ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​រឿង​មេឃុំ​ក​ន្ទឺ​១យក​ដី​គម្រោង​ធ្វើ​ផ្សារ​សង់​វីឡា​ឱ្យ​​​កូន​

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ មន្ត្រី​មូលដ្ឋាន និងមន្ត្រី​រដ្ឋបាល​ស្រុក​បាណ​ន់មួយ​ចំនួន​បាន​ស្វះស្វែង​ប្រមូល​ឯកសារ​នានា និង សាក​សួរ​ព័​ត៌មាន​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ផង ដើម្បី​ហែក​ទម្លាយ​នូវ​អំពើ​ពុក​រលួយ ដែល​ផ្ដើម​ចេញពី​សំណុំរឿង​ដី​គម្រោង​សាងសង់​ផ្សារ​របស់​សហ​គម​ន៍​ក្នុង​ឃុំ​មួយ​កន្លែង ក្នុងស្រុក​បាណ​ន់…

ខេត្តបាត់ដំបង ​៖ មួយ​រយៈ​ចុង​ក្រោយ​នេះ មន្ត្រី​មូលដ្ឋាន និងមន្ត្រី​រដ្ឋបាល​ស្រុក​បាណ​ន់មួយ​ចំនួន​បាន​ស្វះស្វែង​ប្រមូល​ឯកសារ​នានា និង សាក​សួរ​ព័​ត៌មាន​ពី​មន្ត្រី​ពាក់ព័ន្ធ​មួយ​ចំនួន​ផង ដើម្បី​ហែក​ទម្លាយ​នូវ​អំពើ​ពុក​រលួយ ដែល​ផ្ដើម​ចេញពី​សំណុំរឿង​ដី​គម្រោង​សាងសង់​ផ្សារ​របស់​សហ​គម​ន៍​ក្នុង​ឃុំ​មួយ​កន្លែង ក្នុងស្រុក​បាណ​ន់ ដែល​គេ​ខ្សឹប​ខ្សៀវ​ត​ៗ​គ្នា​ថា ត្រូវ​លោក​មេឃុំ​នោះ ធ្វើ​របង​ថ្ម​ហ៊ុម​ព័ទ្ធ​យក​ទៅ​ប្រគល់​ឲ្យ​កូនប្រសារ សាងសង់​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ ដែល​គេ​សង្ស័យ​មានការ​ឃុំ​ឃិ​ន​ស្ងាត់​ៗ​ពី​មន្ត្រី​ជំនាញ និង អតីត​ចៅហ្វាយស្រុក​បាណ​ន់ កាលពី​អណ​ត្តិ​មុន​ផង។

ដី​គម្រោង​សម្រាប់​សាងសង់​ផ្សារ​នោះ ស្ថិត​នៅ​ក្នុងភូមិ​ថ្មី ឃុំ​ក​ន្ទឺ​១ ស្រុក​បាណ​ន់ ដែល​មាន​ទំហំ​ប្រមាណ​៥,០០០​ម៉ែត្រការ៉េ​(​នៅ​ខាងកើត​ទំនប់​ទឹក​ក​ង្ហ​ត​)​។ បើ​តាម​មន្ត្រី​ស្រុក​បាណ​ន់ បាន​និយាយ​ថា ដី​គម្រោង​ធ្វើ​ផ្សារ​នេះ​ជា​ដី​សហ​គម​ន៍ ដែល​ត្រូវ​បាន​អាជ្ញាធរ​មូលដ្ឋាន​រក្សា​ទុក ដែល​បាន​គូសវាស​ជា​ប្លង់​រួច​ស្រេច​សម្រាប់​សាងសង់​ផ្សារ កាលពី​អំឡុង​ឆ្នាំ​២០១១ ដែល​មានការ​ឯកភាព​គ្នា​ជា​ឯក​ឆ័​ន្ទ នៅ​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​មួយ​របស់​មន្ត្រី​មូលដ្ឋាន​។ មន្ត្រី​ដដែល​បាន​និយាយ​ថា កាលនោះ​លោក​ខ្លឹ​ង ហូរ ជា​មេឃុំ​ក​ន្ទឺ​១ តែ​សព្វថ្ងៃ​តំណែង​មេឃុំ​នេះ បាន​ធ្លាក់​ទៅ​លើ​លោក វ៉ា​ន់ ណែវ ដែល​ពី​មុន​លោក​ជា​ជំទប់​ទី​១​។ ពេល​បាន​ឡើង​ធ្វើ​ជា​មេឃុំ លោក វ៉ា​ន ណែវ ក៏​បាន​ប្រើ​ឧបាយកល​គ្រប់​មធ្យោបាយ ដើម្បី​រំលោភ​យក​ដី​គម្រោង​សាងសង់​ផ្សារ​របស់​សហ​គម​ន៏​ខាងលើ​នេះ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​តែ​ម្ដង​។

