រាជធានីភ្នំពេញ ៖ តារាចម្រៀងដែលល្បីល្បាញតាមរយៈបទ «មេម៉ាយសប្បាយចិត្ត» នាង រ័ត្នរចនា បានប្រែប្រួលរូបរាងខ្លាំង បន្ទាប់ពីនាងបានព្យាយាមសម្រកគីឡូនៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ មហាជនបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលតារាចម្រៀងរូបនេះ បានបង្ហោះរូបភាពថ្មីៗរបស់ខ្លួនតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញពីរូបរាងថ្មីរបស់នាងដែលខុសប្លែកពីមុនស្ទើរទាំងស្រុង។
ធ្លាប់ពីរាងធាត់កន្ធែលស្ទើរ១០០គីឡូ តែពេលនេះ រិន រ័ត្នរចនា បានប្រែមករាងយ៉ាងស្វែលស្រស់ប្លែកទាំងស្រុង។ យ៉ាងណា នាងទទួលស្គាល់ថា ការសម្រកគីឡូរបស់នាងនាពេលនេះ គឺមួយផ្នែកធំក៏ដោយសារការប្រើប្រាស់បែបវេជ្ជសាស្ត្រផងដែរ ពោលគឺមិនមែនសម្រកបែបធម្មជាតិទាំងស្រុងនោះឡើយ។
ថ្លែងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូវនិច នាង រ័ត្ន រចនា បានអះអាងថា បន្ទាប់ពីនាងបានព្យាយាមសម្រកគីឡូប៉ុន្មានជា៤ទៅ៥ខែមកនេះ នាងក៏បានទទួលលទ្ធផលមួយគាប់ប្រសើរ។ នាងបញ្ជាក់ថា ចាប់តាំងពីនាងបូមខ្លាញ់ក្បាលពោះនោះមក គីឡូរបស់នាងបានចុះជាបន្តបន្ទាប់ ពោលគឺពីជាង៨០គីឡូ មកនៅត្រឹមជាង៥០គីឡូប៉ុណ្ណោះ។
នាងបន្ថែមថា ការចុះបានជាង២០គីឡូនេះ គឺដោយសារតែនាងបានព្យាយាមហាត់ប្រាណដូចជា ជិះកង់ ហាត់យូហ្កា និងញ៉ាំអោយទៀងទាត់ និងតិចជាងមុន។ យ៉ាងណា បើតាម រ័ត្ន រចនា ការទទួលនូវការចុះគីឡូនេះ មួយផ្នែកក៏នាងបានប្រើប្រាស់ថ្នាំសម្រកទម្ងន់ផងដែរ។
រ័ត្ន រចនា បានលើកឡើងទៀតថា ការសម្រកទម្ងន់របស់នាងនាពេលនេះ គឺមិនមានផលប៉ះពាល់អ្វីគួរអោយកត់សម្គាល់ទៅដល់សុខភាពរបស់នាងនោះឡើយ ដោយសារតែនាងមិនបានតមអាហារធ្វើអោយប៉ះពាល់ក្រពះនោះឡើយ។ នាងថា ការញ៉ាំទៀងទាត់ សម្រាកគ្រប់គ្រាន់ និងការព្យាយាមហាត់ប្រាណជាប្រចាំនោះ គឺជាកក្តាចាំបាច់ដែលធ្វើអោយយើងសម្រកគីឡូបានដោយជោគជ័យ។
ទោះជាយ៉ាងណា ការសម្រកគីឡូមកនៅត្រឹមនេះ គឺមិនទាន់ដល់កម្រិតដែលនាងចង់បាននោះឡើយ ពោលគឺនាងនឹងព្យាយាមសម្រកបន្ថែមពីគីឡូ៥៤បច្ចុប្បន្ន អោយមកត្រឹម៥០គីឡូ។
ដោយឡែកពាក់ព័ន្ធនឹងការងារសិល្បៈវិញ រ័ត្ន រចនា បានអះអាងថា ដោយសារសម័យកូវីដ គឺរូបនាង ក៏ដូចជាអ្នកសិល្បៈជាច្រើននាក់ទៀត មិនសូវបានចេញច្រៀងសម្តែងច្រើនដូចជាពេលកន្លងទៅនោះឡើយ។ នាងបញ្ជាក់ថា បច្ចុប្បន្ន នាងបានត្រឹមចេញច្រៀងដាក់តាមយូធូបប៉ុណ្ណោះ ខណៈពេលនាងនៅបន្តទទួលការហៅច្រៀងពីបណ្តាក្រុមហ៊ុននានាដដែល ដោយសារពេលនេះ នាងគឺជាអ្នកចម្រៀងឯករាជ្យ៕
ចែករំលែកព័តមាននេះ