ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​បាក់ បង្គោល​ភ្លើង​ជាង ២០​ដើម នៅ​សង្កាត់​សំរោងក្រោម​

2 ឆ្នាំ មុន
  • ភ្នំពេញ

​ភ្នំពេញ​៖ ខ្យល់​កន្ត្រាក់ បាន​បក់បោក​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង ៥ និង ១៥​នាទី ល្ងាច ថ្ងៃទី​១៩ ខែកក្កដា​នេះ…

​ភ្នំពេញ​៖ ខ្យល់​កន្ត្រាក់ បាន​បក់បោក​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង ៥ និង ១៥​នាទី ល្ងាច ថ្ងៃទី​១៩ ខែកក្កដា​នេះ បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​ចំនួន ២៨​ដើម ដែល​ស្ថិតនៅតាម​បណ្ដោយ​មហាវិថី​ឈ្នះ​ឈ្នះ ចាប់​ពីមុខ​ក្លឹប​វាយ​កូន​ហ្គោល រ៉ូយ៉ាល់ ភ្នំពេញ ក្នុងភូមិ​សំរោង ទៅដល់​ភូមិ​ស្រែ​រា​ជ្ជៈ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បង្គោល​ភ្លើង​ទាំងនោះ បាន​បាក់​ដួលរលំ និង​ធ្លាក់​ខ្សែភ្លើង​រាយប៉ាយ​ពេញ​ដី​។ ចំណែក​ដើមឈើ​មួយចំនួន ក៏បាន​ដួលរលំ​ផងដែរ​។​

​ប្រជាពលរដ្ឋ បាន​និយាយថា នៅវេលា​ល្ងាច​ថ្ងៃទី​១៩​កក្កដា​នេះ មេឃ​បានចាប់ផ្ដើម​ងងឹត​យ៉ាងខ្លាំង រកកល់​ចង់​ភ្លៀង ខណៈនោះ​ពួកគាត់ បាននាំគ្នា​ប្រមូល​សម្លៀកបំពាក់ និង​សម្ភារៈ​ផ្សេង ដែល​ហាល​នៅក្រៅ​ផ្ទះ យក​ទុក​ក្នុងផ្ទះ ព្រោះ​ខ្លាច​ភ្លៀង​ទទឹក​។ ប៉ុន្តែ​ក្រោយមក មេឃ​អត់​មាន​ភ្លៀង​ឡើយ ស្រាប់​តែមាន​ខ្យល់​កន្ត្រាក់ កើតឡើង បក់បោក​យ៉ាងខ្លាំង គួរ​ឲ្យ​ខ្លាច​ទៅវិញ​។ ពេលនោះ ពួកគាត់​អត់​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ​ឡើយ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ប្រភព​ដដែល បាន​បន្តថា ខ្យល់​កន្ត្រាក់ មាន​រយៈពេល​ប្រមាណ​ត្រឹមតែ​ជាង ១០​នាទី​ប៉ុណ្ណោះ ក៏បាន​ស្ងប់ស្ងាត់​ទៅវិញ ទើប​ពួកគាត់​ហ៊ាន​ចេញ​ក្រៅ​ផ្ទះ ហើយ​បានឃើញ​បង្គោល​ភ្លើង បាក់​ដួលរលំ​ជាច្រើន​ដើម​។ ប៉ុន្តែ​ពួកគាត់ ក៏​ពុំ​ហ៊ាន​ចូលទៅ​ជិត​ទេ ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់ ត្រូវ​ខ្សែភ្លើង​ឆក់ បានត្រឹមតែ​ជួយ​រាយការណ៍ ជូន​នគរបាល ឲ្យ​ចុះទៅ​ពិនិត្យមើល​តែប៉ុណ្ណោះ​។​

​នគរបាល បាន​និយាយថា នៅ​ល្ងាច​ថ្ងៃទី​១៩​កក្កដា​នេះ ពិតជា​មាន​ខ្យល់​កន្ត្រាក់​បក់បោក​ខ្លាំង​មែន ហើយ​ក្រោយពេល​ស្ងប់ស្ងាត់​ខ្យល់ មាន​ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​បង្គោល​ភ្លើង បាក់​ច្រើន​ដើម ពេលនោះ កម្លាំង​នគរបាល​ប៉ុស្តិ៍​សំរោងក្រោម ក៏បាន​ចុះទៅ​ពិនិត្យមើល ហើយ​បានរាប់ចំ​នួន ឃើញ​បង្គោល​ភ្លើង ដែល​បាក់​សរុប​ចំនួន ២៨​ដើម​។​

​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ ខាង​នគរបាល បាន​រាយការណ៍​ភ្លាមៗ ទៅកាន់​ខាង​មន្ត្រី​អគ្គិសនី ដើម្បី​បិទ​ភ្លើង និង​ចុះមក​ពិនិត្យ ជួសជុល​ឡើងវិញ​៕ យន់ ស៊ីថា​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