ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុផល​ធំ​២​ជម្រុញ Robben សម្រេច​ចូល​និវត្តន៍​ពី​បាល់ទាត់​អាជីព​ជា​លើក​ទី​២

2 ឆ្នាំ មុន

ហូ​ឡង់ ៖ Arjen Robben អតីត​ខ្សែបម្រើ​ស្លាប​ឆ្នើម​ក្រុម Bayern Munich បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​អាជីព​ជា​លើក​ទី​២

ហូ​ឡង់ ៖ Arjen Robben អតីត​ខ្សែបម្រើ​ស្លាប​ឆ្នើម​ក្រុម Bayern Munich បាន​ប្រកាស​ចូល​និវត្តន៍​ពី​បាល់ទាត់​អាជីព​ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២១ កន្លង​ទៅ នៅ​ក្នុង​វ័យ​៣៧​ឆ្នាំ​។

អតីត​កីឡាករ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ បាន​សម្រេច​ព្យួរ​ស្បែក​ចូល​និវត្តន៍​ពី​បាល់ទាត់​ម្តង​រួច​មក​ហើយ​កាលពី​ឆ្នាំ​២០១៩​។ មុន​ពេល​សម្រេចចិត្ត​វិល​ត្រឡប់​មក​វិញ ដោយ​លេង​ឱ្យ​អតីត​ក្លិប​ចាស់ Groningen កាលពី​រដូវ​កាល​មុន ដែល​ជា​ក្លិប​ដំបូង​បំផុត​ក្នុង​ការ​ចាប់ផ្តើម​បាល់ទាត់​អាជីព​របស់​គេ​។

ហេតុផល​ធំ​ចំនួន​២​គឺ ដោយសារ​បញ្ហា​របួស និង​វិបត្តិ​ការ​រាតត្បាត​នៃ​វីរុស​កូ​វី​ដ​១៩ ដែល​ជម្រុញ​ឱ្យ​រូបគេ​សម្រេច​ព្យួរ​ស្បែក​ជា​លើក​ទី​២​។ Robben បាន​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Twitter ថា «​មិត្ត​បាល់ទាត់​ជាទី​ស្រឡាញ់​! ខ្ញុំ​បាន​សំរេចចិត្ត​បញ្ឈប់​អាជីព​បាល់ទាត់​របស់ខ្ញុំ​ហើយ​។ នេះ​ជា​ជម្រើស​ពិបាក​បំផុត​។ ខ្ញុំ​ចង់​ថ្លែងអំណរគុណ​ដល់​អ្នក​រាល់គ្នា​សម្រាប់​ការ​គាំទ្រ​ដ៏​កក់ក្តៅ​!»​។

សូម​រំលឹក​ថា Arjen Robben ចាប់ផ្តើម​អាជីព​បាល់ទាត់​ដំបូង​ជាមួយ​ក្លិប Groningen និង​បន្ត​អាជីព​ខ្លួន​ជាមួយ​ក្លិប PSV, Chelsea, Real Madrid និង Bayern Munich​។ ដោយ​រក​គ្រាប់​បាល់​បាន​២០៩​គ្រាប់ ពី​ការ​បង្ហាញខ្លួន​ចំនួន​៦១៤​ប្រកួត និង​បាន​ឈ្នះ​ពានរង្វាន់​សរុប​ចំនួន​១៣ ក្នុង​នោះ​រួម​មាន​ទាំង Eredivisie ១​លើក Premier League ២​លើក​, La Liga ១​លើក​, Bundesliga ៨​លើក និង​ធ្លាប់​ឈ្នះ Champions League ១​លើក​ផង​ដែរ​។

ជាមួយ​ក្រុម​ជម្រើសជាតិ​ហូ​ឡង់ Arjen Robben រកបាន​៣៧​គ្រាប់​ពី​ការ​បង្ហាញខ្លួន​៩៦​ប្រកួត ចាប់តាំងពី​ត្រូវ​កោះហៅ​ចូល​ក្រុម​ឈុត​ធំ​នៅ​ឆ្នាំ​២០០៣ មុន​ពេល​សម្រេច​ចូល​និវត្តន៍​កាលពី​ឆ្នាំ​២០១៧៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