គេ​សង្ស័យ​មានការ​ឃប់ឃិ​ត​ជាមួយ​មន្ត្រី​ជំនាញ និងអតីត​អភិបាលស្រុក​បាណ​ន់​មុន គឺ​លោក​ជុំ ញ៉ ទើប​គម្រោង​ដី​ផ្សារ​រដ្ឋ​មួយ​នេះ​ធ្លាក់​ចូល​ក្នុង​ដៃឯក​ជន​។ បច្ចុប្បន្ន មេឃុំ​ក​ន្ទឺ​១ គឺ​លោក​វ៉ា​ន់ ណែវ បាន​យក​ដី​គម្រោង​ធ្វើ​ផ្សារ​ដែល​មាន​ទំហំ​កន្លះ​ហិច​តា​នេះ ប្រគល់​ទៅ​ឲ្យ​កូនប្រសារ​របស់​គាត់ ឈ្មោះ យិ​ន ធា ភេទ​ប្រុស ដែល​ជា​អ្នកមាន​ទ្រព្យ​ស្ដុកស្ដម្ភ​ម្នាក់​នៅ​តំបន់​នោះ ហើយ​បាន​សាងសង់​ភូមិ​គ្រឹះ​យ៉ាង​ស្គឹ​ម​ស្កៃ និង បាន​ធ្វើ​របង​ថ្ម​ហ៊ុមព័ទ្ធ​យ៉ាង​រឹង​មាំ​ដូច​កំផែង​វាំង​។ មន្ត្រី​មូលដ្ឋាន បាន​បញ្ជាក់​ថា សព្វថ្ងៃ​សំណង់​ភូមិ​គ្រឹះ​របស់​លោក​យិ​ន ធា កូនប្រសា​រលោក វ៉ា​ន់ ណែវ បាន​និង​កំពុង​សាងសង់​នៅឡើយ​។

នៅ​ក្នុង​កំណត់ហេតុនៃ​កិច្ចប្រជុំ​ពិភាក្សា​របស់​មន្ត្រី​រដ្ឋបាល​ឃុំ​ក​ន្ទឺ​១ កាលពី​អំឡុង ខែមិថុនា ឆ្នាំ​២០១១ ដែល​មាន​សមាសភាព​មន្ត្រី​ចូលរួម​ចំនួន​០៦ ដឹកនាំ​ប្រជុំ​ដោយ​លោក ខ្លឹ​ង ហូរ មេឃុំ​ក​ន្ទឺ​១ (​សព្វថ្ងៃ​លោក​ខ្លឹ​ង ហូរ ចូល​និវត្ត​ន៏​) ស្ដី​ពី​ការ​«​កិច្ច​ពី​ភា​ក្សា​បញ្ហា​ដី​នៅ​ចំណុច​ប្រឡាយ​ក​ង្ហ​ត និង ប្លង់​ដី​គម្រោង​ទីផ្សារ​»​។ កំណត់ហេតុ​ប្រជុំ ដែល​កោះសន្តិភាព​ទ​ទូល​បាន គឺ នៅ​ក្នុង​កិច្ចប្រជុំ​នោះ មន្ត្រី​ទាំង​០៦​រូប​បាន​ឯកភាព​គ្នា​លើ​គម្រោង​​ដី​ផ្សា​រម​នេះ ដែល​មាន​គំនូស​ប្លង់​ផ្សារ​រួច​ជា​ស្រេច​ផង​។ មិនតែប៉ុណ្ណោះ កិច្ចប្រជុំ​នេះ​ក៏​បាន​និយាយ​ពី​ការ​បែងចែក​ប្លង់​ដី​នៅ​ចំណុច​ជុំវិញ​ផ្សារ​ផង​ដែរ​។

