ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ក្នុងស្រុក​ពួក ទទួល​បានការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​ដោយ​ឥត​គិតថ្លៃ

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ក្រោយ​ពេល​ទទួល​បាន​នូវ​ផែនការ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី…

ខេត្តសៀមរាប ៖ ក្រោយ​ពេល​ទទួល​បាន​នូវ​ផែនការ​ណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ បញ្ជាការដ្ឋាន​បញ្ជូន​សារ នៃ​អគ្គ​បញ្ជាការដ្ឋាន​ដឹកនាំ​ដោយ​លោក​ឧត្តម សេនីយ៍​ទោ ជុំ សុ​វ​ណ្ណា​រ៉ា មេបញ្ជាការ​រង បញ្ជាការដ្ឋាន​បញ្ជូន​សារ អគ្គ​បញ្ជាការដ្ឋាន ទទួល​ការងារ​ហ្វឹកហ្វឺន និង​ជា​ប្រធាន​ក្រុមការងារ​ចាក់​វ៉ាក់សាំង​ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប បាន​ដឹកនាំ​ក្រុមការងារ គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​របស់​បញ្ជាការដ្ឋាន​បញ្ជូន​សារ ដោយ​សហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និង​រដ្ឋបាល​ស្រុក​ពួក​ចុះ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ពួក ដោយ​មានការ​ចូលរួម​របស់​អាជ្ញាធរ​ស្រុក ឃុំ សមត្ថកិច្ច​នគរបាល សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ស្រុក និង​ប្រជា​ការពារ កាលពី​ចុង​ស​ប្តា​ហ៍​ថ្ងៃអាទិត្យ ទី​១៨ ខែកក្កដា ឆ្នាំ​២០២១​។

តាម​របាយការណ៍​បញ្ជាក់​របស់​លោក ស៊ិ​ន ចាន់​ថុ​ល អភិបាល​នៃ​គណៈ​អភិបាលស្រុក​ពួក បាន​ឲ្យ​ដឹង​ថា ផែនការ ក្នុង​ការ​ចាក់​វ៉ាក់សាំង​ចំនួន​ពីរ​គោលដៅ មាន​ចំនួន​១៩ ២៦១​នាក់ នៅ​ថ្ងៃ​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ក្នុង​ឃុំ​ពួក ដោយ​មាន​ក្រុម​គ្រូពេទ្យ​បញ្ជាការដ្ឋាន​បញ្ជូន​សារ អគ្គ​បញ្ជាការដ្ឋាន ចំនួន​៤២​នាក់ ចាក់​នៅ​មណ្ឌល​វត្ត​ខេមរា​សាមគ្គី​មន្នី​រង្សី និង​ទីចាត់ការ​បំភ័ន្ត​អក្ខរៈ អគ្គ​បញ្ជាការដ្ឋាន មាន​ក្រុម​គ្រូពេទ្យ ចំនួន​៤៥​នាក់ ចាក់​នៅ​មណ្ឌល​វត្ត​អម្ពរ​វ័​ន្ត ស្ថិ​ក្នុង​ឃុំ​ពួក ស្រុក​ពួក​។ លោក​បាន​បញ្ជាក់​ថា មណ្ឌល​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​គោលដៅ​នេះ គ្រប់​ដណ្តប់​ឃុំ​ចំនួន​៣ គឺ​ឃុំ​ពួក ,​ឃុំ​ខ្នាត និង​ឃុំ​សំរោង​យា ក្នុងស្រុក​ពួក ដែល​មាន​ប្រជាពលរដ្ឋ​ទទួល​ការ​ចាក់​វ៉ាក់សាំង សរុប​ចំនួន ២៤ ៤៩៨​នាក់​។

ម្យ៉ាងទៀត​ចំពោះ​ផែនការ​ក្នុង​ការ​ចាក់​វ៉ាកសាំង​នេះ រដ្ឋបាល​បាន​កំណត់​គោលដៅ​ចំនួន​៤​ទីតាំង ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ចំនួន ១៦៥ ៦៤២​នាក់ ដែល​ទទួល​ចាក់​វ៉ាក់សាំង​។ មាន​ប្រសាសន៍​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ទោ ជុំ សុ​វ​ណ្ណា​រ៉ា មេបញ្ជាការ​រង បញ្ជាការដ្ឋាន​បញ្ជូន​សារ អគ្គ​បញ្ជាការដ្ឋាន ទទួល​ការងារ​ហ្វឹកហ្វឺន និង​ជា​ប្រធាន​ក្រុមការងារ​ចាក់​វ៉ាក់សាំង បាន​បញ្ជាក់​ថា ដោយ​ទទួល​បាន​ផែនការ​ណែនាំ របស់​ប្រមុខ​រាជរដ្ឋាភិបាល និង​បទបញ្ជា​របស់​ក្រសួងការពារជាតិ និង​អគ្គ​បញ្ជាការដ្ឋាន និង​ផែនការ​របស់​រដ្ឋបាល​ខេត្តសៀមរាប ក្រុមការងារ​គ្រូពេទ្យ​បញ្ជាការដ្ឋាន​បញ្ជូន​សារ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​ពួក ស្រុក​ពួក ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នេះ​។

