ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ធ្ងន់ធ្ងរ​! សុខ រ៉ា​ស៊ី រៀបចំ​ឯកសារ​ប្តឹង អ៊ិ​ន សុ​ភិន រឿង​បំណុល​ហើយ

1 ខែ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​រឿងរ៉ាវ​បំណុល​ជំពាក់​ប្រាក់​រវាង​ពិធីករ​លោក សុខ រ៉ា​ស៊ី និង​ថៅកែ​ផលិតកម្ម​មហាហង្ស នៅ​មិន​ទាន់​រលត់​កំ​ដៅ​នៅឡើយ​ទេ ខណៈ​ពេល​លោក សុខ រ៉ា​ស៊ី បាន​ត្រៀម​ឯកសារ និង​មេធាវី ដើម្បី​ប្តឹង​លោក អ៊ិ​ន សុ​ភិន

រាជធានី​ភ្នំពេញ ៖ រហូត​មក​ទល់​ពេល​រឿងរ៉ាវ​បំណុល​ជំពាក់​ប្រាក់​រវាង​ពិធីករ​លោក សុខ រ៉ា​ស៊ី និង​ថៅកែ​ផលិតកម្ម​មហាហង្ស នៅ​មិន​ទាន់​រលត់​កំ​ដៅ​នៅឡើយ​ទេ ខណៈ​ពេល​លោក សុខ រ៉ា​ស៊ី បាន​ត្រៀម​ឯកសារ និង​មេធាវី ដើម្បី​ប្តឹង​លោក អ៊ិ​ន សុ​ភិន តាម​ផ្លូវ​តុលាការ​។

លោក សុខ រ៉ា​ស៊ី បាន​សម្តែង​ការ​អស់សង្ឃឹម​យ៉ាង​ខ្លាំង​ចំពោះ​លោក អ៊ិ​ន​សុ​ភិន ដែល​មិន​ព្រម​ចេញ​មុខ​ដោះស្រាយ​បំណុល​ដែល​ជំពាក់​លោក ក្នុង​ពេល​ដែល​បាន​ទុក​ឱកាស​អោយ​ថៅកែ​ផលិតកម្ម​រូប​នេះ​ប្រមាណ​ជាមួយ​ឆ្នាំ​មក​ហើយ​។ ដោយសារ​មិនឃើញ​មានការ​ដោះស្រាយ​ណាមួយ​នោះ​លោក​ក៏​សម្រេចចិត្ត​ប្តឹង​លោក អ៊ិ​ន សុ​ភិន តាម​ផ្លូវច្បាប់ ដោយ​មិន​មានការ​លើកលែង​ឡើយ​។

ពិធីករ និង​តារា​សម្តែង​នៅ​ទូរទស្សន៍​ហង្ស​មាស លោក សុខ រ៉ា​ស៊ី បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា ពេល​នេះ​មេធាវី​របស់​លោក​កំពុង​រៀបចំ​ឯកសារ​ដាក់​ទៅ​តុលាការ ដើម្បី​ដំណើរ​ក្តី​ប្តឹង​លោក អ៊ិ​ន សុ​ភិន​។

លោក​បញ្ជាក់​ថា លោក​បាន​សម្រេច​ប្តឹង​លោក អ៊ិ​ន សុ​ភិន ដោយ​ទាមទារ​សំណង​ដែល​បាន​ជំពាក់​ចំនួន​១​ម៉ឺន​៥​ពាន់​៧​រយ​ដុល្លារ និង​លុយ​សងជំងឺចិត្ត​ចំនួន​២​ម៉ឺន​ដុល្លារ​ថែម​ទៀត​។ លោក​ថា ការ​ទាមទារ​លុយ​សង​ជំ​ងឹ​ចិត្ត​នេះ ដោយសារ​លោក អ៊ិ​ន សុ​ភិន បាន​ធ្វើ​អោយ​លោក​មានការ​ខូចខាត​ច្រើន ដែល​បានអោយ​លោករ​ត់ទៅ​ចងការ​គេ លក់​ឡាន លក់​ផ្ទះ ដើម្បី​យក​លុយ​មក​បង្វិល​សង​គេ​។

លោក សុខ រ៉ា​ស៊ី បាន​លើង​ឡើង​បន្ថែម​ថា កន្លង​មក លោក​បាន​ព្យាយាម​ទាក់ទង​លោក អ៊ិ​ន សុ​ភិន ជា​ច្រើន​លើក​ច្រើន​សារ​អោយ​លោក​ដោះស្រាយ​លុយ​ដែរ​ជំពាក់​នេះ ទោះ​សង​តាម​ដំណាក់កាល​ក៏​លោក​យល់ព្រម​។ ប៉ុន្តែ​លោក អ៊ិ​ន​សុ​ភី​ន ហាក់​មិន​អើពើ និង​បាន​ប្លុក​ឆាត​លោក​ចោល ក្នុង​ន័យ​គេចវេស​មិន​ដោះស្រាយ​។

