្នុងកិច្ចការនេះប្រមាណ ៣០ ឆ្នាំមកនោះ ?

លោក ឌុក ណាវិន ៖ ដូចលោកបានដឹងអ៊ីចឹង ខ្ញុំបានបម្រើការងារនៅវិស័យនេះប្រមាណ ៣០ ឆ្នាំហើយ ។ និយាយពីឆ្នាំ ១៩៩៣ មក មានរឿងរាវជាច្រើនដែលយើងធ្លាប់បានជួបប្រទះ ។ លើកទី ១ គឺនៅកម្ពុជាយើងមានផ្ទុះឡើងនូវព្រឹត្តិការណ៍ ៧ កក្កដា ឆ្នាំ ១៩៩៧ ។ កាលនោះយើងបានរងផលប៉ះពាល់ ១ ឆ្នាំ ។ បន្ទាប់មកជាព្រឹត្តិការណ៍លើកទី ២ គឺពិភពលោក មានករណីធ្ងន់ធ្ងរ ដែលជំងឺសាបានផ្ទុះឡើង ។ ជំងឺសាបានធ្វើឱ្យវិស័យសណ្ឋគារយើងរងផលប៉ះពាល់បាត់បង់ភ្ញៀវ ប្រមាណជាង ១ ឆ្នាំដែរ ។ នៅចុងឆ្នាំ ២០០៨ យើងបានជួបផលលំបាកជាមួយពិភពលោកមួយទៀត គឺវិបត្តិសេដ្ឋកិច្ចពិភពលោក ។ កាលនោះវិស័យសណ្ឋាគារយើងបានជួបព្យុះខ្លំាងដែលវិបត្តិនេះយើងគិតថា មិនធ្លាប់កើតមានដែរ ។ យើងទទួលរងផលប៉ះពាល់ប្រមាណជាពីរឆ្នាំ ។ ចាប់ពីឆ្នាំ ២០០៩ មកវិស័យទេសចរណ៍របស់យើងមានការរីកចម្រើនខ្លំាង រហូតដល់ឆ្នាំ ២០១៩ ដែលយើងមើលឃើញថា ការរីកចម្រើនរបស់យើងមិនភ្លាមមានពីមុនមកនោះទេ គឺយើងទទួលបានអ្នកទេសចរស្ទើរតែ ៧ លាននាក់ ។ ជាអកុសលចាប់ពីឆ្នាំ ២០១៩ មក ជំងឺ កូវីដ ១៩ បានផ្ទុះឡើង ហើយផលប៉ះពាល់នេះពិបាកកំណត់ពេលវេលាថា ពេលណាវានឹងចប់ណាស់ ។

៣ សម្រាប់លោកបានមើលឃើញថា កូវីដ ១៩ បានបង្កផលប៉ះពាល់វិស័យសណ្ឋាគារនេះ កម្រិតណាដែរ ?

លោក ឌុក ណារិ ន ៖ ជាការមើលឃើញរបស់ខ្ញុំផ្ទាល់ វាស្ថិតពី ៧០ ទៅ ៨០% ដែលជាកម្រិតមួយខ្ពស់មែនទែនសម្រាប់ប្រទេសយើង ។

៤-ទោះយ៉ាងណាក្តីពេលនេះសកម្មភាពពលរដ្ឋក្នុងស្រុកនៅតែបន្តធ្វើដំណើរទេសរណ៍បាន ដែលនេះជាផ្នែកសំខាន់សម្រាប់ទ្រទ្រង់វិស័យសណ្ឋាគារ ទេសចរណ៍ ក៏ដូចជាចរន្តសេដ្ឋកិច្ចជាតិ តើសកម្មភាពក្នុងស្រុកនេះ អាចជួយកម្រិតណាដែលដល់សណ្ឋគារ និងផ្ទះសំណាក់នោះ ?

លោក ឌុក ណារិន ៖ បើយើងក្រឡេកមើលរបាយការណ៍ក្រសួងទេសចរណ៍នៅក្នុងឆ្នាំ ២០១៩ ឃើញថា ពលរដ្ឋយើងបានដើរកម្សាន្តប្រមាណ ៥ លាននាក់ ហើយបរទេសមានជិត ៤ លាននាក់ ។ មកដល់ឆ្នាំ ២០២០ ដំណើរកម្សាន្តពលរដ្ឋក្នុងស្រុកថយចុះជិត ៥០% មានតែជាង ២ លាននាក់ប៉ុណ្ណោះ ឬភ្ញៀវបរទេស មានតែ ១លាននាក់កន្លះ ។ ចំនួនបានថយចុះទៀតនៅឆ្នាំ ២០២១ នេះ ។ ចំណែកនៅឆ្នាំ ២០២១ បន្តថយចុះ ។ ដូច្នេះផលប៉ះពាល់ធ្ងន់ធ្ងរណាស់ ។ ប៉ុន្តែខ្ញុំនៅតែជឿជាក់លើយន្តការរបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងទេសចរណ៍ដែលបានដាក់ចេញជាបន្តបន្ទាប់ ។ ខ្ញុំមើលឃើញថា ក្រោយពីពលរដ្ឋទទួលបានវ៉ាក់សំាងកាន់តែមានចំនួនច្រើន ពិសេសរហូតដល់ ១០ លាននាក់ តាមផែនការរបស់រាជរដ្ឋាភិបាល នៅពេលនោះអ្នកដើរកម្សាន្តក៏នឹងកើនឡើងហើយមានប្រយោជន៍សំខាន់ណាស់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ ក៏ដូចជាវិស័យសណ្ឋគារយើង ។

៥-ក្រសួងទេសចរណ៍ បានកំពុងជំរុញអេកូទេសចរណ៍ តាមសហគមន៍ ខ្ញុំសង្កេតឃើញនៅក្នុងនោះមានលោកម្នាក់ដែរ ដែលកាលពីឆ្នាំ ២០១៩ លោកបានចុះសហគមន៍ ចូលរួមបណ្តុះបណ្តាល អ្នកភូមិរៀបចំសហគមន៍ទេសចរណ៍ យើងយល់ឃើញពីសក្តានុពលអេកូទេសខចរណ៍នេះយ៉ាងមេចដែរ ? 

លោក ឌុក ណារិន ៖ ខ្ញុំសូមកោតសរសើរ និងគំាទ្រដល់ក្រសួងទេសចរណ៍ និងអ្នកពាក់ព័ន្ធទំាងអស់បានជំរុញអេកូទេសចរណ៍ ។ យើងមានសក្តានុពលច្រើនណាស់ ហើយអេកូទេសចរណ៍នេះ មានសារសំខាន់ក្នុងការលើកកម្ពស់ជីវភាពពលរដ្ឋសហគមន៍ដោយផ្ទាល់ ជាពិសេសការជំរុញដល់ការថែរក្សាបរិស្ថាន ធនធានធម្មជាតិរបស់យើង ។ ខ្ញុំមើលឃើញថា នេះជាឱកាសល្អណាស់ ដែលយើងងាកទៅស្តារ និងអភិវឌ្ឍន៍អេកូទេសចរណ៍ ។ សព្វថ្ងៃនេះយើងមើលឃើញអេកូទេសចរណ៍ដ៏សម្បូរបែបរបស់យើងនៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី និងខេត្តបាត់ដំបងជាដើមបានកំពុងអភិវឌ្ឍន៍ ៕