លោក​ក៏​បាន​បញ្ជាក់​ថា ចំពោះ​ផែនការ​ចាក់​វ៉ាក់សាំង​របស់​ក្រុម​គ្រូពេទ្យ យើង​បាន​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​សុវត្ថិភាព​នូវ​គ្រប់​វិនាទី ក្នុង​ពេល​ចាក់​វ៉ាក់សាំង​ជូន​បងប្អូន ក្រុមការងារ​បាន​គិត​អំពី​គម្លាត​សុវត្ថិភាព​ជា​ចម្បង​។ លោក​បាន​បញ្ជាក់​ផង​ដែរ​ថា ក្នុង​ផែនការ​ការងារ​ចាក់​វ៉ាក់សាំង ក្រុម​គ្រូពេទ្យ​ធ្វើ​ប្រតិបត្តិការ​ចាក់​ឲ្យ​បាន​ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន ២​ពាន់​នាក់ ទៅ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។ ម្យ៉ាងទៀត​ក្នុង​កិច្ច​ប្រតិបត្តិការ​ចាក់​វ៉ាក់សាំង​នៅ​ឃុំ​ពួក​យើង​នេះ ក៏​មានការ​ចូលរួម​សហការ​ពី​ក្រុម​គ្រូពេទ្យ​បំភ័ន្ត​អក្ខរៈ អគ្គ​បញ្ជាការដ្ឋាន ដើម្បី​ព​ន្លឿ​ន​ការ​ចាក់​ជូន​ប្រជាពលរដ្ឋ​មក​ទទួល​ចាក់​វ៉ាក់សាំង នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពួក​ទាំងមូល​ឲ្យ​បាន​រួចរាល់ និង​បន្ត​ទៅ​ធ្វើការ​ចាក់​នៅ​តាម​បណ្តា​ឃុំ​គោលដៅ​ដែល​រដ្ឋបាល​ស្រុក​បាន​កំណត់​ផង​ដែរ​។ ការ​ចាក់​វ៉ាក់សាំង​នេះ ក្នុង​គោលដៅ​កាត់​ផ្តាច់​ខ្សែចម្លង​ជំងឺ​កូ​វី​ដ​-១៩ ក្នុង​ការ​ការពារ​នូវ​សុខ​មា​ភាព​របស់​ប្រជាពលរដ្ឋ ដើម្បី​ធ្វើការ​ស្តារ​ឡើង​វិញ​នូវ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​សេដ្ឋកិច្ចជាតិ និង​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​។

លោក​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុងស្រុក​ពួក ជា​តំបន់​ប្រឈម​ទៅ​ហានិភ័យ​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដែល​ចាំបាច់​ក្រុម​កងទ័ព​អាវ​ស ធ្វើការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​ខ្លាំង​ឥត​ស្រមោល ឥត​ក្លិន ដ៏​កាច​សាហាវ​នេះ​។ ចំពោះ​សកម្មភាព​របស់​ប្រជាពលរដ្ឋ​បាន​មក​ទទួល​ចាក់​វ៉ាក់សាំង បាន​ដំណើរការ​ទៅ​ដោយ​រលូន និង​រក្សា​បាន​ពី​គម្លាត​សុវត្ថិភាព​ទៅ​តាម​ការ​ណែនាំ​របស់​ក្រុមការងារ ដោយ​គ្មាន​ការ​បង្ខិតបង្ខំ និង​ចាក់​ជូន​ដោយ​មិន​ប្រកាន់ពូជសាសន៍ និន្នាការ​នយោបាយ​អ្វី​នោះ​ឡើយ​។ លោក ក៏​បាន​ផ្តាំផ្ញើ និង​បញ្ជាក់​ជូន​បងប្អូន​ថា ក្រោយ​ពេល​ចាក់​រួច​រយៈពេល​២១​ថ្ងៃ ចូល​បងប្អូន​មក​ទទួល​ចាក់​វ៉ាក់សាំង​នូវ​ដូ​ស​ទី​២ ទោះបី​យើង​បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​ហើយ​ក្តី​ក៏​ត្រូវ​បងប្អូន​បន្ត​អនុវត្ត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ និង​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជា​ប្រចាំ​៕ ដោយ ៖ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