យ៉ាងណា បើ​តាម​លោក សុខ រ៉ា​ស៊ី មាន​មិត្តភក្តិ​សិល្បករ​មួយ​ចំនួន ក្នុង​នោះ​ក៏​មាន​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផង​ដែរ បាន​ស្នើ​សុំ​អោយ​លោក​កុំអោយ​ប្តឹង ដោយ​អោយ​រក​វិធី​ដោះស្រាយ​តាម​សន្តិវិធី​។ ប៉ុន្តែ​បើ​ទោះបីជា​មានការ​ជួយ​និយាយ​ពី​មិត្តភក្តិ​ដែល​មានការ​ជិត​ស្និត​របស់​លោក អ៊ិ​ន សុ​ភិន ក៏​នៅ​មិន​អាច​ទទួល​បាន​ផល​ជា​វិជ្ជមាន​នោះ​ដែរ​។

លោក​បញ្ជាក់​ថា ដោយសារ​ឃើញ​បែប​នេះ លោក​មិន​អាច​នៅ​ស្ងៀម​មិន​ប្តឹង​បាន​ឡើយ ព្រោះ​បើ​បណ្តោយ​បែប​នេះ​ទៀត​វា​កាន់តែ​គ្រោះថ្នាក់​ដល់​អ្នកសិល្បៈ​ដទៃ​ទៀត​។ លោក​ថា កន្លង​មក តាម​ដឹង​លោក អ៊ិ​ន សុ​ភិន បាន​ធ្វើបាប​រឿង​លុយកាក់​នេះ ដល់​អ្នកសិល្បៈ និង​អ្នកធ្វើការ​ជាមួយ​លោក​ជា​ច្រើន​។ ទោះជា​យ៉ាងណា លោក សុខ រ៉ា​ស៊ី រំពឹង​ថា តុលាការ​នឹង​មាន​ភាព​យុត្តិធម៌ ដោះស្រាយ​រឿង​ក្តី​នេះ​ប្រកបដោយ​តម្លាភាព និង​ត្រឹមត្រូវ​តាម​ច្បាប់​។

ដោយឡែក​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ ចាងហ្វាង​ផលិតកម្ម​មហាហង្ស លោក អ៊ិ​ន សុ​ភិន បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា មក​ទល់​ពេល​នេះ លោក​បាន​និង​កំពុង​តែ​រង់ចាំ​សម្រាប់​ដោះស្រាយ​រឿង​នេះ​តាម​ផ្លូវ​តុលាការ​ដូច​គ្នា​។

លោក​បញ្ជាក់​ថា លោក​មិន​ចង់​បកស្រាយ​អ្វី​ច្រើន​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នោះ​ឡើយ ព្រោះ​លោក​នឹង​ធ្វើ​អ្វី​ទៅ​តាម​ដែល​គេ​ចង់បាន​។ លោក​ថា វា​មិន​មាន​អ្វី​ជា​បញ្ហា​ទេ​ចំពោះ​រឿង​នេះ ដោយសារ​យើង​មាន​ឯកសារ និង​មាន​មេធាវី​របស់​យើង ដើម្បី​តតាំង​រឿង​នេះ​តាម​ផ្លូវច្បាប់​។ យ៉ាងណា​លោក ក៏​ចង់អោយ​មានការ​ដោះស្រាយ​រឿង​នេះ​អោយ​ឆាប់​ចប់​តាម​ផ្លូវ​តុលាការ​ផង​ដែរ ដើម្បី​កុំអោយ​រឿង​វា​អូស​បន្លាយ និង​កាន់តែ​វែង​ឆ្ងាយ​ច្រើន​ជាង​នេះ​។

គួរ​បញ្ជាក់​ថា រឿងរ៉ាវ​រវាង​លោក សុខ រ៉ា​ស៊ី និង​លោក អ៊ិ​ន សុ​ភិន ខាងលើ​នេះ បាន​កើតឡើង បន្ទាប់​ពី​លោក អ៊ិ​ន សុ​ភិន មិន​បាន​ទូទាត់​លុយ​ថ្លៃ​ជួល​ឆាក និង​ភ្លើង​របស់​លោក សុខ រ៉ា​ស៊ី ដែល​មាន​ចំនួន​ជាង​១​ម៉ឺន​ដុល្លារ សម្រាប់​ដំណើរ​កាល​កម្មវិធី Miss Grand Cambodia ៕