ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ចិត្ត​! ម្តាយ​លោក​សន វិ​ជ្ជ​បុត្រ ទទួល​មរណ​ភាព​យ៉ាង​​លឿន​​ដោយ​កូវីដ

2 ឆ្នាំ មុន
  • ភ្នំពេញ

នា​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ម្តាយ​របស់​លោក សន វិ​ជ្ជ​បុត្រ បាន​ទទួលមរណភាព ក្រោយ​ពេល​សម្រាក​នៅ​ទីតាំង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៃ​ស្តា​ត​អូ​ឡាំ​ពិ​ក

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២១ ម្តាយ​របស់តារាចម្រៀង ​លោក សន វិ​ជ្ជ​បុត្រ បាន​ទទួលមរណភាព ក្រោយ​ពេល​សម្រាក​នៅ​ទីតាំង​ព្យាបាល​ជំងឺ​កូ​វី​ដ​១៩ នៅ​ស្តា​ត​អូ​ឡាំ​ពិ​ក កាលពី​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០២១​។ លោក​វិ​ជ្ជ​បុត្រ និង​ក្រុម​គ្រួសារ មានការ​រន្ធត់​ចិត្ត និង​តក់ស្លុត​ជា​ខ្លាំង​នៅ​ពេល​ជួប​រឿង​ដ៏​សោកសង្រេង​បែប​នេះ ។

អ្វី​ដែល​លោក និង​សាច់ញាតិ​ចង់បាន គឺ​ចង់បាន​ស​.​ព​ម្តាយ​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត​ខេត្តព្រៃវែង ប៉ុន្តែ​ជា​ការ​លំបាក ព្រោះ​ករណី​បែប​នេះ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​ងាយ​ៗ​ឡើយ​។ ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ខ្លួន​បាន​ឆក់​យកអាយុ​ជីវិត​មនុស្ស​ជា​ច្រើន​នាក់​ហើយ​មួយ​រយៈ​នេះ​។ ករណី​ខ្លះ​ផ្សំ​ជាមួយ​ការមាន​ជំងឺប្រចាំកាយ​ផ្សេងៗ​ទៀត​មាននៅ​ក្នុង​ខ្លួន ឃើញ​ថា កាន់តែ​ធ្ងន់ធ្ងរ បើ​ទោះជា​មានការ​ព្យាយាម​ជួយ​សង្គ្រោះ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យ​យ៉ាងណា​ក្តី​។

ជា​ការ​កត់សម្គាល់ ជំងឺ​កូ​វី​ដ​១៩ មិន​ត្រឹមតែ​ឆក់​យក​ជីវិត​បងប្អូន​ប្រជាពលរដ្ឋ​មួយ​ចំនួន​នោះ​ទេ​។ សូ​ម្បី​តែ​សាច់ញាតិ​របស់​តារា​ដ៏​លេចធ្លោ​មួយ​ចំនួន ក៏​ឃើញ​ថា បាន​អស់​សង្ខារ​ដោយសារ​បញ្ហា​ខាងលើ​នេះ​ជា​ច្រើន​នាក់​ផង​ដែរ​។ ដូចនេះ សូម​បងប្អូន​ទាំងអស់ បន្ត​ការ​ការពារ «៣​កុំ ៣​ការពារ​» រក្សា​អនាម័យ រក្សា​គម្លាត មិន​ត្រូវ​ជួបជុំ​គ្នា​ច្រើន​។

លោក សន វិ​ជ្ជ​បុត្រ តារា​ចូល​ចិត្ត​ចែករំលែក​ភាព​មនុស្សធម៌ ជួយ​អ្នក​ក្រីក្រ តាម​ស្រុកភូមិ ហើយ​កំពុង​ជួប​ទុក្ខ​បាត់បង់​ម្តាយ បាន​និយាយ​ទាំង​សំឡេង​មួយ​ៗ​ថា «​ម្តាយ​របស់​លោក​មាន​ផ្ទុក​ជំងឺ​មួយ​ចំនួន មុន​ពេល​រក​ឃើញ​រោគ​សញ្ញា​កូ​វី​ដ​១៩​។ ម្តាយ​លោក​មក​សម្រាក​នៅ​មណ្ឌល​ព្យាបាល​កូ​វី​ដ​១៩ ក្នុង​ស្តា​ត​អូ​ឡាំ​ពិ​ក​តែ​២​ថ្ងៃ ក៏​ធ្វើទុក្ខ​រហូត​អស់​លទ្ធភាព​រស់រាន​»​។

លោក​បន្ត​ថា «​នេះ​ជាស​ភាព​មួយ​ដែល​លោក​ស្តាយ និង​បងប្អូន​ឯទៀត​ផង​ដែរ​។ លោក​អាណិតម្តាយ ហើយ​ម្នាក់​ៗ​ដែល​ជា​កូន​ចង់បាន​ស​.​ព លោក​មានគុណ​យក​ទៅ​ស្រុក​ធ្វើបុណ្យ ឧទ្ទិស​កុសល​។ ប៉ុន្តែ​នេះ​ជា​ការងារ​ដែល​ខាង​ពេទ្យ​ចាត់ចែង​ដែល មិន​ងាយ​បាន​ដូច​បំណង ហើយ​យើង​មាន​តែ​តាម​សួរនាំ​ខាង​ពេទ្យ​ថា ស​.​ព​ម្តាយ​គេ​បញ្ជូន​ទៅ​ខាង​ណា អោយ​ដឹង​ងាយស្រួល​យើង​តាម​ត្រកង​ធាតុ​មក​ធ្វើបុណ្យ​បន្ត​»​។ ជំងឺ​កូ​វី​ដ​១៩ មិនមែន​ជា​ការ​លេងសើច​ទេ ហើយ​គួរ​កុំ​មើល​ស្រាល ដើម្បី​កុំអោយ​មាន​វិបត្តិ​ទៅ​ថ្ងៃក្រោយ​។ លោក​មាន​តែ​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ម្តាយ សូម​ដល់ទី​ស្ងប់ចិត្ត​ផង​ចុះ​»​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