ដោយឡែក​ បើ​ពិនិត្យ​លើ​គំនូស​ប្លង់​ទីតាំង​ផ្សារ​វិញ គឺ គេ​បាន​បែងចែក​សម្រាប់​ទីតាំង​ដី​ផ្សារ មាន​ផ្លូវ​ជុំវិញ​ផ្សារ និង មាន​ដី​សម្រាប់​សង់ផ្ទះ​ល្វែង​ជុំវិញ​ផ្សារ​ទៀត​ផង​។ ប៉ុន្តែ​បើ​តាម​មន្ត្រី​រដ្ឋបាល​ស្រុក​ម្នាក់​សុំ​មិន​ប្រាប់​ឈ្មោះ បាន​ប្រាប់​កោះសន្តិភាព​ កាលពី​ស​ប្ដា​ហ៍មុន​ថា ក្រោយ​ពី​អាជ្ញាធរ​បាន​ឯកភាព​កំណត់​យក​ដី​ចំណុច​ខាងលើ​ធ្វើ​ផ្សារ ប្រជាពលរដ្ឋ​មួយ​ចំនួន បាន​នាំ​គ្នា​ទៅ​ទិញ​ដី​ជុំវិញ​ដី​គម្រោង​ផ្សារ​នោះ ដែល​ជា​ចំណែក​ដី​មួយ​ផ្នែក នៃ​ដី​គម្រោង​ផ្សារ ដើម្បី​សង់ផ្ទះ​គ្រាន់​លក់ដូរ​។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ក្រោយ​ពី​ដឹង​ថា លោក វ៉ា​ន់ ណែវ មេឃុំ​ក​ន្ទឺ​១ សព្វថ្ងៃ​បាន​យក​ដី​នោះ​ធ្វើ​ជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​បង្ខំចិត្ត​លក់​ដី​នោះ​វិញ​ទៅ​ឲ្យ​លោក វ៉ា​ន់ ណែវ រីឯ​ខ្លះ​ទៀត​ទុក​ដី​ចោល រួច​នាំ​គ្នា​ធ្វើ​ចំណាកស្រុក ដោយសារ​តែ​កូនប្រសា​រលោក មេឃុំ​រូប​នេះ ធ្វើ​របង​ថ្ម​បិទ​ជិត​ផ្លូវ​ចេញចូល រីឯ​គម្រោង​ធ្វើ​ផ្សារ​ក៏​ត្រូវ​បរាជ័យ​ទៀត​។

ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ លោក វ៉ា​ន់ ណែវ មេឃុំ​ក​ន្ទឺ​១ បាន​រៀបរាប់​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា គម្រោង​ដី​ធ្វើ​ផ្សារ​ខាងលើ​នេះ ពិតជា​មាន​មែន​តាម​រយៈ​កិច្ចប្រជុំ​មួយ កាលពី​ជំនាន់​លោក ខ្លឹ​ង ហូរ ធ្វើ​មេឃុំ​។ លោក បាន​បន្ត​ថា កាលនោះ​យើង​បាន​រៀបចំ​គំនូស​ប្លង់​ទីតាំង​ផ្សារ មាន​ផ្លូវ​ជុំវិញ​ផ្សារ មាន​តូប​លក់ដូរ ដែល​បាន​គូសវាស​រួច​ហើយ​។ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​លោក វិត វុត មេ​ភូមិ​ថ្មី បាន​លួច​លក់​ដី​ផ្លូវ​នៅ​ផ្នែក​ខាង​មុខ​ដី​ផ្សារ ធ្វើ​ឲ្យ​ផ្សារ​នេះ​គ្មាន​ផ្លូវ​ចូល ទើប​លោក​ច​ចារ​ជាមួយ​មន្ត្រី​ជំនាញ និង លោក​ជុំ ញ៉ កាលនោះ​លោក​នៅ​ជា​អភិបាលស្រុក​បាណ​ន់ អណ​ត្តិ​មុន ដើម្បី​សុំ​ដោះ​ដូរ​ដី​ផ្សារ​នេះ ហើយ​លោក​អភិបាលស្រុក ក៏​បាន​ចុះ​ពិនិត្យ​ជាក់ស្ដែង និង​បាន​ឯកភាព​គ្នា ទើប​លោក​សម្រេច​យក​ដី​ផ្សារ ជា​ថ្នូរ​និង​ដី​កូន​របស់​លោក ដែល​មាន​ទំហំ​ធំ​ជា​ដី​ផ្សារ​នេះ​បន្តិច ដែល​មា​នទី​តាំងនៅ​ក្បែរ​ៗ​គ្នា​នោះ​ដែរ​។

