ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខ្លះតាំងខ្លួនជាម្ចាស់ ខ្លះ​គាស់កំប៉ុងរករង្វាន់ ក្រោយ​ឡាន​ដឹកភេសជ្ជៈជួបគ្រោះ

2 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្ត​កំពង់ស្ពឺ​ ៖ រថយន្ត​ដឹក​គ្រឿង​ភេសជ្ជៈ​កំប៉ុង​​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​បុកជាមួយ​​រថយន្ត ​បណ្ដាល​ឲ្យ​ក្រឡាប់

​ខេត្ត​កំពង់ស្ពឺ​ ៖ រថយន្ត​ដឹក​គ្រឿង​ភេសជ្ជៈ​កំប៉ុង​​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​​បុ.កជាមួយ​​រថយន្ត ​បណ្ដាល​ឲ្យ​ក្រឡាប់ចាក់​ភេសជ្ជៈ​ចោល​ពេញ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ ​និង​​​​រងរបួស​មនុស្ស​​​២នាក់​​។

បន្ទាប់​ពី​កើតហេតុ​ គេ​ឃើញ​មនុស្ស​មួយ​ក្រុម​បាន​នាំ​គ្នា​ទៅ​គាស់​​កំប៉ុងភេសជ្ជៈ​ដើម្បី​​ស្វែងរក​រង្វាន់​ដែរ ​​ប៉ុន្តែ​​ត្រូវ​បាន​អាជ្ញាធរ​និង​សមត្ថកិច្ច​ធ្វើការ​រារាំង​មិន​ឱ្យ​មាន​សកម្មភាព​បែប​អាណា​ធិ​ប​តេ​យ្យ​របៀប​នេះ​ឡើយ​ ។ ទោះ​បី​ជា​យ៉ាងណា​ គេ​ក៏​ឃើញ​មាន​មនុស្ស​មួយ​ក្រុម​​ទៀត​បាននាំគ្នា​​មក​រៀបចំ​អីវ៉ាន់​ ​ដោយ​​តាំងខ្លួន​ថា​ ​ជា​ម្ចាស់​ទំនិញ​ ​ប៉ុន្តែ​​ត្រូវ​បាន​សមត្ថកិច្ច​ហាមឃាត់​ និង​មិន​ឲ្យ​ទៅ​ណា​ឡើយ ​រហូត​មក​ដល់​ពេល​នេះ​ភាគី​ខាង​ក្រុមហ៊ុន​បាន​ហៅ​រថយន្ត​ស្ទូច​មក​ស្ទូច​ ដោយ​មានការ​សម្របសម្រួល​ចរាចរណ៍​ពី​នគរបាល​ខេត្ត​ផង​ដែរ​។

យោង​តាម​របាយការណ៍​របស់​នគរបាល​ខេត្ត​បាន​បញ្ជាក់​ថា​ មាន​ករណី​រថយន្ត​បុ.ក​រថយន្ត​​​ខាងលើនេះ ក៏​​ជ្រុល​បុ.ក​បង្គោល​ភ្លើង និង​ផ្ទះ​ចំនួន​2​ខ្នង​។

ហេតុការណ៍​​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​1​និង​25​នាទី​​ឈានចូល​ថ្ងៃ​ទី​19 ខែកក្កដា ឆ្នាំ​2021 លើ​ផ្លូវជាតិ​លេខ​4 (42-43) ស្ថិត​ក្នុង​ភូមិ​ចំបក់ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

