ខេត្តព្រៃវែង ៖ ផ្លូវជាតិលេខ៣១០ ប្រវែងជាង១គីឡូម៉ែត្រ ស្ថិតនៅក្នុងទីប្រជុំជនអ្នកលឿង ពេលនេះកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ និងបានបង្កការលំបាកយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ ដោយសារតែតួផ្លូវទាំងមូលពោរពេញទៅដោយភក់ល្បាប់ និងកន្លែងខ្លះមានជង្ហុកជ្រៅ ថែមទាំងដក់ទឹកពេញមើលទៅដូចជាស្រះទឹកទៅហើយ។
ផ្លូវដែលរងការខូចខាតនេះ តភ្ជាប់ពីផ្លូវជាតិលេខ១ ត្រង់ចំណុចកែងផ្សារអ្នកលឿង ចាក់ទៅដល់ខាងមុខសាលាឃុំព្រែកខ្សាយ(ខ) និងបានខូចខាតរយៈពេល២ទៅ៣ឆ្នាំមកហើយ ចំណែកខាងអាជ្ញាធរមូលដ្ឋាន បានព្យាយាមធ្វើការជួសជុលជាច្រើនលើកមកហើយដែរ ប៉ុន្តែផ្លូវនេះនៅតែខូចដដែល។
ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ បានអោយដឹងថា ផ្លូវជាតិលេខ៣១០ ក្នុងតំបន់ទីប្រជុំជនអ្នកលឿងនេះ រងការខូចខាតធ្ងន់ធ្ងរ ដោយសារតែក្រុមរថយន្តដឹកខ្សាច់ និងរថយន្តដឹកស្រូវធំៗបើកឆ្លងកាត់ទាំងថ្ងៃទាំងយប់ជារៀងរាល់ថ្ងៃ ម្យ៉ាងទៀតដោយសារផ្លូវនេះជាប្រភេទផ្លូវដី បូករួមមានភ្លៀងធ្លាក់មកញឹកញាប់ផងនោះ ទើបធ្វើអោយផ្លូវនេះរងនូវការខូចខាតទាំងស្រុងបែបនេះ។
ប្រជាពលរដ្ឋបន្តថា ដោយសារតែផ្លូវនេះ ពោរពេញទៅដោយភក់ល្បាប់ ពិបាកធ្វើដំណើរពេក ទើបប្រជាពលរដ្ឋនាំគ្នាស្នើសុំអោយខាងអាជ្ញាធរ និងមន្ត្រីជំនាញ មេត្តាជួយជួសជុលផ្លូវនេះឡើងវិញផង ដើម្បីអោយពួកគាត់បានធ្វើដំណើរឆ្លងកាត់ដោយសុខស្រួល លែងមានការព្រួយបារម្ភខ្លាចមានគ្រោះថ្នាក់ដូចសព្វថ្ងៃនេះទៀត។
ចំណែកលោកស្រី សេង ទៀង អភិបាលស្រុកពាមរក៍ បានមានប្រសាសន៍ថា ផ្លូវជាតិលេខ៣១០ ដែលកំពុងរងការខូចខាត និងទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនោះ អាជ្ញាធរឃុំស្រុកក៏បានដឹងដែរ ហើយក៏កំពុងព្យាយាមរកដំណោះស្រាយផងដែរ ប៉ុន្តែដោយសារផ្លូវនេះស្ថិតក្នុងគំរោងរបស់ថ្នាក់ជាតិ ទើបស្រុកពុំអាចលូកដៃទៅធ្វើបាន ហើយបើទោះជាត្រូវធ្វើ ក៏គ្មានកញ្ចប់ថវិកាដែរ ដូច្នេះកន្លងមក ខាងអាជ្ញាធរឃុំ និងស្រុក បានត្រឹមតែជួយជួសជុលក្នុងរូបភាពតិចតួច តាមរយៈការរៃអង្គាសថវិកាពីសប្បុរសជនក្នុងស្រុកតែប៉ុណ្ណោះ។
ដោយឡែកលោក អ៊ុន សុធា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានអោយដឹងថា ផ្លូវជាតិលេខ៣១០នេះ ស្ថិតនៅក្នុងគំរោងរបស់ថ្នាក់ជាតិ ដែលកំពុងគ្រប់គ្រងដោយក្រុមកងវិស្វកម្មក្រសួងមហាផ្ទៃ ហើយគេកំពុងធ្វើមកជិតដល់ទីប្រជុំជនអ្នកលឿងនេះហើយ។
លោក អ៊ុន សុធា បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ៣១០ នៅត្រង់តំបន់ទីប្រជុំជនអ្នកលឿង ប្រវែងជាង៧០០ម៉ែត្រ ពិតជាបានខូចខាតធ្ងន់ធ្ងរមែន ហើយដោយយោងតាមស្ថានភាពនេះ មន្ទីរសាធារណការខេត្ត បានលើកជាគំរោងដល់បញ្ចូលទៅក្នុងផែនការឆ្នាំ២០២២ ដោយធ្វើផ្លូវនេះឡើងវិញ ជាប្រភេទផ្លូវបេតុងតែម្តង ដោយមានទទឹង៨ម៉ែត្រ ដូច្នេះផ្លូវនេះអាចនឹងត្រូវបាន នៅក្នុងឆ្នាំ២០២២ខាងមុខ។
ចែករំលែកព័តមាននេះ