នៅ​ពេល​សួរ​ថា មាន​មតិ​ជា​ច្រើន ក្នុង​នោះ​ក៏​មាន​មន្ត្រីឃុំ មន្ត្រី​ស្រុក​ផង​ដែរ បាន​និយាយ​ថា លោក​បាន​ទិញ​ដូរ ឬ បាន​ចំណាយ​លុយ​ទៅ​ឲ្យ​មន្ត្រី​ជំនាញ ឬ លោក​អភិបាលស្រុក​ខ្លះ​ៗ ទើបបាន​ដី​ផ្សារ​នេះ តើ​រឿង​នេះ​យ៉ាងម៉េច​ដែរ ? លោក វ៉ា​ន់ ណែវ ហាក់​មិន​មានការ​ភ្ញាក់ផ្អើល​អ្វី​ទេ តាម​រយៈ​ការ​ឆ្លើយ​តប​របស់​លោក​។ លោក​មេឃុំ​រូប​នេះ បាន​ផ្ដល់​ចម្លើយ​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​មិន​បាន​ទិញ​ដី​ផ្សារ​នោះ​ទេ តែ​ជា​ការ​ដោះ​ដូរ​ដី​កូន​ខ្ញុំ ដែល​នៅ​ក្បែរ​នោះ​។ ខ្ញុំ​គិត​ថា គម្រោង​ដី​ផ្សារ​នោះ គ្មាន​ផ្លូវ​ចេញចូល​ក្រោយ​មេ​ភូមិ​លួច​លក់​ដី​ផ្លូវ​ចូល​ខាង​មុខ ទើប​ខ្ញុំ​សុំ​ដោះ​ដូរ​ដី ហើយ​លោក​ជុំ ញ៉ និង មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​និង​បាន​ឯកភាព​គ្នា​ដោះ​ដូរ មិនមែន​ខ្ញុំ​ទិញ​ទេ បើ​មិន​ជឿ​ទៅ​សួរ លោក ជុំ ញ៉ ទៅ ដែល​កាលនោះ​គាត់​នៅ​ជា​អភិបាលស្រុក​បាណ​ន់​»​។

ពាក់ព័ន្ធ​នឹង​ករណី​នេះ មន្ត្រី​ស្រុក​បាណ​ន់ ក៏​ដូច​ជា​មន្ត្រី​មូលដ្ឋាន​មួយ​ចំនួន​ដែរ សុទ្ធតែ​បាន​ដាក់​ការ​សង្ស័យ​ប្រហាក់ប្រហែល​គ្នា​ថា គ្មាន​ការ​ដោះ​​ដូរ​ដី​រវាង​គម្រោង​ដី​ផ្សារ ជាមួយ​ដី​កូនលោក វ៉ា​ន់ ណែវ នោះ​ទេ ហើយ​ក៏​គ្មាន​មន្ត្រី​ជំនាញ ឬ មន្ត្រី​រដ្ឋបាល​ស្រុក ចុះ​ពិនិត្យ​និង​គូស​ប្លង់​ផ្សារ​ជា​ថ្មី លើ​ដី​របស់​កូនលោក​មេឃុំ​ដែរ​។ ព្រោះ​នៅ​សាលាស្រុក គ្មាន​មន្ត្រី​រូប​ណា​បានដឹង​អំពី​ការ​ដោះ​ដូរ​ដី​ផ្សារ​នេះ​ទេ​។ មន្ត្រី​ក្រុមប្រឹក្សា​ស្រុក ក៏​ដូច​មន្ត្រីឃុំ បាន​លើក​ឡើង​ថា ប្រសិនបើ​មានការ​ដោះ​ដូរ​ដី​ផ្សារ​ខាងលើ​នេះ​មែន តាម​និ​តិ​វិធី​រដ្ឋបាល​ស្រុក ឬ រដ្ឋបាល​ឃុំ ត្រូវ​មានការ​ប្រជុំ​ពិភាក្សា​គ្នា​ជា​មុន ហើយ​បើ​មានការ​ឯកភាព​ក្នុង​កិច្ចប្រជុំ ទើប​អាច​ធ្វើ​ទៅ​បាន​។ ប៉ុន្តែ​កន្លង​មក ​គេ​មិនឃើញ​សាលាស្រុក ឬ សាលាឃុំ មានការ​ប្រជុំ​ពិភា​ក្សា​រឿង​ដោះ​ដូរ​ដី​ផ្សារ​ខាងលើ​នេះ​ទេ ស្រាប់តែ​ស្ងាត់​ៗ​គម្រោង​ដី​ផ្សារ​ខាងលើ ធ្លាក់​ទៅ​ក្នុង​ដៃ​លោក វ៉ា​ន ណែវ មេឃុំ​ក​ន្ទឺ​១​។ មន្ត្រី​ភាគច្រើន និង ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​មូលដ្ឋាន​បានដឹង​រឿង​នេះ​ នៅ​ពេល​លោក​មេឃុំ ឲ្យ​កូនប្រសារ​ធ្វើ​របង​ថ្ម​ហ៊ុមព័ទ្ធ រួច​សាងសង់​ភូមិ​គ្រឹះ​យ៉ាង​ធំ​ស្កឹម​ស្កៃ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​។ ដូច្នេះ​ ករណី​នេះ អាច​ជា​ការ​ឃុំ​ឃិ​ត​គ្នា​រវាង​លោក​វ៉ា​ន់ ណែវ មេឃុំ​ក​ន្ទឺ​១ ជាមួយ​មន្ត្រី​ជំនាញ និង លោក ជុំ ញ៉ អតីត​អភិបាលស្រុក​បាណ​ន់ កាលដែល​លោក​នៅ​មាន​អំណាច គ្រប់គ្រង​អាណាចក្រ​ស្រុក​បាណ​ន់​។