តាម​ប្រភព​ព័ត៌មាន​បានអោយ​ដឹង​ថា មាន​រថយន្តដឹកភេសជ្ជៈ​1​គ្រឿង ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ខៀវ​-​ស ពាក់​ស្លាក​លេខ ​ភ្នំពេញ 3F-2032 សណ្តោង​ស៊ឺ​មី​រ៉ឺ​ម៉ក​ពាក់​ស្លាក​លេខ​ ភ្នំពេញ 4A-7482 អ្នកបើកបរ​ឈ្មោះ ផា​ន ឌី​ណា ភេទ​ប្រុស អាយុ​25​ឆ្នាំ ​និង​​ព្រូ​ឈ្មោះ គិត ធី​ម ភេទ​ប្រុស អាយុ 20​ឆ្នាំ អ្នក​ទាំង​ពីរ រស់នៅ​ភូមិ​ស្រែ​ខ្ញែ ឃុំ​ពោ​ធី៍​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ​បានធ្វើ​ដំណើរ​​ពី​ទិស​ខាងកើត​ទៅ​ទិស​ខាងលិច លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​បាន​បុ.ក​​ជាមួយ​រថយន្ត1​គ្រឿង ម៉ា​កកូ​រ៉ូឡា ពណ៌​បៃតង ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ 2B-6836 អ្នកបើកបរ​ឈ្មោះ ហ៊ឹ​ម សំបូរ ភេទ​ប្រុស អាយុ 31​ឆ្នាំ រស់នៅ​ភូមិ​ត្បែ​ស ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ដែល​កំពុង​​ធ្វើដំណើរ​ក្នុង​ទិសដៅ​​បញ្ច្រាស​គ្នា បន្ទាប់​មក​រថយន្ត​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ​បាន​ជ្រុល​ទៅ​បុ.ក​បង្គោល​ភ្លើង1​ដើម និង​ផ្ទះ​​ប្រជាពលរដ្ឋ​ចំនួន2​ខ្នា​ង​ទៀត ។ ដោយឡែករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ក៏បានក្រឡាប់​​​​ចាក់គ្រឿងភេសជ្ជៈ​ពេញមុខផ្ទះប្រជា​ពលរដ្ឋ ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ម្ចាស់ផ្ទះរងគ្រោះ​​ទាំង​​២ខ្នង​ខាងលើ ក្នុងនោះ​​ម្ចាស់ផ្ទះទី​១-​ឈ្មោះ គី ចាន់​ឌី ភេទ​ស្រី អាយុ 58​ឆ្នាំ នៅ​ភូមិ​កើតហេតុ (​​បានរងការ​ខូចខាតបាក់ជើង​សរសរ​ផ្ទះអស់​1​ដើម​) និង​​ម្ចាស់​​ផ្ទះ​ទី​២-ឈ្មោះ គី ពិសិដ្ឋ ភេទ​ប្រុស អាយុ 41​ឆ្នាំ នៅ​ភូមិ​កើតហេតុ (​​បានរងការ​ខូចខាត​បាក់​សំយាប​ ត​មុខ​ផ្ទះ​)​ ។​

សមត្ថកិច្ច​បាន​បញ្ជាក់បន្ត​ថា ក្នុង​ហេតុការណ៍​នេះ បណ្ដាល​អោយ​គ្រោះថ្នាក់​​ដល់​មនុស្ស និង​ខូចខាត​សម្ភារ​ ដូច​ជា ​របួស​មនុស្ស2​នាក់​ ធ្ងន់1​នាក់ ​ឈ្មោះ​ គិត ធី​ម ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះនៅ​​មន្ទីរពេទ្យ ​និង​ខូចខាត​រថយន្ត2​គ្រឿង​យ៉ាង​ដំណំ​ ​ព្រមទាំង​បាក់​បង្គោល​ភ្លើង1ដើម បាក់​សរសរ​ផ្ទះ1​ដើម និង​សំយាប​ត​មុខ​ផ្ទះ ។

​ក្រោយពេលកើតហេតុ រថយន្ត​​ទាំង2​គ្រឿង កំពុង​ចាត់ចែង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ ដើម្បី​​ចាត់​ការ​បន្ត​នីតិវិធី​។

សមត្ថកិច្ច​បាន​បញ្ជាក់​ផង​ដែរ​ថា ​​បន្ទាប់ពីកើតហេតុ អ្នកបើកបរ​រថយន្ត​​ម៉ាក​ហ៊ី​យ៉ាន់​​ដាយ ​បាន​រត់គេច​ខ្លួន ​ប៉ុន្តែ​ស្គាល់​អត្តសញ្ញាណ​អ្នកបើកបរ​រូបនោះ តាម​ការ​បំភ្លឺ​របស់​ឈ្មោះ គិត ធី​ម ជា​ព្រូរថយន្ត ។​ នៅពេលករណី​គ្រោះថ្នាក់​​​ខាងលើ​នេះកើតឡើង ​​ប្រជា​ពល​រ​ដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ​បាន​លើក​ឡើង​ថា ​គ្រោះថ្នាក់​កើតឡើង​នៅ​ទី​នេះ ​បើ​នៅ​កន្លែង​ផ្សេង​វិញ​ ​ម៉្លេះ​សម​គ្រឿង​ភេសជ្ជដៈកំប៉ុង​ទាំងនេះ​មិន​សល់​នោះ​ទេ​ ព្រោះ​​មាន​សមត្ថកិច្ច​មក​ការពារ​​ប៉ុណ្ណឹង​ហើយ ​នៅ​តែ​​មាន​អ្នកខ្លះ​រើស​យក​កំប៉ុង​​ក្រពឹត​ៗ​គាស់​រក​មើល​រង្វាន់ ។ លើស​ពី​នេះ​ទៅ​ទៀត​ មាន​ជន​ឆ្លៀតឱ​កាស​មួយ​ក្រុម​​បំរុង​​ធ្វើ​សកម្មភាព​ជញ្ជូន​យក​ភេសជ្ជ​:​ទាំងនេះ​ដែរ​ ​ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​រារាំង​មិន​អោយ​ប្រមូល​យក​ចេញពី​កន្លែង​​កើតឡើយ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