បច្ចុប្បន្នការធ្វើដំណើរទៅមកក្នុងក្រុងបាងកក ប្រទេសថៃមានទាំងរថភ្លើង តាក់ស៊ី ឬរ៉ឺម៉កម៉ូតូគ្រប់ច្រកល្ហកសម្រាប់ជិះនៅទូទាំងទីក្រុង ប៉ុន្តែកាលពីបុរាណក្នុងរជ្ជកាលទី៥ មានតែយានមួយប្រភេទហៅថា «ឆៃកែវ» ធ្វើចរាចរទៅមកនៅតាមដងផ្លូវ ។
តាមប្រវត្តិនៃឆៃកែវ អ្នកដែលច្នៃប្រឌិតបង្កើតដំបូង គឺលោកអីុស៊ីមី យ៉ូស៊ូគី ជនជាតិជប៉ុន ដោយកែច្នៃពីគ្រែស្នែងភ្ជាប់ជាមួយកង់ និងពេញនិយមនៅប្រទេសជប៉ុន រហូតរីកសាយទៅដល់ប្រទេសចិន ។
ក្រោយមកជនជាតិចិនដែលជួញដូរតាមសំពៅពីចិនទៅប្រទេសថៃ បានទិញឆៃកែវដាក់តាមសំពៅជាច្រើនគ្រឿងយកទៅថ្វាយស្តេចថៃក្នុងរជ្ជកាលទី៤ ។
ក្រោយមកទៀតលោកហុង សៀង អ្នកជំនួញជនជាតិចិនបានទិញឆៃកែវដើមគំរូពីជប៉ុនយកទៅធ្វើអាជីវកម្មនៅប្រទេសថៃ គឺសម្រាប់ជួលដឹកទំនិញនៅក្រុងបាងកក ប៉ុន្តែអ្នកអូសគឺចិនទាជីវ ដែលទើបធ្វើចំណាកស្រុក ថ្មីៗ ហើយរកការងារធ្វើមិនបាន ។ ពួកគេអូសឆៃកែវ រហូតក្លាយជារទេះមួយដែលមហាជនទូទៅពេញនិយមជិះ ព្រោះតម្លៃឈ្នួលថោក រីឯអ្នកមានងាកទៅប្រើរថយន្តដែលចាប់ផ្តើមហូរចូលនៅក្នុងរជ្ជកាលទី៥ ។
ឈ្មួញចិនដែលរស់នៅក្នុងប្រទេសថៃសម្លឹងឃើញថារទេះប្រភេទនេះពេញនិយមច្រើន ក៏បញ្ជាទិញយកទៅលក់ ប៉ុន្តែមានប៉ុន្មានក៏មិនគ្រប់ ដូច្នេះហើយទើបផលិតឡើងដោយខ្លួនឯងនៅប្រទេសថៃ ព្រោះមានភាពងាយស្រួល និងថ្លៃថោក ដោយឱ្យជាងពីប្រទេសចិនចូលទៅបើករោងជាងផលិតឆៃកែវនៅក្រុងបាងកក ។ ជាបន្តបន្ទាប់ឆៃកែវរីកសាយភាយតាមខេត្តនៅទូទាំងប្រទេស ។
ឆៃកែវ ដែលផលិតក្នុងប្រទេសថៃមានលក្ខណៈស្រដៀងគ្នានៅជប៉ុន និងចិនដូចរាងកៅអីឈើ ប៉ុន្តែមានកង់ធ្វើពីឈើរុំអមកៅស៊ូ និងមានធ្នាក់ដាក់ជើង ។ លើសពីនេះមានដៃអូសធ្វើពីឈើរាងមូលចំនួន២ដើមលយចេញពីកន្លែងដាក់ជើងសម្រាប់ឱ្យមនុស្សអូស និងនៅខាងចុងឈើអូសទាំងសងខាងមានបន្ទះដែករឹបមិនឱ្យញែកពីគ្នា មានដែកកោងភ្ជាប់នៅខាងចុងឈើអូសទាំង២ដើម្បីដាក់ចុះនៅលើដី ៕
ចែករំលែកព័តមាននេះ