ពាក់ព័ន្ធ​នឹង​ប្រវត្តិ​គម្រោង​ដី​ផ្សារ​នេះ​ដែរ អតីត​មេឃុំ​ក​ន្ទឺ​១ ដែល​បាន​ផ្ដូ​ច​ផ្ដើម​កិច្ចប្រជុំ​ពិភាក្សា​បង្កើត​ផ្សារ​ឃុំ​ក​ន្ទឺ​១ គឺ​លោក ខ្លឹ​ង ហូរ បាន​ថ្លែង​ប្រាប់​កោះសន្តិភាព​ដែរ​ថា តាម​ពិត​គម្រោង​ដី​ធ្វើ​ផ្សារ​ខាងលើ​នេះ គឺ​មាន​ផែនការ​យូរហើយ​តាំង​អំពី​ជំនាន់​លោក កុយ គឿ​ន មេឃុំ​ក​ន្ទឺ​១ មុន​លោក​ទៅ​ទៀត​។ ប៉ុន្តែ​នៅ​ពេល​លោក​ធ្វើ​ជា​មេឃុំ លោក​ក៏​បាន​ប្រជុំ​មន្ត្រីឃុំ ដើម្បី​រៀបចំ​បង្កើត​ផ្សារ​នេះ តែ​ក៏​ជា​គំនិត​ចាប់ផ្ដើម​របស់​លោក វ៉ា​ន់ ណែវ ដែរ​ដែល​កាលនោះ​លោក​ជា​ជំទប់​ទី​១​។ អតីត​មេឃុំ​ក​ន្ទឺ​១ រូប​នេះ​បាន​និយាយ​ដូច្នេះ​ថា «​ក្រោយ​ពី​ដឹង​ថា ដី​ផ្សារ​នេះ​ធ្លាក់​ក្នុង​ដៃ​មេឃុំ​សព្វថ្ងៃ ប្រជាពលរដ្ឋ​ដែល​ទិញ​ដី​នៅ​ជុំវិញ​ផ្សារ​បាន​ផ្ទុះ​ការ​តវ៉ា​ជា​បន្តបន្ទាប់ តែ​កាលនោះ​គេ​មិន​បាន​ហៅ​ខ្ញុំ ទៅ​បំភ្លឺ​ទេ ព្រោះ​ខ្ញុំ​ដឹង​រឿង​នេះ​ច្បាស់​។ ខ្ញុំ​មិន​ជឿ​ថា មានការ​ដោះ​ដូរ​ដី​ស្អី​ទេ​..! ចុះបើ​មានការ​ដោះ​ដូរ ហេតុ​អ្វី​មិន​មានការ​ប្រជុំ​ពិ​ភា​គ្សា​ក្រុមប្រឹក្សា​ឃុំ ? ចុះ​ហេតុ​អ្វី បានជា​មន្ត្រី​ស្រុក មន្ត្រីឃុំ មួយ​ចំនួន​មិន​បានដឹង​រឿង​នេះ ? ខ្ញុំ មិន​ចង់​និយាយ​រឿង​នេះ​ឲ្យ​ស៊ីជម្រៅ​ទេ ព្រោះ​ខ្លាច​គេ​ចោទ​ខ្ញុំ​ថា ជា​ជន​អគតិ​..»​។

កោះសន្តិភាព​មិន​អាច​ទំនាក់ទំនង សុំ​ការ​បំភ្លឺ​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ដី​ផ្សារ​ឃុំ​ក​ន្ទឺ​១​ខាងលើ​នេះ​ពី​លោក ជុំ ញ៉ អតីត​អភិបាលស្រុក​បាណ​ន់ បាន​ទេ​នៅ​រសៀល​ថ្ងៃ​ទី​១៩ កក្កដា​។ រីឯ​លោក ប៉ែន សារី​យូ អភិបាលស្រុក​បាណ​ន់ បច្ចុប្បន្ន​ដែល​បន្ត​តំណែង​ពី​លោក ជុំ ញ៉ ក៏​មិន​អាច​សុំ​ការ​ពន្យល់​បាន​ដែរ ដោយសារ​ទូរស័ព្ទ​របស់​លោក​គ្មាន​អ្នក​ទ​ទូល​។ យ៉ាងណា​ក្ដី ទីតាំង​គម្រោង​ដី​ផ្សារ​ដែល​មាន​ទំហំ​កន្លះ​ហិច​តា ដែល​ធ្លាក់​ក្នុង​ដៃ​កម្ម​សិទ្ធ​របស់​លោក វ៉ា​ន់ ណែវ មេឃុំ​ក​ន្ទឺ​១ នេះ​បច្ចុប្បន្ន​ត្រូវ​បានកូន​របស់​គាត់​ធ្វើ​របង​ថ្ម​ហ៊ុំ​ព័ទ្ធ​ទាំង​ផ្ទៃដី បិទ​ទាំង​ផ្លូវ​ចេញចូល ហើយ​កំពុង​សាងសង់​ភូមិ​គ្រឹះ​យ៉ាង​ធំ​មហិមា​។

បើ​តាម​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​កាន់កាប់​ដី​ផ្សារ លោក​មេឃុំ​រូប​នេះ មិន​ត្រិ​ម​តែ​ធ្វើ​របង​បិទផ្លូវ​ទេ ថែម​ទាំង​បាន​លក់​ដី​ចំណី​ផ្លូវ​នៅ​ក្បែរ​នោះ​អស់​គ្មាន​សល់​ទៀត​ផង ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​គ្មាន​ផ្ឡូ​វ​ចេញចូល​ផ្ទះ​។ ដូច្នេះ​មន្ត្រី​នានា បាន​ស្នើ​ទទូច​ដល់​ថ្នាក់ដឹកនាំ​ខេត្ត ឬ ក្រសួងមហាផ្ទៃ គួរតែ​ចុះ​ពិនិត្យ​ជាក់ស្ដែង​លើ​ទីតាំង​ដី​ផ្សារ​របស់​ឃុំ​ក​ន្ទឺ​១ ដែល​ពេល​នេះ​បាន​ធ្លាក់​ក្នុង​ដៃ​លោក​មេឃុំ ជា​កម្ម​សិទ្ធ​ឯកជន ខណៈ​ដី​ថ្នូរ​មិនដឹង​នៅ​កន្លែង​ណា​ឲ្យ​ប្រាកដ​។ ពេល​នេះ​ទាំង​មន្ត្រី ទាំង​ប្រជាពលរដ្ឋ​កំពុង​រង្គោះរ​ង្កើ​សម្បើម​ណាស់​ជាមួយ​លោក​មេឃុំពាក់ព័ន្ធ​នឹង​សន្លឹក​ឆ្នោត ឬ បក្សនយោបាយ​ដោយសារ​តែ​រឿង​ដី​ផ្សារ​នេះ​៕​

អត្ថបទសរសេរ ដោយ